ទោះ​យកពីមកពី​ណា ក៏ត្រូវតែ​ទទួល​ទោស​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​មន្ត្រី​មេព្រៃ​ចាប់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​សត្វព្រៃ​ប្រភេទ​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង ។

ស្ត្រី​ដែល​ចាប់ខ្លួន​ខាងលើ ឈ្មោះ​ចាន់ វណ្ណៈ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​បន្ទាយ​មាន​រិ​ទ្ធ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​ជា ផ​ល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​ចាប់ខ្លួន​ស្ត្រី​រូប​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ​រហូត​ពួនស្ទាក់​ចាប់​បាន​ខ្លួន​ស្ត្រី​នោះ និង​រឹបអូស​បាន​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង ទម្ងន់​១០​គីឡូក្រាម​កន្លះ និង​ប្រមាត់​១ ដែល​ក្លា​ស្សេ​ដាក់​ក្នុង​ធុង​ទឹកកក ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ពង្រ​សង្កាត់​កំពង់ ស្វាយ​ក្រុង​សិរី​សោភ័ណ ។

លោក​បន្ត​ថា ក្រោយ​ពេល​ដែល​ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​សត្វព្រៃ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​មក​សាកសួរ ដោយ​បាន​សារភាព​ថា សាច់​​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង​នេះទិញ​ពី​ឈ្មួញ​ថៃ នាំ​ចូល​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ គោល​បំណង​នាំ​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ ។