​លោក សម រង្ស៊ី បញ្ជាក់ថា​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ចេះ​កែខ្លួន​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​រសៀល​ម្សិលមិញ​នេះ​បាន​បញ្ជាក់ថា​យើង​ត្រូវ​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ចេះ​កែខ្លួន​ដើម្បី​ឲ្យ​កម្មករ​មានការ​ងារ​កា​ន់​តែ​ច្រើន ហើយ​បាន​ឡើង​ប្រាក់ខែ​ថែមទៀត​។ លោក សម រង្ស៊ី បាន​ថ្លែងថា​ពេល​ស្នើ​ឲ្យ​ដាក់​លក្ខខណ្ឌ​ចំពោះ​ជំនួយ​អន្តរជាតិ​ឬ​ចំពោះ​ការបើក​ទីផ្សារ​នៅ​បរទេស បំណង​របស់លោក​គឺ​ចង់​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ចេះ​កែខ្លួន​ដើម្បី​ចាប់យក​ជម្រើស​ទី​១​ខាងក្រោម​នេះ ដែល​ល្អប្រសើរ​ជាង​ជម្រើស​ទី​២ ឆ្ងាយ​ណាស់​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ជម្រើស​ទី​១ ៖ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ​ចេះ​កែខ្លួន គឺ​ឈប់​គាបសង្កត់​ប្រជាពលរដ្ឋ ឈប់​រំលោភ​សិទ្ធិមនុស្ស ហើយ​បែរមក​គោរព​លទ្ធិប្រជាធិបតេយ្យ​។ ពេលនោះ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ដូចជាៈ ទី​១- ប្រជាពលរដ្ឋ​ទទួលបាន​សេរីភាព ហើយ​របប​ផ្តាច់ការ​ត្រូវបាន​បញ្ចប់ ទី​២- ប្រទេស​កម្ពុជា​ទទួលបាន​ជំនួយ​អន្តរជាតិ​កាន់តែច្រើន​និង​ទីផ្សារ​នៅ​បរទេស​កាន់តែ​ធំ ទី​៣- កិត្តិយស​ប្រទេស​យើង​ត្រូវបាន​ស្តារឡើងវិញ ពីព្រោះ​ពេលនោះ​យើង​នឹងមាន​មេដឹកនាំ​ថ្លៃថ្នូរ​ជាង​ពេលនេះ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បើ​យក​ជម្រើស​ទី​២ ៖ មេដឹកនាំ​ប្រទេស​សព្វថ្ងៃ​មិន​ព្រម​កែខ្លួន គឺ​នៅតែ​គាបសង្កត់​ប្រជាពលរដ្ឋ នៅតែ​រំលោភ​សិទ្ធិមនុស្ស ហើយ​នៅតែ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​។ បើ​នៅតែ​អញ្ចឹង​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ទទួលផល​ប៉ះពាល់​ដូចជាៈ ទី​១- ប្រជាពលរដ្ឋ​នៅតែ​គ្មាន​សេរីភាព ហើយ​របប​ផ្តាច់ការ​នៅតែ​បន្ត ទី​២- ជំនួយ​អន្តរជាតិ​អាច​ត្រូវគេ​កាត់ផ្តាច់​ឬ​កាត់បន្ថយ ហើយ​ទីផ្សារ​នៅ​បរទេស​អាច​ត្រូវគេ​បិទ ទី​៣- កិត្តិយស​ប្រទេស​យើង​នៅតែ​អាប់ឱន​ដោយសារ​មេដឹកនាំ​ប្រទេស​ប្រព្រឹត្ត​អំពើអាក្រក់ ដូច​សព្វថ្ងៃ​។ ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បើ​មានការ​ផ្តាច់​ឬ​ការកាត់បន្ថយ​ជំនួយ​អន្តរជាតិ ឬក៏​ការបិទ​ទីផ្សារ​ណាមួយ​នៅ​បរទេស គឺ​អ្នកដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ទេ​ដែលជា​អ្នកទទួលខុសត្រូវ​ពីព្រោះ​ពួកគេ​មិន​ព្រម​កែខ្លួន​តាម​ជម្រើស​ទី​១ ដែលជា​ជម្រើស​ល្អ​៕

13726609_1147225755334156_8708041568015124785_n