ការដំឡើង​ខែល​THAAD​របស់​អាមេរិក​-​កូរ៉េ​ខា​ងត្បូង កំពុងតែ​រំលោភបំពាន​សេចក្តីសម្រេច​UN? និពន្ធដោយ : ថ្មីៗ       July-20-2016, 9:20 am         213

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការដំឡើង​ខែល​THAAD​របស់​អាមេរិក​-​កូរ៉េ​ខា​ងត្បូង កំពុងតែ​រំលោភបំពាន​សេចក្តីសម្រេច​UN?​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD គឺជា​សេចក្តីប្រាថ្នា​មួយ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដើម្បី​ធានា​សុវត្ថិភាព​ពី​ការគំរាមកំហែង​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ឥតឈប់ឈរ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​។ តែ​ចំណាត់ការ​នេះ មិន​ទទួល​បានការ​សាទរ​ទាំងស្រុង​ទាំងពី​ប្រជាជន​ក្នុងស្រុក និង​ប្រទេសជិតខាង​មួយចំនួន​ផងដែរ​។ មួយវិញទៀត​នោះ ក៏មាន​ការរិះគន់​មួយ​បានលើកឡើង​ផងដែរ​ថា​ការដំឡើង​ខែល​THAAD របស់​អាមេរិក និង​កូរ៉េខាងត្បូង បាន​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទៀតផង​។

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​០៨ ខែកក្កដា​កន្លងទៅ បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ក្រោយមក នៅ​ថ្ងៃទី​១៣ ខែកក្កដា​ដដែល​នោះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ទីតាំង​ជា​ផ្លូវការ​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ធុន​ធ្ងន់​នោះ ដោយ​នឹងដាក់​នៅក្នុង​ខេត្ត​សឹង​ជឺ (Seongju) ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។

​ប្រតិកម្ម​ប្រជាជន​ក្នុង និង​អ្នកជិតខាង​
​ភ្លាមៗ​ជាមួយនឹង​កិច្ចព្រមព្រៀង​អាមេរិក និង​កូរ៉េខាងត្បូង​ពី​ការដាក់​ខែល​ការពារ​មី​ស៊ី​ល​មួយ​នេះ ចិន និង​រុស្ស៊ី បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង និង​ថែមទាំង​ព្រមាន​ពី​ផលប៉ះពាល់ និង​វិធានការ​អវិជ្ជមាន​ទៀតផង​។ ក្រសួងការបរទេស​រុស្ស៊ី បានបង្ហាញ​ការព្រួយបារម្ភ និង​ជំទាស់​យ៉ាងខ្លាំង ដោយ​ព្រមាន​ថា​នឹងមាន​ការឆ្លើយតប​មួយ​ដ៏​គ្រោះ​ថា្នក់ ប្រសិនបើ​ការពង្រាយ​នោះ នៅតែ​បន្ត​ទៅមុខ​។​

​បន្ថែម​ពីនេះ គណៈកម្មាធិការ​កងទ័ព នៃ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​ផ្លូវការ​ដដែល​នោះ ក៏បាន​ព្រមាន​ដែរ​ថា អង្គភាព​មី​ស៊ី​ល អាច​នឹងដាក់​ពង្រាយ​នៅ​ភាគី​ខាងកើត​រុស្ស៊ី​ដើម្បី​ជាការ​ឆ្លើយតប​ទៅ​ការដាក់​ពង្រាយ THAAD ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​បន្ថែម​ដែរ​ថា គណៈកម្មាធិការ នឹង​ពិចារណា​លើ​ការសម្រេចចិត្ត​ជាក់លាក់​មួយ​ជាមួយនឹង​ក្រសួងការពារជាតិ​លើ​ផែនការ​យោធា​ដែល​រួមបញ្ចូល​ទាំង​ការពង្រាយ​មី​ស៊ី​ល និង​កងទ័ពជើងគោក​ផងដែរ​នោះ​។​

​សម្រាប់​ក្រុង​ប៉េកាំង​វិញ ក៏​មិន​ខុសពី​ក្រុង​ម៉ូស្គូ​ដែរ​។ ចិន ដែល​តែងតែ​ប្រកៀក​ស្មា​ជាមួយនឹង​រុស្ស៊ី​ប្រឆាំងនឹង​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​តាំងពីដើម​មក​នោះ ក៏បាន​ប្រកាស​គោលជំហរ​មិន​ប្រែប្រួល​ប្រឆាំងនឹង​ចំណាត់ការ​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហុង ឡី បាន​អះអាងថា ចិន ទទូច​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង បញ្ឈប់​ដំណើរការ​នៃ​ប្រព័ន្ធ​ការពារ​នោះ​ជាបន្ទាន់ ហើយ ចៀសវាង​សកម្មភាព​បង្ក​ភាពស្មុគស្មាញ​ក្នុង​តំបន់ ឬ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​ចិន​ទៀតផង​។ ក្រុង​ប៉េកាំង ចាត់ទុកថា​សកម្មភាព​នេះ មិន​ជួយ​ដល់​ទិសដៅ​នៃ​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​នោះទេ តែ​វា ប្រឆាំង​ទៅនឹង​ការប្រឹងប្រែង​ដោយ​ភាគី​ពាក់ព័ន្ធ​ដែល​តែងតែ​ជ្រើស​រើសយក​ការចរចា និង​ពិគ្រោះ​យោបល់​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។​

