Juventus ច្រានចោលសំណើបើកឆាករបស់ Man United សម្រាប់ Pogba

ក្លិប Juventus បានច្រានចោលសំណើដេញថ្លៃជាលើកទី១របស់ក្លិប Manchester United សម្រាប់ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba ក្នុងតម្លៃខ្លួនសរុប១០០លានផោន (ស្មើនឹង១៣១លានដុល្លារអាមេរិក) ក្នុងនោះទឹកប្រាក់១៣លានផោនគឺជាប្រាក់បន្ថែមទាក់ទងនឹងការបង្ហាញពីទម្រង់លេងផ្សេងៗ។

Pogba

ក្លិបរបស់ក្របខ័ណ្ឌ Serie A មួយនេះ ចង់ឲ្យ Man United ចំណាយប្រាក់១០០លានផោន និងបូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែមចំនួន៨លានផោនផ្សេងទៀត ដើម្បីធ្វើឲ្យខ្សែបម្រើអន្តរជាតិបារាំង Pogba ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបមផុតមិនធ្លាប់មានពីមុនមក។ លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិប Man United បានជួបជាមួយនឹងលោក Giuseppe Marotta និងលោក Fabio Paratici ដែលសុទ្ធសឹងជាប្រធានក្លិប Juventus ក៏ដូចជាភ្នាក់ងារតំណាងឲ្យកីឡាកររូបនេះគឺលោក Mino Raiola កាលពីថ្ងៃអង្គារដើម្បីពិភាក្សាទៅលើការផ្ទេរដែលអាចទៅរួចមួយ។

ប៉ុន្តែ Man United ត្រូវបានគេប្រាប់ថា សំណើដេញថ្លៃជាបឋមរបស់ពួកគេបានទទួលបរាជ័យដោយសារតែខុសទៅនឹងតម្លៃខ្លួនដែល Juventus ចង់បានសម្រាប់ការលក់កីឡាកររូបនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Man United មិនមែនទទួលបានព័ត៌មានអាក្រក់ទាំងស្រុងឡើយ ខណៈដែលលោក Raiola បានប្រាប់មន្ត្រីរបស់ Juventus ថា បច្ចុប្បន្នរូបលោកចង់នាំយក Pogba ទៅកាន់ក្របខ័ណ្ឌ Premier League។ លោក Raiola បានសម្របសម្រួលទៅលើការផ្ទេរកីឡាករពីរនាក់របស់លោករួចជាស្រេចគឺ Zlatan Ibrahimovic និង Henrikh Mkhitaryan ទៅកាន់ Man United នៅរដូវក្តៅនេះ។ លើសពីនេះទៅទៀត លោក Raiola បានយល់ព្រមលើតម្លៃមួយរួចជាស្រេចជាមួយនឹង Man United ក្នុងការនាំយកកីឡាករវ័យ២៣ឆ្នាំរូបនេះវិលត្រឡប់ទៅកាន់ក្លិបមួយដែលរូបគេបានចាកចេញកាលពីឆ្នាំ២០១៣ ហើយ Pogba ត្រៀមរួចរាល់ក្នុងករទទួលយកសំណើរបស់ Man United ចំពោះប្រាក់ចំណូល២៥ម៉ឺនផោនក្នុងមួយសប្តាហ៍ក្នុងរយៈពេល៥ឆ្នាំ៕

ប្រភពព័ត៌មាន៖ The Guardian