ពលរដ្ឋ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​ក្នុង​ក្រុង​ក្រចេះ

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ជា​ស្នងការ​នគរបាល​ខេត្ត និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ចាត់វិធានការ​លុបបំបាត់​ល្បែង​កន្ទុយលេខ និង​ភ្នាល់​បាល់ទាត់​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ព្រោះ​ល្បែងស៊ីសង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែង​កន្ទុយលេខ​និង​ល្បែងភ្នាល​បាល់ទាត់​ត្រូវបាន​គេ​បើក​លេង​ខុសច្បាប់​ដោយនៅ​ទីតាំង​ទី​១​មាន​ម្ចាស់​ឈ្មោះ ត្រាយ មុំ ជ្រក​ក្រោមលេស​លក់​គ្រឿង​សង្ហា​រឹម និង​ទី​តាំងទី​២​មាន​ម្ចាស់​ឈ្មោះ យ៉ុ​ន ដែល​ទីតាំង​ទាំង​២​កន្លែង​នេះ បើក​ដំណើរការ​ជា​យូរ​មកហើយ​។ សម្រាប់​ល្បែង​កន្ទុយលេខ​ត្រូវបាន​គេ​ដាក់ពង្រាយ​កូនកញ្ច្រែង​នៅតាម​ភូមិ​-​សង្កាត់​ជាច្រើន​កន្លែង ហើយ​មិនឃើញ​សមត្ថកិច្ច​នគរបាល​ក្រុង​ក្រចេះ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ក្រចេះ ចាត់វិធានការ​បង្ក្រាប​ឡើយ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា​កន្លែង​បើក​ល្បែងស៊ីសង​ទាំង​២​ទីតាំង​នេះ មាន​កត់​ឆ្នោត​កន្ទុយលេខ ចាក់​ភ្នាល់​បាល់ទាត់​តាម​បុ​ង និង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលក្រុង​ក្រចេះ ឈ្មោះ យិន វណ្ណៈ និង​អធិការនគរបាល​ក្រុង​ក្រចេះ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា​ទទួលផល​ប្រយោជន៍​ពី​មេ​ល្បែង​កន្ទុយលេខ និង​ពី​មេ​ល្បែងភ្នាល់​បាល់ទាត់ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក សរ ចំ​រ៉ុង ជា​អភិបាលខេត្ត ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​។

ដោយសារតែ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ទើប​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រចេះ ជាពិសេស​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​បទល្មើស​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ លើស​នេះ​ទៅទៀត​ល្បែងស៊ីសង​ក្នុង​ក្រុង​ក្រចេះ​បច្ចុប្បន្ន គឺជា​ភស្ដុតាង​បង្ហាញថា អាជ្ញាធរ​ក្រុង​ក្រចេះ និង​សមត្ថកិច្ច​ក្រុង​ក្រចេះ ទាំង​នគរបាល និង​កងរាជអាវុធហត្ថ មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យ​ផងដែរ​ចំពោះ​ករណី​ល្បែងស៊ីសង​នៅ​ក្រុង​ក្រចេះ ព្រោះ​អ្នកបើក​ល្បែង​បាន​អួតអាង​ប្រាប់​អតិថិជន​របស់ខ្លួន​ថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចហើយ ទើប​អាច​ដំណើរការ​យ៉ាង​រលូន​គ្មាន​នរណា​ប៉ះពាល់​ដូច​សព្វថ្ងៃនេះ​៕

Pic139លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