ក្រុមU16កម្ពុជា លត់ទីម័រ ៣-០ ដើម្បីឡើងទៅវគ្គបន្តជាប្រវត្តិសាស្រ្ត (មានវីដេអូ)

ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ជន​រួម​ជាតិ ជួបការ​ខក​ចិត្ត​ម្តង​ទៀត នោះ​ទេ ខណៈ​ពួក​គេ​បាន​លត់​ក្រុមU16ទីម័រ​ខាង​កើត ក្នុង​ការ​ប្រកួត​ដណ្តើម​គ្នា​យក​លេខ​២​ប្រចាំ​ពួល​B កាល​ពី​យប់​ម្សិល​មិញ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ AFF U16 Championship 2016 ជា​ប្រវត្តិសាស្រ្ត​នោះ។

AFFU16C1

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិល​មិញ​នោះ ក្រុម​ឡាវ ក៏​បាន​ប្រជែង​ជា​ប្រយោល ដើម្បី​អ៊ុតមើល​ឱកាស​ដ៏​តិច​តួច​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ឡាវ បាន​ចាញ់ក្រុម​U16​ជម្រើសជាតិ​ថៃ ២-០ ខណៈ​គ្រាប់​បាល់​ទាំង​២​នេះ​រក​​បាន​ដោយ​កីឡាករ Nititorn Sripramarn នៅ​នាទីទី​៣៥ និង Jinnawat Russamee នៅ​នាទីទី​បន្ថែម ៩០+១។

AFFU16C2

ការ​ចាញ់​របស់​ឡាវ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា កាន់​តែមាន​​ប្រៀប​លើ​ក្រុម​ទីម័រ ព្រោះ​​ទីម័រ និង​ឡាវ មាន​៤ពិន្ទុ តិចជាង​ក្រុម​កម្ពុជា​២ពិន្ទុ​ដូច​គ្នា ហេតុ​នេះ​ការ​ទទួល​បាន​ត្រឹម​លទ្ធ​ផល​ស្មើ​ទីម័រ ក៏​កម្ពុជា អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​ដែរ។ ប៉ុន្តែ​លោក Inoue Kazunori គ្រូ​បង្វឹក​របស់​ក្រុមU16កម្ពុជា មិន​បាន​រៀបចំ​​ប្រព័ន្ធ​លេង​​បែបទប់​​ក្រុម​ទីម័រ ដើម្បី​យក​ស្មើ​នោះ​ឡើយ គឺ​​លោក​បាន​រៀបចំ​ការ​លេង​​បែប​​វាយ​លុក​ជា​បនន្ទាប់។

AFFU16C3

​ភាព​សប្បាយ​រីក​រាយ​ក៏​បាន​កើត​មាន​ឡើង ជាមួយ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​របស់​កម្ពុជា នៅ​ពេល​​ខ្សែ​ការពារ​របស់​ក្រុម​ទ័ម័រ បាន​យកដៃ​ទៅ​ប៉ះ​ការ​ស៊ុត​បាល់​សំដៅ​ទី​របស់​កម្ពុជា​នោះ ជា​ហេតុ​នាំ​ឲ្យ​លោក​​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ឲ្យ​កម្ពុជា ហើយ​​ខ្សែ​ការពារជា​ប្រធាន​ក្រុម យ៉ើ ស្វាហ្វី ជា​អ្នក​ធ្វើ​បាន​សម្រេច ដើម្បី​ជួយ​ឲ្យ​កម្ពុជា​នាំ មុខ ១-០ ត្រឹម​នាទីទី៧។

AFFU16C4

ជាមួយ​ការ​នាំ​មុខ ១-០ នេះ​បាន​​បង្ខំ​ឲ្យ​ក្រុម​ទីម័រ បាន​ធ្វើ​ការ​វាយ​បក​លឿនៗ​មក​វិញ និង​បាន​ទទួល​បាល់​ដាច់​ជា​បន្ត​បន្ទាប់​ផង​ដែរ ប៉ុន្តែអ្នក​ចាំ​ទី ស្វែង សំណាង សង្រ្គោះ​បាន​តែ​រហូត។ បន្ថែម​​ការ​បញ្ជូន​បាល់​​ឲ្យ​យ៉ាង​ល្ធ​របស់​ សៀង ចន្ទា បាន​ផ្តល់​ឱកាស​ឲ្យ​ខ្សែ​ប្រយុទ្ធ ម៉ៅ ពិសិដ្ឋ រក​បាន​២​គ្រាប់​បន្ថែម​ទៀត​តែ​ម្នាក់​ឯង គឺ​នៅនាទីទី​៥៤ និងនាទីទី៥៨។​

AFFU16C5

ការយក​ឈ្នះ​ក្រុម​ទីម័រ ៣-០ បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ​ឡើង​ទៅ​ជួប​ក្រុម​មិន​ដែល​ចាញ់​សោះ​ប្រចាំ​ពូល​A គឺU16​ជម្រើស​ជាតិ​វៀតណាម នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ នា​​ថ្ងៃ​ព្រហស្បតិ៍ ខណៈក្រុមចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​A គឺ​​U16ថៃ ត្រូវ​វិល​ទៅ​ជួប​ក្រុមU16អូស្រ្តាលី ដែល​ពួក​គេ​ធ្លាប់​ឈ្នះ ៣-២ ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១៥៕