ISIS អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​​អ្នក​ដំណើរ​លើ​រថភ្លើង

ISIS បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​របស់​យុវជន​ម្នាក់ ដែល​ប្រើ​កាំបិត និង​ពូថៅ​កាប់​អ្នកដំណើរ​នៅ​លើ​រថភ្លើង នៅ​ភាគ​ខាងត្បូង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី១៨ ខែ​កក្កដា កន្លង​ទៅ​នេះ ដែល​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ចំនួន​៥នាក់​រងរបួស ដោយ​ក្នុង​នោះ​អ្នកដំណើរ​២នាក់​បាន​រង​របួស​ធ្ងន់។ នេះ​បើ​តាម​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អាល្លឺម៉ង់។

 ISIS អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​​អ្នក​ដំណើរ​លើ​រថភ្លើង

 

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Joachim Herrmannបាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី១៩ ខែ​កក្កដា ថា ជន​បង្ក​ដែល​ប្រដាប់​ដោយ​កាំបិត និង​ពូថៅ​នោះ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ បន្ទាប់​ពី​បាន​តាម​ប្រដេញ ក្រោយ​ជន​បង្ក​រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​បង្ក​មាន​អាយុ១៧ឆ្នាំ គឺ​ជា​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន រស់​នៅ​ក្នុង​ទីក្រុង Ochsenfurt រដ្ឋ Bavaria ប្រទេស​អាល្លឺម៉ង់។ យុវជន​រូប​នេះ​បាន​មក​ប្រទេស​អាល្លឺម៉ង់ ក្នុង​នាម​ជា​អនីតិជន​គ្មាន​សាច់ញាតិ​កាល​ពី​មួយ​ឆ្នាំ​មុន ហើយ​កាល​ពី២សប្តាហ៍​មុន រូប​គេ​ត្រូវ​បាន​ក្រុម​គ្រួសារ​មួយ​យក​ទៅ​ចិញ្ចឹម។

 

រូប​ទង់ជាតិ ISIS គូ​ដោយ​ដៃ​មួយ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​របស់​ជន​បង្ក។ នេះ​បើ​តាម​លោក Herrmann ប្រាប់​ឲ្យ​ដឹង។ យ៉ាងណាមិញ ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​អត្តសញ្ញាណ​ជន​បង្ក និង​ក្រុម​គ្រួសារ​របស់​គេ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN