សាស្ត្រា​សារព័ត៌មាន​កម្ពុជា​ចាត់​ទុក​អតីត​អ្នក​កាសែត​ញូវយ៉កថែមស៍​ម្នាក់​ជា​វីរ​អ្នក​កាសែត​គំរូ

អតីតអ្នកឆ្លើយឆ្លងព័ត៌មានឱ្យកាសែតញូវយ៉ក ថែមស៍ (The New York Times) លោក ស៊ីដនី ហ្សានប៊ើគ (Sydney Schanberg) បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកក្កដា។ លោកក៏ជាអ្នកដែលធ្វើឱ្យពិភពលោកដឹងកាន់តែច្បាស់អំពីរឿងរ៉ាវកាប់សម្លាប់របស់របបខ្មែរក្រហម នៅក្នុងទសវត្សឆ្នាំ១៩៧០។ លោកបានទទួលពានរង្វាន់ Pulitzer Prize ដែលជាពានរង្វាន់ផ្នែកសារព័ត៌មានធំជាងគេនៅសហរដ្ឋអាមេរិក ហើយសាស្ត្រាសារព័ត៌មានកម្ពុជា ចាត់ទុកលោកជាវីរអ្នកកាសែតគំរូ។

ក្នុងអាជីពជាអ្នកសារព័ត៌មានជាង ៥០ឆ្នាំ លោក ស៊ីដនី ហ្សានប៊ើគ គឺជាម្ចាស់សាច់រឿងនៅក្នុងខ្សែភាពយន្តដែលបង្ហាញពីសង្គ្រាមវឹកវរ ភាពរងទុក្ខវេទនានៅកម្ពុជា និងការកាប់សម្លាប់យ៉ាងស្ងៀមស្ងាត់អស់មនុស្សរាប់លាននាក់ នៃរបបខ្មែរក្រហម នៅក្នុងទសវត្សឆ្នាំ១៩៧០។

សាច់រឿងរបស់លោក ស៊ីដនី ហ្សានប៊ើគ និងជំនួយការរបស់លោកឈ្មោះ ឌិត ប្រន ដែលជាអ្នកបកប្រែផង បានធ្វើឱ្យមនុស្សនៅលើពិភពលោកយល់ដឹង និងតក់ស្លុតអំពីការកាប់សម្លាប់ទាំងនោះ តាមរយៈភាពយន្តមួយមានចំណងជើងថា «វាលពិឃាដ» ឬហៅតាមភាសាអង់គ្លេសថា «The Killing Fields» ដែលសម្ដែងដោយលោកវេជ្ជបណ្ឌិត ហាំង ង៉ោ។

លោក ស៊ីដនី ហ្សានប៊ើគ គឺជាតួអង្គទី៣ នៅក្នុងសាច់រឿង «វាលពិឃាដ» ឬ «The Killing Fields» ដែលទទួលមរណភាពបន្ទាប់ពីវេជ្ជបណ្ឌិត ហាំង ង៉ោ និងលោក ឌិត ប្រន។

ទាក់ទងនឹងមរណភាពរបស់លោក ស៊ីដនី ហ្សានប៊ើគ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ ថ្លែងសោកស្ដាយចំពោះមរណភាពរបស់លោក ស៊ីដនី ហ្សានប៊ើគ ដែលជារៀមច្បងក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដូចគ្នា៖ «ការសោកស្ដាយយើងមានដល់ទៅពីរជាន់។ សោកស្ដាយទាំងការបាត់បង់ ទីមួយ លោក ឌិត ប្រន ទីពីរសោកស្ដាយលោក ស៊ីដនី ដែលបានទទួលមរណភាពថ្មីៗនេះ។ យើងដឹងថា វិជ្ជាជីវៈសារព័ត៌មានឥឡូវនេះ គេលែងរើសព្រំដែនហើយ គឺវិជ្ជាជីវៈសារព័ត៌មាន គេលែងប្រើពាក្យថា វិជ្ជាជីវៈសារព័ត៌មានអាមេរិក វិជ្ជាជីវៈសារព័ត៌មានអាស៊ី ឬអឺរ៉ុបទេ គឺវិជ្ជាជីវៈសារព័ត៌មាន ជាវិជ្ជាជីវៈសកល។ យើងមានក្រមសីលធម៌ មានលក្ខណៈបច្ចេកទេសសម្ភាសន៍ មានការសរសេរប្រមូលព័ត៌មានដូចគ្នា»។

លោក ស៊ីដនី ហ្សានប៊ើគ ជាអតីតអ្នកឆ្លើយឆ្លងព័ត៌មានឱ្យកាសែត ញូវយ៉ក ថែមស៍ ប្រចាំនៅវៀតណាម និងកម្ពុជា ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥។

នៅក្នុងភាពយន្តរឿង «វាលពិឃាដ» ឬ «The Killing Fields» លោក ស៊ីដនី ហ្សានប៊ើគ រួមជាមួយអ្នកបកប្រែ និងជាជំនួយការរបស់លោក គឺលោក ឌិត ប្រន ដែលសម្ដែងដោយវេជ្ជបណ្ឌិត ហាំង ង៉ោ បានបង្ហាញពីភាពរងទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្នុងអំឡុងសង្គ្រាមផ្ទៃក្នុងរវាងកងទ័ពខ្មែរក្រហម និងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់។

