៨ថ្ងៃ​ទៀត​! នឹង​​បើក​សវន​ការ​​លើ​សំណុំ​​រឿង​​លោក សម រង្ស៊ី ​

រាជធានីភ្នំពេញ ​៖ ប្រភព​បាន​ឱ្យ​ដឹងថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​​រស់ ពិ​សិ​ដ្ផ បាន​កំណត់​យក​ថ្ងៃ​ទី​២៨ កក្កដា​ ២០១៦ខាង​មុខ​នេះ​ ដើម្បី​​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំ​រឿង​លោក​សម រ​ង្ស៊ី​ ដែល​ជាប់​ពាក់ព័ន្ធពី​​បទ​​បរិហា​កេ​រ្តិ៍​​ជា​សាធា​រណៈ​​លើស​ម្ដេច​​ចក្រី​ហេង សំ​រិ​ន តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។

គួរ​បញ្ជាក់​ថា តាម​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​១ ធ្នូ ២០១៥ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​វង្ស ប៊ុ​ន​វិសុទ្ធ បាន​ចេញ​ដីកាកោះឱ្យ​​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ មក​រា ២០១៦ វេលា​ម៉ោង០​៨ និង​៣០​នាទី​ព្រឹក ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណ​:​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​ពាក្យបណ្ដឹង​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ។

ដើមចម​នៃ​ពាក្យបណ្ដឹង​នោះ​​គឺ កាលពី​ថ្ងៃ​ទី ​១៧ វិច្ឆិកា ២០១៥ ផេ​ក​ហ្វេ​ស​​ប៊ុ​ក​ជា​​ផ្លូវការ​របស់លោកសម រ​ង្ស៊ី បាន​សរសេរ​អត្ថបទ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​​វី​ដេ​អូ​មួយ​ថា យើង​ចង​ចាំ​ថា ​របប​កើត​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​ឱ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារ​ជីវិត សម្តេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គ​ថា​ ជា​ជន​ក្បត់ជាតិ ។

លោកសម រង្ស៊ី​ ផង​ដែរ ​ក៏​ធ្លាប់​មាន​ដីកា​កោះហៅ​ឱ្យ​​ចូលខ្លួន​ទៅ​កាន់សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ ដើម្បី​សាក​សួរ​ទាក់ទិន​នឹង​បទ​ចោទ​​សមគំនិត ​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​​​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹង​ក​វរ​ធ្ងន់​ ដល់​សន្តិសុខ​សង្គម​ ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២​ និង​១៣ ​សីហា ឆ្នាំ​២០១៥ បទ​បញ្ញា​ត្តិ​ដែល​មាន​ចែង តាម​មាត្រា ២៩, ៦២៩,៦៣០ និងមាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ចំណែកឯ​ពាក្យបណ្ដឹង​មួយ​ផ្សេង​ទៀត គឺ​លោកសម រ​ង្ស៊ី ត្រូវ​បាន​ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ឺ វណ្ណ​នី បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ពី​បទ​.​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់ឱ្យ​មានការ​រើសអើង បន្ទាប់​ពី​លោកសម រ​ង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាល​ពី​អំឡុង​ឆ្នាំ ២០០៨ ថា​លោក ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស គឺជា​អតីត​មេ​គុក​សម័យ​ខ្មែរក្រហម ។