ប្រទេសមហាអំណាចយោធាទំាង៥នៅលើពិភពលោកក្នុងសតវត្សទី២១

សារព័ត៌មាន National Interest របស់អាមេរិកបានផ្សាយពីប្រទេសដែលមាន កម្លាំងយោធាខ្លាំងបំផុតនៅលើពិភពលោក។ ក្នុងនោះរុស្ស៊ីនឹងដើរទាន់អាមេរិកនៅឆ្នាំ ២០៣០។ទស្សនាវដ្តី National Interest របស់ អាមេរិកបានផ្សព្វផ្សាយដោយព្យាករណ៍ពីតុល្យភាពយោធានៅឆ្នាំ២០៣០នឹងមានការផ្លាស់ប្តូរបែបណាក្នុងពេលដែលប្រទេស មហាអំណាចនៅលើពិភពលោកត្រូវផ្លាស់ប្តូរពីយុទ្ធសាស្រ្តធ្វើសង្គ្រាមនោះ។

ទី១-រុស្ស៊ី ៖ ទស្សនាវដ្តីអាមេរិកបានវាយ តម្លៃថា ក្រោយសង្គ្រាមត្រជាក់បានបញ្ចប់ជាមួយសូវៀតបានដួលរលំ ហើយសេដ្ឋកិច្ច ធ្លាក់ចុះធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីជួបនូវដំណាក់កាលលំបាកបំផុត កម្លាំងទាហានត្រូវផ្លាស់ប្តូរទ្រង់ទ្រាយដើម្បីធ្វើឲ្យមានអំណាចឡើងវិញ។រហូតដល់ទសវត្សទីមួយ ដើមសតវត្សទី ២១ កម្លាំងទាហានរុស្ស៊ីមិនត្រូវបានវាយ តម្លៃខ្ពស់នោះទេ ដោយសារតែនៅមាន អាវុធហួសសម័យជាច្រើន កម្លាំងទាហានក៏ ទន់ខ្សោយ ហើយកាត់បន្ថយទៀត។ ក្រោយ មកលោក ពូទីន ឡើងកានអំណាចដឹកនាំប្រទេសលោកក៏បានសម្រេចកែទម្រង់ កម្លាំងយោធាទ្រង់ទ្រាយធំ។ នៅពេលនេះក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារ ជាតិលោក Sergey Shoigu ទាហានរុស្ស៊ី បានបង្ហាញមុខមាត់ជាថ្មីនៅលើឆាកអន្តរជាតិ។

ចាប់តាំងពីព្រឹត្តិការណ៍ដាក់បញ្ចូលតំបន់ គ្រីមៀរបស់ប្រទេសអ៊ុយក្រែននៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីរហូតដល់ការជ្រៀត ជ្រែកដោយកម្លាំងយោធាចូលក្នុងប្រទេសស៊ីរីបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីមាន កម្លាំងទាហានដ៏ពូកែ ខ្លាំងក្លា ទំនើប និង ប្រសិទ្ធភាព។នៅក្នុងពេលអនាគតកមា្លំងជើងគោក រុស្ស៊ីនឹងកាន់តែខ្លាំងក្លាក្រោយពេលវិស័យឧស្សាហកម្មសព្វាវុធបានរីកចម្រើនយ៉ាង ឆាប់រហ័ស។ ជាមួយនឹងល្បឿននៃការអភិ វឌ្ឍ ព្រមទាំងការធ្លាក់ចុះនៃកម្លាំងទាហាន អាមេរិកនៅឆ្នាំ២០៣០ រុស្ស៊ីនឹងមានកម្លាំង ស្មើអាមេរិកឬក៏នាំមុខអាមេរិកថែមទៀតផង។

ទី២-អាមេរិក ៖ តាមការវិភាគរបស់ លោក Robert Farley នៅលើទស្សនាវដ្តី National Interest ថា កម្លាំងទាហានអាមេរិក នៅឆ្នាំ២០៣០នៅតែមានកម្លាំងខ្លាំងដូចដើមនិងខ្លាំងជាងមុនដោយសារតែការអភិវឌ្ឍសព្វាវុធការពារជាតិ។ប៉ុន្តែដោយរងសម្ពាធពីសង្រ្គាមដែលអាមេរិកបានធ្វើនៅជុំវិញពិភពលោក អាចធ្វើឲ្យកម្លាំងទាហានអាមេរិកថមថយកម្លាំង ដូចជាសង្គ្រាមនៅក្នុងប្រទេសអីុរ៉ាក់ និង អាហ្វហ្គានីស្ថានជាដើម។អាមេរិកនឹងមានអាវុធទំនើបៗជាច្រើនប៉ុន្តែមិនអាចការពារកម្លាំងទាហានរបស់ខ្លួន នៅជុំវិញពិភពលោកបានទេ។ ចំណែកគូ ប្រជែងរបស់អាមេរិកគឺរុស្ស៊ីនិងចិនបានវិនិយោគជាច្រើនក្នុងការផលិតអាវុធទំនើបធ្វើឲ្យប្រទេសទាំងពីរមានអាវុធអាចប្រៀបផ្ទឹមនឹងអាមេរិកបាន។

ទី៣-ចិន ៖ ជាមួយនឹងការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច ចិនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី២ និងជាប្រទេស ដែលអភិវឌ្ឍលឿនបំផុតលើពិភពលោក ហើយទីក្រុងប៉េកាំងបានធ្វើបដិវត្តន៍ស្តីពីការបង្កើតកម្លាំងយោធាសព្វាវុធលេចធ្លោជាងគេបំផុតក្នុងតំបន់និងលើពិភពលោក។ចិនបានខិតខំពង្រឹងកម្លាំងយោធាទាំងកម្លាំងទាហានជើងគោក និងជើងទឹក ដោយ ចិនបានផលិតនាវាផ្ទុកយន្តហោះ និងក្រុមនាវាមុជទឹកខ្លាំងបំផុតក្នុងតំបន់។

