រុស្ស៊ី​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​នយោបាយ​និង​សេដ្ឋកិច្ច​ ​​ឥឡូវរង​ទាំង​ទណ្ឌកម្ម​កីឡា

ល្ងាចថ្ងៃចន្ទម្សិលមិញ ទីភ្នាក់ងារពិភពលោកប្រឆាំងការប្រើថ្នាំលើកកម្លាំងដោយអ្នកកីឡា ហៅកាត់ថា AMA បានអំពាវនាវឲ្យលុបឈ្មោះប្រទេសរុស្ស៊ី ចេញពីរាល់ការប្រកួត កីឡាអន្តរជាតិ បូកទាំងកីឡាអូឡាំពិកអន្តរជាតិ នៅប្រទេសប្រេស៊ីល ក្នុងខែក្រោយទៅផង។ សេចក្តីអំពាវនាវនេះ ត្រូវបានបន្លឺឡើងភ្លាមភ្លែតបន្ទាប់ពីលោកប្រធានទីភ្នាក់ងារនេះ Ricard McLaren បានចេញផ្សាយរបាយការណ៍កម្រាស់១០០ទំព័រ បរិហារអាក្រាតថា ក្នុងល្បែងកីឡាអូឡាំពិកឆ្នាំ២០១៤ នៅក្រុងរុស្ស៊ី Sochi ការប្រើថ្នាំលើកកម្លាំងដោយអ្នកកីឡារុស្ស៊ី បានទៅជានយោបាយថ្នាក់រដ្ឋ។ លោកប្រធានាធិបតីរុស្ស៊ីពូទីន បានប្រតិកម្មដោយ ឥតបង្អែបង្អង់ឡើយ។

ក្នុងល្បែងកីឡាអូឡាំពិករដូវត្រជាក់ដែលបានប្រព្រឹត្តទៅ ខែកុម្ភៈឆ្នាំ២០១៤ នៅក្រុងរុស្ស៊ី Sochi មន្ទីរពិសោធប្រឆាំងការប្រើថ្នាំលើកកម្លាំង ទាំងនៅរដ្ឋធានីម៉ូស្គូ ទាំងនៅក្រុងSochi បានការពារអ្នកកីឡារុស្ស៊ីដែលប្រើថ្នាំលើកកម្លាំង – ការពារនេះគឺក្នុងក្របខ័ណ្ឌនៃប្រព័ន្ធប្រើ ថ្នាំលើកកម្លាំងរបស់រដ្ឋយ៉ាងកក់ក្តៅ- ដែលគ្រប់គ្រងត្រួតត្រា និងឃ្លាំមើលពីលើ ដោយក្រសួងកីឡារុស្ស៊ី ដោយស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB និងដោយ ទីភ្នាក់ងារសម្ងាត់រុស្ស៊ីនានា – ការចោទប្រកាន់នេះ មានចែងក្នុងរបាយការណ៍លើកឡើង ល្ងាចថ្ងៃចន្ទ១៨កក្កដានៅក្រុងToronto ដោយប្រធានទីភ្នាក់ងារ AMA គឺលោក Ricard McLaren ជា អ្នកច្បាប់ជាតិកាណាដា។

ឯកសារនេះកម្រាស់១០០ទំព័រ ត្រូវបានតាក់តែងឡើងទៅតាមបទបញ្ជាកាលពីខែឧសភា នៃ ទីភ្នាក់ងារពិភពលោក ប្រឆាំងការប្រើថ្នាំលើកកម្លាំងដោយអ្នកកីឡា ហៅកាត់ថា AMA ក្រោយពីមានបន្លឺឡើងនូវការចោទប្រកាន់ ពីខាងអតីតអ្នកដឹកនាំមន្ទីរពិសោធរុស្ស៊ីប្រឆាំងការប្រើថ្ណាំលើកកម្លាំងដោយអ្នកកីឡា គឺលោក Grigori Rodtchenkov ដែលបើកអាក្រាត ប្រព័ន្ធប្រើថ្នាំលើកកម្លាំងអ្នកកីឡារុស្ស៊ី ចាត់ចែងឡើងក្នុងល្បែងកីឡាអូឡាំពិករដូវត្រជាក់ នៅក្រុងរុស្ស៊ី Sochi ឆ្នាំ២០១៤។

