ថ្ងៃនេះ សាលា​រាជធានី​, គណៈកម្មការ​បុណ្យ និង​ក្រុម​គ្រួសារ​សព​លោក កែម ឡី ពិភាក្សា​គ្នា​ជុំវិញ​រឿង​ដង្ហែ​សព

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​​ថា កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩កក្កដា​ សាលា​រាជធានី​ភ្នំពេញ​បាន​ទទួល​រួច​ហើយ​លិខិត​របស់​ក្រុម​គ្រួសារ​សព​លោក កែម ឡី ដែល​ស្នើ​សុំ​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​តាម​គម្រោង​នឹង​ហែ​ចេញពី​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ យក​ទៅ​បញ្ចុះ​នៅ​ភូមិ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៦​។

បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹង​​ដែរ​ថា នៅ​ថ្ងៃ​ទី​២០កក្កដា​​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យសព ដើម្បី​ពិភាក្សា​ពី​តម្រាយ​ផ្លូវ​ដែល​ត្រូវ​ដង្ហែ ដើម្បី​ងាយស្រួល​សាលា​រាជធានី​ភ្នំពេញ​ចាត់ចែង​កម្លាំង​សម្រួល​ចរាចរណ៍ ​សណ្តាប់ធ្នាប់​ និង​សន្តិសុខ ៕