តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

​​​​​អាជ្ញាធរ​​តួកគី​​​​ ​បាន​​​​តាម​ប្រមាញ់​​​​រក​មុខ​អ្នក​​ប្រព្រឹត្ត​ ​និង​​អ្នក​នៅ​ពីក្រោយ​រដ្ឋ​ប្រហារ​មិនជោគជ័យ​​​​​​​​​​​ មាន​ចំនួន​​យ៉ាង​​​​តិច​​ ៤៥០០០​​នាក់​​​​ ដែល​​ខ្លះ​ត្រូវ​​​ឈម​​មុខ​​​នឹង​​​​ការ​ជាប់​ទោស​ ​ដាក់ពិន័យ ​និង​​​​​​បណ្ដេញ​​ចេញ​ពី​ការងារ​។

 

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

 

​អ្នក​​ទាំង​​នោះ​​មាន​​​​​ទាហាន​​​​ ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ​​​គ្រូ​បង្រៀន ​​ព្រឹទ្ធបុរស​​​តាម​សាកលវិទ្យាល័យ​ ​​​​និង​​មន្ត្រី​​តាម​ក្រសួង​​ជា​ច្រើន​រូប​ទៀត។​ នាយក​រដ្ឋ​មន្ត្រី ​លោក​ Binali Yildirim ​ថ្លែង​​កាល​ពី​ថ្ងៃ​​អង្គារ​​ម្សិលមិញ​ថា៖​ ​”អ្នក​​ដឹក​​​នាំ​រដ្ឋប្រហារ​​​​​​​​​​​​​ដូច​ជា​​អង្គការ​ភេរកម្ម​​​ដែរ​ ​​ហើយ​​យើង​​​​​នឹង​កម្ចាត់​​ពួក​គេ​​​​ ​ដោយ​​ជីក​ទាំង​ឫស”។​​​

 

​​​​​​​​​​​​​​​​​​រដ្ឋាភិបាល​​តួកគី​​​​​​​ បាន​បញ្ចេញ​​ឲ្យ​ដឹង​​​អ្នក​ត្រូវ​មាន​ទោស​​នៅ​ថ្ងៃ​​ម្សិលមិញ​​តាម​​ប្រព័ន្ធ​ផ្សាយ​​​​​​​​​​រួម​មាន៖

-គ្រូ​ សាស្ត្រាចារ្យ​​​ ​និង​​បុគ្គលិក​​ក្នុង​វិស័យ​អប់រំ​​​​​​​​ ចំនួន​ ​១៥ ២០០​នាក់ ​ត្រូវ​​​​បណ្ដេញ​​ចេញ​ពី​តួនាទី​
-ព្រឹទ្ធបុរស​​​​សាកលវិទ្យាល័យ​​​​​​ចំនួន​ ១ ៥៧៧​នាក់​ ​​បង្គាប់​​ឲ្យ​​​លាលែង​​ពី​តំណែង​
-មន្ត្រី​​ក្រសួង​​មហាផ្ទៃ​​​ចំនួន​ ៨ ៧៧៧​នាក់​ ​​ត្រូវ​​​បញ្ឈប់​ពី​តួនាទី​
​​-មន្ត្រី​​ក្រសួង​​ហិរញ្ញវត្ថុ​​​ចំនួន​ ​១៥០០​​នាក់ ​​ត្រូវ​​បណ្ដេញ​ចេញ​
​​​​​​-មន្ត្រី​ការិយាល័យ​​​នាយក​រដ្ឋមន្ត្រី​​​ចំនួន​ ២៤៧​នាក់​​ ​​​ត្រូវ​​​បណ្ដេញ​ចេញ​ ​
​​​-មន្ត្រី​​​​​ប៉ូលិស​​ជិត​ ៩០០០​នាក់​ ​ត្រូវ​​​ដក​តំណែង​
-មន្ត្រី​​ធ្វើការ​​ក្នុង​​ប្រព័ន្ធ​តុលាការ​​​ប្រមាណ​ ៣០០០​នាក់​ ​ត្រូវ​ព្យួរ​ការងារ
​-និង​​​​ទាហាន​​​ជាង​ ៦០០០​នាក់​​​ត្រូវ​បាន​ចាប់​ខ្លួន​​ កាត់​ទោស

 

​​​​​​​​​​​​​​ក្រៅ​​ពី​នេះ​​​ ​នៅ​​មាន​​​ស្ថានីយ​​​​​​វិទ្យុ​​ ​និង​​ទូរទស្សន៍​​​​ចំនួន​ ​២៤​​​ ត្រូវ​ចោទ​ប្រកាន់​​​​​​​ជាប់​ទាក់​ទង​​នឹង​​មេ​ដឹកនាំ​រដ្ឋ​ប្រហារ​​​​លោក Gulen ដែល​កំពុង​​​​នៅ​ក្រៅ​ប្រទេស។ ​ទោះ​ជា​យ៉ាង​ណា​​ ​ការ​​​​ដក​តំណែង​​មន្ត្រី​​​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​​​ព្រម​ៗ​គ្នា​​មិន​ធ្លាប់​មាន​​នេះ​ ​បាន​​ធ្វើ​​ឲ្យ​​​អ្នក​ស៊ើប​អង្កេត​​​​​អន្តរជាតិ​​​ ​​​រួម​ជាមួយ​អង្គការ​សហប្រជាជាតិ​​​ជំរុញ​​តួកគី​​ឲ្យ​​​ប្រកាន់​ខ្ជាប់​​នីតិរដ្ឋ​ ​និង​ការ​ពារ​​សិទ្ធិ​មនុស្ស​​។

 

​​សូម​​​បញ្ជាក់​ថា​ ​យោង​​តាម​​តួលេខ​​ផ្លូវការ​​​​​ ​រដ្ឋប្រហារ​​នេះ​​​បាន​សម្លាប់​​មនុស្ស​​​ ​២៣២​នាក់​ ​និង​​របួស​ ១៥៤១​នាក់៕

 

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

 

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

 

តួកគី​​​​រក​​ឃើញ​​អ្នក​​ពាក់ព័ន្ធ​​​គម្រោង​រដ្ឋ​ប្រហារ​​​​​ជាង​​ ៤៥០០០​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​​​​​​​