ក្នុងនាមជាសាស្ត្រាចារ្យផ្នែកសារព័ត៌មានផង លោក មឿន ឈានណារិទ្ធ រំឭកថា អ្នកសារព័ត៌មានពេលខ្លះជួបការគំរាមកំហែង ពេលយកព័ត៌មានចម្រូងចម្រាសទាក់ទងនឹងការកាប់ព្រៃឈើ អំពើពុករលួយ និងការរំលោភដីធ្លីជាដើម។ ហេតុនេះ លោកចាត់ទុកលោក ស៊ីដនី ហ្សានប៊ើគ និងលោក ឌិត ប្រន ជំនួយការរបស់លោក ថាជាវីរអ្នកសារព័ត៌មានគំរូ ដែលហ៊ានពុះពារឧបសគ្គចំពោះការប្រមូលព័ត៌មានរបស់ខ្លួន ក្នុងពេលសង្គ្រាម៖ «ពេលខ្លះយើងមានការរារែក។ ប៉ុន្តែយើងតែងតែរំលឹកដល់អ្នកសារព័ត៌មានយើងថា មានដទៃទៀត ដែលគាត់ហ៊ានប្ដូរជីវិត ដើម្បីយកព័ត៌មាន។ ក្នុងនោះមានទាំងលោក ស៊ីដនី និងលោក ឌិត ប្រន ដែលជនជាតិខ្មែរយើងដែរ ដែលគាត់ហ៊ានប្រឈមមុខនឹងការគំរាមកំហែងរបស់ពួកខ្មែរក្រហម នៅឆ្នាំ១៩៧៥ ដើម្បីប្រមូលយកការពិតជូនដល់ពិភពលោក»។

នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច នៅខែមេសា ឆ្នាំ១៩៧៥ លោក ស៊ីដនី ហ្សានប៊ើគ ត្រូវពួកខ្មែរក្រហមបណ្ដេញលោកចេញពីកម្ពុជា ក្នុងពេលដែលលោក ឌិត ប្រន និងពលរដ្ឋក្នុងក្រុងភ្នំពេញ ត្រូវបានបណ្ដេញចេញឱ្យទៅរស់នៅតាមជនបទ ក្រោមហេតុផលថា ខ្លាចអាមេរិកទម្លាប់គ្រាប់បែក ដូចការសម្ដែងនៅក្នុងភាពយន្តរឿង «វាលពិឃាដ» ដូច្នេះដែរ។

ភាពយន្តរឿង វាលពិឃាដ ឬ «The Killing Fields» ដែលថតនៅឆ្នាំ១៩៨៤ ជារឿងបន្តពីស្នាដៃនិពន្ធទី១ របស់លោក ស៊ីដនី ហ្សានប៊ើគ មានចំណងជើងថា «ការស្លាប់រស់របស់លោក ឌិត ប្រន»។ ភាពយន្តរឿង វាលពិឃាដ មានលោក ស៊ែម វ៉តធើរស្តុន (Sam Waterston) ដើរតួជាលោក ស៊ីដនី ហ្សានប៊ើគ ហើយលោកវេជ្ជបណ្ឌិត ហាំង ង៉ោ ដែលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមម្នាក់ដែរ ដើរតួសម្ដែងជាលោក ឌិត ប្រន។ លោក ហាំង ង៉ោ នៅឆ្នាំ១៩៨៥ បានទទួលពានរង្វាន់ អូស្ការ (Oscar) សម្រាប់ការសម្ដែងបានល្អ នៅក្នុងរឿងនេះ។ លោក ហាំង ង៉ោ ក្នុងវ័យ ៥៥ឆ្នាំ ត្រូវបានជនពាលបាញ់ស្លាប់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៦។

លោក ឌិត ប្រន ដែលបានរួចជីវិតពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម និងជាម្ចាស់សាច់រឿង «វាលពិឃាដ» បានជួបលោក ស៊ីដនី ហ្សានប៊ើគ នៅឆ្នាំ១៩៨០។ លោកទទួលមរណភាពនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៨ ដោយសារជំងឺមហារីកលំពែង ក្នុងវ័យ ៦៥ឆ្នាំ។

លោក ស៊ីដនី ហ្សានប៊ើគ ទទួលមរណភាពដោយសារជំងឺបេះដូង កាលពីថ្ងៃទី៩ កក្កដា ក្នុងវ័យ ៨២ឆ្នាំ។ មរណភាពរបស់លោក ស៊ីដនី ហ្សានប៊ើគ គឺជាមរណភាពនៃតួអង្គសំខាន់ទាំង ៣រូប នៅក្នុងសាច់រឿង «វាលពិឃាដ»។ ទោះជាតួអង្គនៃសាច់រឿងបានស្លាប់ទៅហើយក្ដី ប៉ុន្តែរឿងរ៉ាវរបស់ពួកលោកដែលបានបង្ហាញនៅក្នុងភាពយន្តរឿង «វាលពិឃាដ» ត្រូវបានមន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមលោក នេត្រ ភក្ត្រា ចាត់ទុកថា ជាឯកសារចូលរួមជួយពង្រឹងការចងចាំរបស់ជនរងគ្រោះ និងការសិក្សាស្វែងយល់របស់យុវជនជំនាន់ក្រោយ ទោះជាខ្សែភាពយន្តឯកសារ ដែលទាក់ទងនឹងរបបខ្មែរក្រហមទាំងនោះ ត្រូវបានថតជាក់ស្ដែងនៅក្រុងរបបខ្មែរក្រហម ឬថតក្រោយរបបនោះក្ដី។

