ពិធីបុណ្យ​ចូល​ព្រះ​វស្សា​នៅ​ថ្ងៃនេះ​ហើយ

រាជធានី​ភ្នំពេញ ៖ បុណ្យ​ចូល​ព្រះ​វស្សា​ជា​ពិធីបុណ្យ​មួយ​នៃ​ព្រះពុទ្ធ​សាសនា ហើយ​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សម​ណេ​រ សីល​វ័ន សីលវតី ដូនជី បាន​រៀន​ធម៌​វិន័យ ។ ចំណែក​ពុទ្ធបរិស័ទ​វិញ​ទទួល​បាន​អា​និ​សង្ឃ​ផល​បុណ្យ​តាម​រយៈ​ការ​ចូលរួម​បរិច្ចាគ បច្ច័យ ទេយ្យទាន និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​អំឡុង​នៃ​ពិធីបុណ្យ​ចូល​ព្រះ​វស្សា ។

លោក​ញាណ ភឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​បុណ្យ​ជាតិ និង​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៦​លើក​ឡើង​ថា បុណ្យ​ចូល​កាន់​ព្រះ​វស្សា គឺជា​ពិធីបុណ្យ​ដ៏​ធំ​របស់​ពុទ្ធសាសនិកជន​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ មាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃ​១៥​កើត ខែអស្សុជ ។ ឆ្នាំ​២០១៦​នេះ​បុណ្យ​ចូល​ព្រះ​វស្សា​ត្រូវ​នឹង​ថ្ងៃ​ទី​២០ កក្កដា ហើយ​បញ្ចប់ ឬ​ចេញ​ព្រះ​វស្សា​នៅ​ថ្ងៃ​ទី​១៦ តុលា​ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែអស្សុជ​។ អំឡុង​ពេល​ចូល​ព្រះ​វស្សា ព្រះ​សង្ឃ​​ពុំ​អាច​និមន្ត​ចេញពី​វត្ត​បាន​ដូច​ពេល​ចេញ​វស្សា​ទេ បើ​ពុំ​មាន​កិច្ច​ដូច្នេះ​ពុទ្ធបរិស័ទ​មាន​នាទី​ទំនុកបម្រុង​ព្រះសង្ឃ​មាន​ដូច​ជា ធូប ទៀន ប្រេង​អុជ​បំភ្លឺ ស្បង់​ចីវរ ចង្ហាន់​នានា អាច​ទុក​បាន​យូរ​ដូច​ជា អំបិល ឆៃប៉ូវ អង្ករ មី ត្រីងៀត ត្រីឆ្អើរ ត្រីផាត់ និង​ភេសជ្ជៈ​ជាដើម ។

លោក​ញាណ ភឿន ឲ្យ​ដឹង​ទៀត​ថា មុន​ពិធីបុណ្យ​ព្រះ​វស្សា​ចូល​មក​ដល់ ពុទ្ធសាសនិក​នៅ​ទូ​ទាំង​ប្រទេស​គ្រប់​ជាន់ថ្នាក់​តែងតែ​នាំ​យក​សទ្ធា​ជ្រះថ្លា​របស់​ខ្លួន មាន​បច្ច័យ ទេយ្យ​ទាន គ្រឿង​ឧបភោគបរិភោគ ពិសេស​គឺ​ទៀន​ព្រះ​វស្សា សម្រាប់​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូ​ទាំង​ប្រទេស ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​រដូវភ្លៀង​ធ្លាក់ ។ នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា សាសនា ដែល​បាន​បន្សល់​ទុក​ពី​ជំនាន់​ដើម​រហូត​មក​ដល់​សព្វថ្ងៃ ។ បុណ្យ​ចូល​វស្សា​ជា​ប្រពៃណី​ខ្មែរ រីឯ​ទេយ្យទាន​គ្រឿង​ឧបភោគ បរិ​ភោគ​​ប្រគេន​ព្រះសង្ឃ នឹង​ទទួល​បាន​ផលា​និ​សង្ឃ​ច្រើន សម្រាប់់​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ ព្រោះ​បាន​ជួយ​ដោះ​ទុក្ខ បាន​ជួយ​សម្រាល​ការ​លំបាក​របស់​សង្ឃ​ក្នុង​ការ​ស្វែង​រក​អាហារ​បិណ្ឌ​បាត្រ​នៅ​រដូវភ្លៀង ហើយ​ភិក្ខុសង្ឃ​ទាំងអស់​ត្រូវ​រៀន​ធម៌​វិន័យ​ឱ្យ​បាន​ពេញលេញ គ្មាន​ភិក្ខុ​អង្គ​ណា​អាច​គេច​ចេញ​មិន​ចូល​វស្សា​បាន​ឡើយ  ព្រោះ​ព្រះពុទ្ធ​បាន​ត្រាស់​ថា បើ​ភិក្ខុ​ណា​មិន​ចូល​វស្សា ភិក្ខុ​នោះ​នឹង​ដាច់​អាបត្តិ​ធម៌អាថ៌ ប្រាសចាក​វិន័យ​សង្ឃ គឺ​បាប ។