ទូរទស្សន៍រុស្ស៊ីដោយផ្សាយដំណឹងនេះ ចាប់អារម្មណ៍ទៅលើចម្លើយរបស់លោក McLaren ដែលតបនឹងសំនួរអ្នកកាសែតម្នាក់នៅក្រុង Toronto នោះតើគួរឲ្យជឿដែររឺ សម្តីជនភៀសខ្លួន រុស្ស៊ីនោះ ដែលបានទទួលសិទ្ធិស្នាក់នៅស.រ.អា. ក្រោយពីកីឡាអូឡាំពិកនៅក្រុង Sochi បានចប់ទៅ បានថ្លែងថា លោកបណ្ឌិតរុស្ស៊ី Rodtchenkov មិនអាចភរគាត់ឡើយ ក្នុងអាណត្តិគាត់ ជាប្រធានAMA។ ទូរទស្សន៍រុស្ស៊ី ក៏ចាប់អារម្មណ៍ថា លោក McLaren ពោលអះអាងចោទរុស្ស៊ី ដោយគ្មានលើកយកភស្តុតាងមកបង្ហាញឡើយ គឺនិយាយតែមាត់ទទេ។

ប្រាកដណាស់ ដែលលោកពូទីន ជាប្រធានាធិបតីប្រទេសរុស្ស៊ី ជាមហាអំណាចកីឡាមួយដែរ មិនអាចមិនបញ្ចេញប្រតិកម្មឡើយ។ តាមប្រសាសន៍គាត់៖ ឥឡូវ យើងជាសាក្សីឃើញ ការលាប់ឡើងវិញយ៉ាងគ្រោះថ្នាក់នៃអំពើជ្រៀតជ្រែកនយោបាយចូលក្នុងកីឡា។ ពួកគេកំពុងប្រែកីឡាទៅជាឧបករណ៍នៃគំនាបភូមិសាស្ត្រ-នយោបាយ បង្កើតឡើងមុខមាត់អវិជ្ជមានរបស់ប្រទេសនិងប្រជាជនរុស្ស៊ី។ ចលនាអូឡាំពិកដែលតែងដើរតួធំសំបើម ខាង បង្រួបបង្រួមមនុស្សលោកអាចធ្លាក់ខ្លួនបែកបាក់ជាថ្មី។

លោកពូទីនសង្កត់ធ្ងន់ថា ការចោទប្រកាន់ពួកអ្នកកីឡារុស្ស៊ី គឺសំអាងលើសម្តីបុគ្គលតែម្នាក់- បុគ្គលដែលមានកេរ្តិ៍ឈ្មោះអាស្រូវនៅរុស្ស៊ីសោះដោយក្នុងឆ្នាំ២០១២ ជននេះបានជាប់ក្នុង សំណុំរឿងព្រហ្មទណ្ឌទៅហើយ តាមបទរំលោភលើច្បាប់ប្រឆាំងការប្រើថ្នាំលើកកម្លាំង ប៉ុន្តែ កាលណោះ ដោយមកពីប្រមូលភស្តុតាងមិនបានគ្រប់គ្រាន់ សំណុំរឿងជននេះ ក៏ត្រូវបានបិទទៅវិញ។

ហើយនៅថ្ងៃ១៧មិថុនាឆ្នាំនេះ សំណុំរឿងព្រហ្មទណ្ឌទលនឹងឈ្មោះ Rodtchenkov ត្រូវបានកសាងឡើងវិញ ពាក់ព័ន្ធនឹងការជួញថ្នាំដែលហាមប្រាមដោយច្បាប់រុស្ស៊ី និងយោងតាមពាក្យបណ្តឹងរបស់ពួកអ្នកកីឡារុស្ស៊ី។ សាច់ញាតិម្នាក់របស់ជននេះត្រូវបានតុលាការរុស្ស៊ីកាត់ទោសទៅហើយចំពោះការជួញថ្នាំ ដែលជាប់ក្នុងបម្រាម។

តាមការឲ្យដឹងនៃលោកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach វាសនាពួកអ្នកកីឡារុស្ស៊ី នឹងត្រូវអារកាត់ថ្ងៃអង្ការនេះ តាមរយៈសន្និសីទទូរស័ព្ទ៕

ប្រភពៈ RFI


រុស្ស៊ី​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​នយោបាយ​និង​សេដ្ឋកិច្ច​ ​​ឥឡូវរង​ទាំង​ទណ្ឌកម្ម​កីឡា

ក្រុម​អ្នក​ញៀន​ថ្នាំ​ហ្វី​លីពីន ៦ ម៉ឺន​នាក់​ប្រគល់​ខ្លួន

រុស្ស៊ី​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​នយោបាយ​និង​សេដ្ឋកិច្ច​ ​​ឥឡូវរង​ទាំង​ទណ្ឌកម្ម​កីឡា

នៅសុខៗ បាក់ដីពីលើភ្នំ បោកយកអ្នកភូមិទាំងមូលទៅជាមួយ