លោក ទា គឹម​សុទ្ធ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​

​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​លោក ទា គឹម​សុទ្ធ បាន​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូល​ក្រុង​សៀមរាប ហើយ​ចែកចាយ​តាម​ដេប៉ូ​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូល​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ ស្រុក​វ៉ារិន ស្រុក​ស្វាយ​លើ និង​ពី​ខេត្តព្រះវិហារ ចូលមក​ក្រុង​សៀមរាប តាម​រថយន្ត​ធំៗ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាក់ស្ដែង​នៅ​ក្រុង​សៀមរាប មាន​ឈ្មួញ​ឈ្មោះ វីរៈ ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​នានា​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​សមត្ថកិច្ច​បានត្រឹមតែ​ហុចដៃ​ទទួល​លុយ​ពី​ឈ្មួញ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ឈ្មួញ​ខ្លះ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ហើយ​ឈ្មួញ​ខ្លះ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដែលមាន​ភាពមិនប្រក្រតី ដើម្បី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដោយសារតែ​ពួកគេ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​។

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​ឈ្មួញ​ទាំងនោះ​សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ទា គឹម​សុទ្ធ ជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ពី​ការឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្តសៀមរាប ព្រោះ​អី​បើ​គ្មាន​ការបើក​ដៃ​ពី​លោក ទា គឹម​សុទ្ធ ទេ​គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ វីរៈ និង​ឈ្មួញ​មួយចំនួនទៀត នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចូល​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ស្រេច​តែ​អំពើ​ចិត្ត​៕

13263880_1714412162158808_4473707608426999984_nលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប b-tim-sr1-1-500x281