ពិធីបុណ្យ​ចូល​វស្សា​មានកំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម៉្លេះ ដោយ​បាន​ចែង​នៅ​ក្នុង​វិន័យ​បិដក​ភាគ​៧ ។ ពិធីបុណ្យ​នេះ​មាន​ប្រវត្តិ​នៅ​គ្រា​ដែល​ព្រះពុទ្ធ និង​ភិក្ខុ​ទាំង​១.២៥០​អង្គ ប្តូរ​ពី​ចម្ការ​ត្នោត​ទៅ​គង់នៅ​ក្នុង​ព្រៃ​ឫស្សី​ទៀប​ក្រុង​រាជគ្រឹះ គឺជា​រដូវវស្សា​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​កសាង​វត្ត​ថ្មី​ផង និង​ដល់​ការ​និមន្ត​បិណ្ឌ​បាត្រ​ផង ។

លោក​ផ​ន ដា​វី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លើក​ឡើង​ពី​បុណ្យ​ចូល​វស្សា​ថា កំណត់​មិន​ឲ្យ​ព្រះសង្ឃ​ចេញ​ក្រៅ​វត្ត​ទេ នេះ​ជា​ច្បាប់​វិន័យ​សង្ឃ ប៉ុន្តែ​បើ​ចេញ​ក្រៅ​ត្រូវ​មាន «​សតហៈ​» មាន​ន័យ​ថា សុំ​ច្បាប់​ពេល​មាន​ឪពុក​-​ម្តាយ​ឈឺ​ធ្ងន់ និង​មានធុរៈ​ចាំបាច់ ប៉ុន្តែ​ការ​និមន្ត​ចេញ​ក្រៅ​នោះ មាន​រយៈពេល​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ គម្រប់​ថ្ងៃ​ទី​៧​ត្រូវ​រូតរះ​និមន្ត​ចូល​វត្ត​វិញ​បន្ទាន់ ។ ក្នុង​រដូវវស្សា​ព្រះសង្ឃ​អាច​និមន្ត​ចេញ​បិណ្ឌ​បាត្រ​បាន​មិន​ខុស​វិន័យ​ឡើយ ព្រោះ​គ្រឿង​ឧបភោគបរិភោគ​ទុក​បង្ការ​សម្រាប់​តែ​ពេល​មាន​ភ្លៀង​ប៉ុណ្ណោះ ។

នៅ​ទូ​ទាំង​ប្រទេស​មាន​ព្រះសង្ឃ​ជាង​៥​ម៉ឺន​៨​ពាន់​អង្គ និង​វត្តមាន​ចំនួន​៤.៧៥៥​វត្ត ក្នុង​នោះ​រាជធានី​ភ្នំពេញ មាន​វត្ត​ចំនួន​១៤៩​វត្ត និង​ព្រះសង្ឃ​ជិត​៨​ពាន់​អង្គ ៕