និស្សិត​កម្ពុជា និង​បុគ្គលិក​សិក្សា​ថ្មី​ជាង ៥០ នាក់ បានទទួល​អាហារូបករណ៍​សហភាព​អឺរ៉ុប

ភ្នំពេញ:
នៅក្នុង​ឆ្នាំ​២០១៦​នេះ និស្សិត​កម្ពុជា និង​បុគ្គលិក​សិក្សា ជាង ៥០​នាក់ បានទទួល​អាហារូបករណ៍ ១០០% ពី​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី​អាហារូបករណ៍ Erasmus+ ដើម្បី​ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប ក្នុង​រយៈពេល​ចន្លោះ​ពី ៦ ខែ ទៅ ២៤ ខែ និង ធ្វើជា គ្រូឧទ្ទេស​ទស្សនកិច្ច​សិក្សា​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ពី ៥ ទៅ ៦០​ថ្ងៃ​ផងដែរ​។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦​នា​ស្ថានទូត​សហភាព​អឺរ៉ុប​។​

​ជាមួយនឹង​អាហារូបករណ៍​ទាំងនេះ និស្សិត​នឹង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ចំនួន ២៤ ក្នុងប្រទេស​ចំនួន ១៤ ដែល​ស្ថិត ក្នុងចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប រួមមាន​ប្រទេស​អូទ្រីស ប៊ែ​ល​ហ្ស៊ិ​ក សាធារណរដ្ឋ​ឆែក អាល្លឺម៉ង់ បារាំង ហ្វាំ​ង​ឡង់ អៀរ​ឡង់ អ៊ីតាលី ហុង​គ្រី ហុ​ល្លង់ ប៉ូឡូញ ព័រទុយហ្កាល់ អេ​ស្ប៉ា​ញ និង​ស៊ុយអែត​។​

​ការសិក្សា​នឹង​គ្របដណ្ដប់​លើ​មុខវិជ្ជា​ផ្សេងៗ​គ្នា​មួយចំនួន​ដែល​រួមមាន​៖ កសិកម្ម វិ​ទ្យ​សាស្ត្រ​សត្វ និង​អាហារ ធុរៈកិច្ច គីមី ទំនាក់ទំនង អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម ជលផល ព្រៃឈើ ព័ត៌មានវិទ្យា គ្រប់គ្រង រដ្ឋបាល​សាធារណៈ និង​អភិវឌ្ឍន៍ជនបទ​។​

 ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា និង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បានរៀបចំ​ពិធី​ជូន​ដំណើរ ជ័យលាភី​អាហារូបករណ៍​សហភាព​អឺរ៉ុប​ថ្មី និង​ស្វាគមន៍​អ្នកសារព័ត៌មាន​ទាំងអស់ អញ្ជើញ​មក​ចូលរួម​ដើម្បី​ផ្ដិត​យក​នូវ​ព្រឹត្តិការណ៍​ទាំងមូល​នេះ​ផងដែរ​។​

​នៅ​ចន្លោះ​ឆ្នាំ ២០០៥ ដល់ ២០១៥ កម្មវិធី​អាហារូបករណ៍ Erasmus+ និង Erasmus Mundus ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​សិក្សា កម្ពុជា​ប្រមាណ​ជាង ៥០០ នាក់​រួចហើយ ដើម្បី​ទៅ​សិក្សា និង​បង្រៀន​នៅ​បណ្ដា​ប្រទេស​នានា​ក្នុង ទ្វីបអឺរ៉ុប​។​

​ក្រៅពី​អាហារូបករណ៍​ទាំងនេះ កម្មវិធី Erasmus+ ក៏បានផ្ដល់​ហិរញ្ញប្បទាន​ដល់​ការកសាង​សមត្ថភាព អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា (CBHE) ដែលមាន​គោលបំណង​គាំទ្រ​ដល់​ការធ្វើ​ទំនើបកម្ម​លទ្ធភាព​ទទួល បាន និង​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​បណ្ដា​ប្រទេស​ជា​ដៃគូ​ផងដែរ​។ គម្រោង​ចំនួន ៦ បាន​ចុះកិច្ចសន្យា​នៅក្នុង​ឆ្នាំ ២០១៥ ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា កម្ពុជា​ចំនួន ៨ ផ្សេងគ្នា​ដែល​រួមមាន​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា សាកលវិទ្យាល័យ​មានជ័យ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង ដើម្បី​ធ្វើជា​ដៃគូ​នៅក្នុង​ការអនុវត្ត​គម្រោង​ទាំងនេះ​។​

​អាហារូបករណ៍​សហភាព​អឺរ៉ុប​ទាំងនេះ គឺជា​ជំនួយ​បំពេញបន្ថែម​ទៅលើ​ការគាំទ្រ​ដ៏​ចម្បង​របស់ខ្លួន ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​សហភាព​អឺរ៉ុប និង​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​ដៃគូ សហការ​ដ៏​យូរអង្វែង​មកហើយ​៕s​/t