ទី៤-ឥណ្ឌា ៖ កម្លាំងទាហានឥណ្ឌក៏ត្រូវ បានចាត់ទុកថា ជាប្រទេសមានភាពរីកចម្រើន ខ្ពស់នៅលើពិភពលោកដែរ។ ប៉ុន្តែឥណ្ឌា មានចំណុចខ្សោយនោះគឺអាវុធហួសសម័យ។ រយៈពេលចុងក្រោយនេះឥណ្ឌាបានខិតខំផលិតអាវុធដោយបច្ចេកវិទ្យាខ្លួនឯង និង ទិញអាវុធពីអាមេរិក និងរុស្ស៊ីជាច្រើនធ្វើឲ្យ កម្លាំងទាហានឥណ្ឌាកាន់តែខ្លាំងឡើងពី មួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងតំបន់អាស៊ីឥណ្ឌាគឺជាប្រទេសដែលចំណាយប្រាក់ច្រើនបំផុតក្នុងការ ទិញអាវុធពីអាមេរិក។ បន្ទាប់ពីប្រទេសអារ៉ា ប៊ីសាអូ៊ឌីត ឥណ្ឌាគឺជាប្រទេសដែលទិញអាវុធច្រើនដើម្បីពង្រឹងកម្លាំងយោធាធ្វើឲ្យឥណ្ឌាមានសមត្ថភាពខ្ពស់នៅក្នុងតំបន់។

ទី៥-កម្លាំងទាហានបារាំង ៖ អ្នកវិភាគ របស់ National Interest បានបញ្ជាក់ថា ការ ដែលអង់គ្លេសបានដកខ្លួនចេញពីសហ គមន៍អឺរ៉ុប និងការធ្លាក់ចុះរបស់កម្លាំងទាហានអាល្លឺម៉ង់បានធ្វើឲ្យកម្លាំងទាហាន បារាំងក្លាយជាទីមួយនៅអឺរ៉ុប។ បារាំងគឺជាស្នូលនៃកម្លាំងយោធានិងសន្តិសុខនៅក្នុងតំបន់។ បច្ចុប្បន្នបារាំងគឺជាប្រទេសដើរ តួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងនោះមានសង្គ្រាមប្រឆាំងភេរវកម្មជាដើម។ប្រទេសទាំង៥សុទ្ធសឹងតែជាប្រទេសមានគ្រាប់បែកបរមាណូដែលជាប្រទេស កំណត់សន្តិសុខនៅលើពិភពលោកនៅ ពេលអនាគត។ ប្រសិនបើប្រទេសទាំងនោះមានជម្លោះនឹងគ្នារហូតឈានដល់ការផ្ទុះសង្គ្រាមនោះ ពិភពលោកនឹងត្រូវរលាយ ជាមិនខានឡើយ។

ប្រទេសដែលអាចទប់ទល់នឹងអាមេរិកបានមានតែចិននិងរុស្ស៊ីប៉ុណ្ណោះ ហើយ ទាល់តែប្រទេសទាំងពីរត្រូវតែរួមកម្លាំងគ្នាទើបអាចនាំមុខលើអាមេរិកបាន។ ប៉ុន្តែចិន និងរុស្ស៊ីក៏ពិបាកក្នុងការរួមរួមគ្នាដែរ ពាក់ ព័ន្ធនឹងប្រវត្តិសាស្ត្រមួយចំនួន ហើយប្រទេស ទាំងពីរត្រូវការប្រជែងគ្នាទៀតផង។ការមិនចុះសម្រុងនឹងគ្នានៅក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធដែលជាចំណុចសំខាន់ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងចិនទាំងនោះហើយបានធ្វើឱ្យបែកធ្លាយនូវចំណុចអវិជ្ជមានរបស់ប្រទេសទាំង២ពិបាកប្រមូល កម្លាំងទប់ទល់ជាមួយអាមេរិក និងលោក ខាងលិចដែលមានសម្ពន្ធមិត្ដរឹងមាំបំផុត។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចទៅកានប្រទេសចិន ហើយបានចុះហត្ថលេខាជាច្រើនទៅលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៣ ខែកញ្ញា។ ប៉ុន្ដែប្រទេសទាំងពីរនៅតែមិនទាន់ឯកភាព គ្នាជាធ្លុងមួយលើគម្រោងវិនិយោគសំខាន់ៗ មួយចំនួន។ តាមសារព័ត៌មាន The Moscow times បានផ្សាយថា ទំនាក់ទំនងរវាង រុស្ស៊ីនឹងចិននៅមានកម្រិត មិនទាន់មាន កម្លាំងគ្រប់គ្រាន់ទប់ទល់នឹងលោកខាង លិចនៅឡើយទេ។រុស្ស៊ីត្រូវបានលោកខាងលិចដាក់ទណ្ឌ កម្មក្រោយវិបត្ដិនៅប្រទេសអ៊ុយក្រែន ហើយ រុស្ស៊ីបានបង្វែរទិសដៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងនោះមានចិនជាអាទិភាពបំផុត ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចរុស្ស៊ីឱ្យ រួចផុតពីទណ្ឌកម្មរបស់លោកខាងលិច៕

ប្រទេសមហាអំណាចយោធាទំាង៥នៅលើពិភពលោកក្នុងសតវត្សទី២១

ប្រភព៖ nokorwatnews

  • ប្រទេសមហាអំណាចយោធាទំាង៥នៅលើពិភពលោកក្នុងសតវត្សទី២១已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: