មិនឃើញ​មក​សូត្រធម៌​ជុំ​គ្នា ទៅ​មើល​នៅ​កុដិ​ដែល​គង់ ស្រាប់តែ​ផ្អើល​ពេញ​វត្ត

ខេត្តកំពង់ចាម ៖ លោកសង្ឃ​១​អង្គ​ព្រះ​នាម វ៉ា​ន់ សុខ​ជា អាយុ​២១​ឆ្នាំ គង់នៅ​វត្ត​មេស​ជ្រៃ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ដោយសារ​តែ​តូចចិត្ត​មាន​អាពាធ​ប្រចាំការ​បាន​ដាច់​ចិត្ត​យក​ខ្សែ​រុំ​ចង្កេះ (​ខ្សែ​វត្ថុ​ពន់​) ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​នៅ​លើ​កុដិ​បណ្តាល​ឲ្យ​អនិច្ចធម្ម​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ធ្វើការ​កោសល្យ​វិ​ច្ច័​យ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី សឿ​ន ទិ​ត អធិការរង​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ សង្ឃ​អង្គ​ខាងលើ​បាន​និមន្ត​ចេញពី​វត្ត​ទៅ​លើ​ផ្ទះ​ញោម​ស្ថិត​នៅ​ក្នុងភូមិ​ក្បាល​អូរ ឃុំ​មេស​ជ្រៃ និង​បាន​មាន​សង្ឃដីកា​លេង​ជាមួយនឹង​ញោម​ពី​នេះ​ពី​នោះ ។ ជាមួយ​នោះ​ញោម​បាន​ណែនាំ​ដល់​សង្ឃ​ឈ្មោះ សុខ​ជា ឲ្យ​ខិតខំ​រៀន​ព្រះធម៌​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មានចំណេះ​ដឹង​កាន់តែ​ប្រសើរ​ឡើង បន្ទាប់​មក​ក៏​បាន​និមន្ត​ទៅ​វត្ត​វិញ ។

លោក​វរសេនីយ៍ត្រី សឿ​ន ទិ​ត ប្រាប់​បន្ត​ទៀត​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា មានកម្ម​វិធី​បុណ្យ​របស់​អ្នក​ភូមិ ហើយ​ថែម​ទាំង​បាន​និមន្ត​ទៅ​សូត្រធម៌​ជាមួយ​សង្ឃ​អង្គ​ផ្សេង​ទៀត​ផង​ដែរ ។ ក្រោយ​ពី​បាន​ឆាន់​អាហារ​ថ្ងៃត្រង់​ហើយ​បាន​គង់នៅ​លើ​កុដិ​ឈើ​មួយ​ដូច​សព្វ​មួ យ​ដង តែ​ធ្លាប់​បាន​ត្អូញត្អែរ​ប្រាប់​គេឯង​ថា ជំងឺ​ក្រពះ និង​ពោះវៀន បាន​យាយី​លើ​រាង​កាយ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយនឹង​សង្ឃ​អង្គ​ណាមួយ​នោះ​ទេ ។ លុះ​ពេល​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ត្រូវ​នឹង​ថ្ងៃ​ចូល​ព្រះ​វស្សា​ផង​នោះ ព្រះសង្ឃ​ទាំងអស់​ដែល​គង់នៅ​ក្នុង​វត្ត​ត្រូវ​បាន​និមន្ត​មក​សូត្រធម៌​ជុំ​គ្នា ស្រប​ពេល​ដែល​បាត់​សង្ឃ​ឈ្មោះ សុខ​ជា មិនឃើញ សង្ឃ​ផ្សេង​បាន​តាម​ទៅ​ហៅ​នៅ​លើ​កុដិ​ដែល​គង់នៅ ឃើញ​ទ្វារ​មិន​ចាក់សោរ​ពី​ក្រៅ​ទេ តែ​បាន​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយ​បាន​ឡើង​អើត​តាម​ជញ្ជាំង ស្រាប់​ប្រទះ​ឃើញ​ចង​.​ក​បណ្តាល​ឲ្យ​អនិច្ចធម្ម​បាត់​ទៅ​ហើយ​ក៏​បង្ក​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង ។ សង្ឃ​អង្គ​នេះ​បាន​បួស​រៀន​នៅ​វត្ត​មេស​ជ្រៃ​បាន​៤​ព្រះ​វស្សា​មក​ហើយ​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី សឿ​ន ទិ​ត អធិការរង​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បញ្ជាក់​ថា ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេស​ជ្រៃ បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​កុដិ​កើតហេតុ​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ទៅ​នោះ​ទេ ។

ផ្អែក​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​សង្ឃ​អង្គ​នេះ​ពិតជា​បាន​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ដោយ​យក​ខ្សែ​រុំ​ចង្កេះ​ចង​បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ញោម​របស់​លោក​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