មេ​គយ​ខេត្តឧត្ដរមានជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​អំពើ​ចិត្ត​

​ករណី​ឈ្មួញ​នាំចូល​ប្រេងសាំង​ពី​ប្រទេស​សៀម តាម​ច្រករបៀង​ជប់​គគីរ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តឧត្ដរមានជ័យ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បើក​គ្មាន​ការបើក​ដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក ខាន់ ផល្លា អនុប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​ជា​មេ​គយ​ចល័ត​ខេត្ត​នេះ​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​មូលដ្ឋាន​ក្នុងស្រុក​បន្ទាយ​អម្ពិល បាន​បង្ហើប​ថា​ប្រេងសាំង​ដែល​នាំចូល​តាម​ច្រករបៀង​ជប់​គគីរ ៧០​ភាគរយ​គឺជា​ប្រេងសាំង​គេចពន្ធ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ គឺ​ករណី​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រករបៀង​ជប់​គគីរ​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ឃុំ​ចាន់​ក្រហម​សែន​ជ័យ មាន​បរិមាណ​កាន់តែច្រើន​ឡើងៗ​។ លើស​នេះ​ទៅទៀត​នៅពេលដែល​ឈ្មួញ​នាំចូល​ប្រេងសាំង​ទាំង​ស៊ីទែនៗ​មក​ស្តុក​ទុក​នោះ មិនដែល​ឃើញ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រការនេះ​អាចធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ឈ្មួញ​និង​សមត្ថកិច្ច​ពុករលួយ​ដែល​ឃុបឃិត​គ្នា​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា លោក ខាន់ ផល្លា អនុប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​ជា​មេ​គយ​ចល័ត​ខេត្ត​នេះ មិនដែល​បង្ក្រាប​ទំនិញ​គេចពន្ធ ក៏ដូចជា​ប្រេងសាំង​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​ជប់​គគីរ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​នោះទេ​។ ផ្ទុយទៅវិញ​លោក ខាន់ ផល្លា តែង​ប្រើប្រាស់​កម្លាំង​ក្រោម​ឱវាទ​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​ឲ្យ​សមត្ថកិច្ច​គយ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។ ករណី​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ​៕

srnews-43 srnews-42 KA-18-07-2016-20