​សម្រាប់​តួអង្គ​សំខាន់​នៃ​បញ្ហា​សន្តិសុខ​មួយ​នេះ គឺ​កូរ៉េខាងជើង នៅមុន​នៃ​ការប្រកាស​ដំឡើង​ខែល​THAAD នៅក្នុង​ខេត្ត Seongju ការិយាល័យ​កាំភ្លើង​ធំ​នៃ​សេនាធិការ​យោធា​ប្រជាជន​កូរ៉េខាងជើង ក៏បាន​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​តាម​មធ្យោបាយ​យោធា​វិញ​ផងដែរ​។ នៅ​ថ្ងៃទី​១៧ ខែកក្កដា​នេះ កូរ៉េខាងជើង ក៏បាន​បាញ់​មី​ស៊ី​លបី​គ្រាប់​ជាថ្មី ដែល​សកម្មភាព​នេះ ត្រូវបាន​មើលឃើញថា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ របស់​កូរ៉េខាងជើង​ដែលជា​វិធានការ​ឆ្លើយតប​ទៅនឹង​ខែល THAAD​។​

​អ្វី​គួរកត់សម្គាល់​នោះ ក្រៅពី​ប្រទេសជិតខាង ប្រជាជន​កូរ៉េខាងត្បូង​ខ្លួនឯង​មួយ​ភាគ ក៏​មិនបាន​គាំទ្រ​ចំណាត់ការ​នេះ​ផងដែរ​។ ប្រជាជន​កូរ៉េខាងត្បូង​ជាង​៣០០០​នាក់ នៅ​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ បាន​ផ្ទុះ​បាតុកម្ម និង​ឡោមព័ទ្ធ​ឡានក្រុង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Hwang Kyo-ahn នៅ​ខេត្ត Seongju ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ពួកគេ បាន​សន្យាថា នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នៃ​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​(THAAD) ត្រូវ​លុបចោល​ផងដែរ​។​

​កិច្ចព្រមព្រៀង​អាមេរិក និង​កូរ៉េខាងត្បូង​បំពាន​នឹង​សេចក្តីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ​២២៧០?
​តាម​តថភាព​ជាក់ស្តែង ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង គឺជា​យន្តការ​ការពារ​ទុកជាមុន​សម្រាប់​ការគំរាមកំហែង​ក្នុងពេល​ណាមួយ​ពី​កូរ៉េខាងជើង ដូច​ទៅនឹង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង ធ្លាប់​សារភាពថា បើ​ពឹង​សមត្ថភាព​យោធា​កូរ៉េ​ខា​ត្បូង​ផ្ទាល់ មិនអាច​ទប់ទល់​ជាមួយ​កូរ៉េខាងជើង​បានឡើយ ហើយ​មានតែ​THAAD អាមេរិក​នោះទេ ដែល​អាចជួយ​បាន​។ តែ​សកម្មភាព​នេះ ហាក់ដូចជា​មិន​ស្របទៅនឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​ចុះហត្ថលេខា​ដោយ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អាមេរិក​ផងដែរ​។

​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ដែលជា​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​ដែល​បាន​បំពាន​នឹង​បម្រាម​សហគមន៍​អន្តរជាតិ​។ យោងតាម​ចំណុច​ទី​៤៩ នៃ​សេចក្តីសម្រេច​ដែល​បានអនុម័ត​លេខ​២២៧០ ក្រុមប្រឹក្សាសន្តិសុខ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​បញ្ជាក់​ជាថ្មី​ពី​សារសំខាន់​ក្នុង​ការធានា​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ភាគ​ខាង​ឥ​សាន្ត​នៃ​អាស៊ី និង​ប្តេជ្ញារ​រក្សា​សន្តិភាព ដំណោះស្រាយ​តាម​ការទូត និង​នយោបាយ​លើ​ស្ថានភាព​នៅ​ទីនោះ​, ស្វាគមន៍​ចំពោះ​កិច្ចប្រឹងប្រែង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ក៏ដូចជា​សមាជិក​ផ្សេងទៀត ក្នុងការ​ព​ន្លឿ​ន​ដំណោះស្រាយ​សន្តិវិធី និង​គ្រប់​ជ្រុងជ្រោយ​តាមរយៈ​កិច្ចសន្ទនា និង​ចៀសវាង​សកម្មភាព​ផ្សេងៗ​ដែល​អាចធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៀតផង​»​។​

​តាម​បទបញ្ញត្តិ​នេះ បង្ហាញ​ឲ្យ​ឃើញថា ការដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ឧបទ្វីប​កូរ៉េ​មិនមែនជា​សកម្មភាព​សន្តិ​វិធី ឬ​ការទូត​នោះឡើយ​។ មួយវិញទៀត វា​ក៏​អាច​មានន័យថា​ដែរ​ថា ចំណាត់ការ​នោះ ក៏បាន​បំពាន​នឹង​សេចក្តីសម្រេច​ផងដែរ​៕