លោក នេត្រ ភក្ត្រា៖ «រឿងឯកសារនេះ អាចរំឭករឿងរ៉ាវដែលកើតឡើង បើទោះបីជាខ្សែភាពយន្តដែលថតក្រោយរបបខ្មែរក្រហម វាមិនមែនបង្ហាញអំពីរូបភាពពិតជាក់ស្ដែងមួយរយភាគរយឱ្យដូចគ្នាបេះបិទ ក៏ប៉ុន្តែវាជាការបង្ហាញនូវភស្តុតាង ក៏ដូចជារឿងរ៉ាវផ្សេង ដែលប្រជាពលរដ្ឋខ្មែរឆ្លងកាត់នៅរបបខ្មែរក្រហមនោះ ឱ្យបានដល់យុវជនជំនាន់ក្រោយ ហើយពួកគាត់អាចនឹងពិនិត្យមើលទៅលើរឿងរ៉ាវនៃព្រឹត្តិការណ៍ដែលកើតឡើងនោះ ហើយគាត់អាចចៀសវាងអំពីការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម នៅពេលគាត់ឡើងកាន់អំណាចប្រទេស នៅពេលណាមួយនោះ ហើយតាមរយៈរឿងនេះ មិនមែនសម្រាប់តែបងប្អូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល ដែលបង្ហាញអំពីការរងទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម»។

រីឯលោក មឿន ឈានណារិទ្ធ ថ្លែងថា ជាប្រការល្អមួយដែលលោក ស៊ីដនី ហ្សានប៊ើគ និងលោក ឌិត ប្រន ក្រុមផលិតភាពយន្តនេះ បន្សល់ទុកស្នាដៃ និងវីរភាពសម្រាប់អ្នកសារព័ត៌មានពិភពលោក៖ «ដោយសារតែរឿងនេះវាផ្អែកសឹងតែលើការពិតទាំងស្រុង ដើម្បីផលិតជារឿង។ អ៊ីចឹងយើងឃើញថា ខ្សែភាពយន្តនេះ គឺបានបន្សល់ទុកនូវវីរភាព គឺសេចក្ដីក្លាហានរបស់អ្នកសារព័ត៌មានពីររូប ដែលជាដៃគូនឹងគ្នា គឺជនជាតិខ្មែរយើង និងជនជាតិអាមេរិក ដែលបង្ហាញថា អ្នកសារព័ត៌មានទោះបីជាយើងគ្មានកាំភ្លើងក្ដី តែយើងមានកាមេរ៉ា មានប៉ាកកា ជាអាវុធ ដើម្បីស្វែងរកការពិតជូនដល់ពិភពលោក»។

រឿង «វាលពិឃាដ» ថ្វីបើជាការរៀបរាប់អំពីដំណើររឿងដែលអតីតអ្នកកាសែតអាមេរិក និងអ្នកកាសែតខ្មែរស្វែងរកគ្នាក្ដី ក៏សាច់រឿងទាំងមូលបង្ហាញអំពីភាពរងទុក្ខវេទនា និងការកាប់សម្លាប់ពលរដ្ឋខ្មែរជិត ២លាននាក់ នៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ភាពរងទុក្ខវេទនា និងការកាប់សម្លាប់នោះហើយ ដែលនាំឱ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ នួន ជា និង ខៀវ សំផន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត តាមការផ្ដន្ទាទោសរបស់សាលាក្ដីខ្មែរក្រហម៕

ប្រភពៈ RFA


សាស្ត្រា​សារព័ត៌មាន​កម្ពុជា​ចាត់​ទុក​អតីត​អ្នក​កាសែត​ញូវយ៉កថែមស៍​ម្នាក់​ជា​វីរ​អ្នក​កាសែត​គំរូ

សហគមន៍​និង​មន្ត្រី​វប្បធម៌​ខេត្ត​មណ្ឌលគិរី​ចង់​រក្សា​តំបន់​ភ្នំ​ដោះ​ក្រមុំ​ទុក​ជា​តំបន់​វប្បធម៌

សាស្ត្រា​សារព័ត៌មាន​កម្ពុជា​ចាត់​ទុក​អតីត​អ្នក​កាសែត​ញូវយ៉កថែមស៍​ម្នាក់​ជា​វីរ​អ្នក​កាសែត​គំរូ

មន្ត្រី​អាមេរិក​ថា ​ជំនួយ​ចិន​​ដល់​កម្ពុជា​មិន​​អាច​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​យុត្តិធម៌​ទេ