វី​ជេ​អា​ណូ ប្រកាស​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​ក្រោយ​បាត់​មុខជា​យូរ

រាជធានី​ភ្នំពេញ ៖ វី​ជេ​អា​ណូ បាន​ប្រកាស​វិល​ចូល​ពិភព​សិល្បៈ​ជា​ថ្មី បន្ទាប់​ពី​នាង​ដើរ​ចេញ​អស់​រយៈពេល​ជា​យូរ​កន្លង​មក និង​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ ។

ដំណឹង​ពី​តារា​សម្តែង និង​ពិធី​ការិនី​រូប​នេះ​តាម​រយៈ​លោក​អ៊ែ​ន​ឌី ដោយ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​សកម្មភាព​នៃ​ការ​ថត​ម៉ូ​ដ​ជាមួយ​វី​ជេ អា​ណូ តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ក្រោយ​ពី​បង្ហោះ​រូបភាព​ទាំងនោះ​មក​លោក អ៊ែ​ន​ឌី បាន​អះអាង​ថា អតីត​តារា​សម្តែង និង​ពិធី​ការិនី​វី​ជេ​អា​ណូ នឹង​វិល​មក​កាន់ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​ចេញ​ទៅ​រស់នៅ​ទឹកដី​អា​មេ​រិ​ក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ វី​ជេ​អា​ណូ នឹង​វិល​មក​វិញ​ទាំង​ការ​សម្តែង និង​ជា​ពិធី​ការិនី​ដូច​អ្វី​ដែល​នាង​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ។ កន្លង​មក​វី​ជេ​អា​ណូ បាន​ផ្ទុះ​រឿងអាស្រូវ​ធ្វើ​ឲ្យ​ផ្អើល​អស់​ពិភព​សិល្បៈ ។

បើ​តាម​លោក​អ៊ែន​ឌី ថា វី​ជេ​អា​ណូ បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក និង​បាន​ចេញចូល​ប្រទេស​ថៃ ធ្វើ​ជំនួញ ហើយ​បាន​ជួប​លោក​ដោយ​ចៃដន្យ ។ លោក​អ៊ែន​ឌី​បាន​នាំ​វី​ជេ​អា​ណូ​ថត​ម៉ូ​ដ​សម្លៀក​បំពាក់ និង​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ វី​ជេ អា​ណូ នឹង​វិល​ចូលរួម​សម្តែង​ជា​ថ្មី ខណៈ​ពេល​នាង​នៅ​មិន​ទាន់​មាន​ស្វាមី និង​កូន​ដូច​ការ​ចុះ​ផ្សាយ​ពេល​នា​កន្លង​មក​ឡើយ ។ ការ​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដោយសារ​តែ​វី​ជេ​អា​ណូ​ចេញ​ទៅ​រស់នៅ​បរទេស និង​ជាប់​មុខ​ជំនួញ​ផ្ទាល់ខ្លួន ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ដាច់​អាល័យ​ពី​អាជីព​សិល្បៈ​នៅឡើយ​ទេ ហើយ​ស្រប​ពេល​ដែល​នាង​អាច​ដកឃ្លា​បាន​នាង​ប្រកាស​វិល​ចូល​អាជីព​ចាស់​នេះ​ជា​ថ្មី​ឡើង​វិញ ប្រសិនបើ​មាន​ខាង​ផលិតកម្ម និង​ទូរទស្សន៍​ទាក់ទង​រូប​នាង ។

លោក​អ៊ែន​ឌី បញ្ជាក់​ថា រូបរាង​របស់​វី​ជេ​អា​ណូ នៅ​តែ​ស្រស់​ស្អាត​គួរ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ដដែល ។

តារា​សម្តែង និង​ពិធី​ការិនី​នាង​សួន ភក្តី ឬ​វី​ជេ​អា​ណូ គឺជា​អតីត​តារា​ស្រី​ល្បីឈ្មោះ​ក្នុង​អំឡុង​ឆ្នាំ​២០០៧-២០០៨ ប៉ុន្តែ​នាង​បាន​បាត់​មុខ​វិញ​ក្រោយ​ពី​ពើបប្រទះ​ព័ត៌មាន​អាស្រូវ​ថា ទាក់ទង​ស្នេហា​ជាមួយ​មន្ត្រី​ធំ ហើយ​ត្រូវ​ស្ត្រី​ជា​ភរិយា​មន្ត្រី​នោះ​លើកគ្នា​ទៅ​ចាប់​កោរសក់ និង​ឆូត​ឡា​ម​លើ​រាង​កាយ​។ បន្ទាប់​ពី​រំលង​ផុត​ព័ត៌មាន​អាស្រូវ​នោះ​មក វី​ជេ​អា​ណូ បាន​ចេញ​មុខ​វិញ​ក្នុង​កម្មវិធី​«​ស៊ុប​ពើរ​ហៃ​តិច​» របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដែល​ជា​ការ​ចេញ​មុខ​ចុង​ក្រោយបង្អស់​របស់​នាង ។ បន្ទាប់​មក​វី​ជេ​អា​ណូ​បាត់​មុខ​ឈឹង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​ការ​រស់នៅ​របស់​នាង​ទេ ហើយ​មានការ​សន្និដ្ឋាន ខុស​ៗ​គ្នា​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ។ នា​ពេល​នេះ​ទើប​គេ​ដឹង​ថា វី​ជេ​អា​ណូ​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​យ៉ាង​ស្ងៀមស្ងាត់​បំផុត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាងរង​ការ​គំរាមកំហែង និង​ដោយ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ៕