មន្ត្រីការទូត​អាមេរិក​បញ្ជាក់​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា

លោក ថម ម៉ាលី​ណូ​ស្គី ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ក្នុងប្រទេស​កម្ពុជា ហើយ​លោក​បានធ្វើ​ការបញ្ជាក់​យ៉ាងច្រើន​អំពី​ការធ្វើ​ឲ្យ​មាន​ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​របស់​គណ​បក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោក ថម ម៉ាលី​ណូ​ស្គី បានបញ្ជាក់​ជាថ្មី​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ថា សហរដ្ឋអាមេរិក​គឺជា​ប្រទេសមួយ​ដែល​អាចធ្វើ​ឲ្យ​ពិភពលោក​ជឿ​ទៅលើ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក ថម ម៉ាលី​ណូ​ស្គី បាន​និយាយ​ពាក់ព័ន្ធ​ទៅនឹង​ជំនួយ​របស់​ប្រទេស​ចិន សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

​ជុំវិញ​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា​ត្រូវបាន​លោក ថម ម៉ាលី​ណូ​ស្គី ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ជាក់ថា​«​ជំនួយ​ចិន​នឹង​មិនអាច​ផ្ដល់​ឲ្យ​កម្ពុជា​នូវ​ការបោះឆ្នោត​មួយ​ប្រកបដោយ​ប្រជាធិបតេយ្យ​និង​ត្រឹមត្រូវ​នោះទេ បើទោះបី​ចិន​បានផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញប្បទាន​មកដល់​ប្រទេស​កម្ពុជា​ក្ដី​។ ការលើកឡើង​របស់លោក ថម ម៉ាលី​ណូ​ស្គី គឺ​បន្ទាប់ពី​ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ជំនួយឥតសំណង់​ប្រមាណ​៦០០​លាន​ដុល្លារ​សម្រាប់​គាំទ្រ​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ជាច្រើន​រយៈពេល​៣​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​។ ការសន្យា​របស់​ចិន​ក៏បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ចេញ​សាលដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះក្ដី​លើ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​ដណ្ដើម​កម្មសិទ្ធិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ហ្វីលីពីន​ជា​អ្នកប្ដឹង​។

មន្ត្រីការទូត​អាមេរិក លោក ថម ម៉ាលី​ណូ​ស្គី បាន​ថ្លែង​ទៀតថា​ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃទៀត​ក្នុង​សមាគម​អាស៊ាន ត្រូវ​រក្ស​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ដោយសារតែ​ការពង្រឹង​ទំនាក់ទំនង​នេះ មិនបាន​បង្ក​ជា​ក្ដីបារម្ភ​ដល់​សន្តិសុខ​នៅក្នុង​តំបន់​នោះទេ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បានដឹង​រួចទៅហើយ អំពី​អ្វីដែល​សហរដ្ឋអាមេរិក​បានផ្ដល់​ជូន និង​អ្វី​ទៅ​ដែល​ប្រទេស​ចិន​មិនអាច​ផ្ដល់ជូន រួមមាន​ការទទួលស្គាល់​អំពី​កិច្ចដំណើរការ​បោះឆ្នោត​ដែល​ប្រទេស​ចិន​មិនអាច​ធ្វើបាន​នោះ​។ លោក ថម ម៉ាលី​ណូ​ស្គី បាន​សង្កត់ធ្ងន់ថា​«​ខ្ញុំ​គិតថា​មាន​អ្វីៗ​ជាច្រើន​ដែល​សហរដ្ឋអាមេរិក​ផ្ដល់​ឲ្យ ហើយ​ដែល​ប្រទេស​ចិន​មិនអាច​ផ្ដល់​ឲ្យ​។ ខ្ញុំ​គិតថា​រាជរដ្ឋាភិបាល​កម្ពុជា​បានដឹង​អំពី​រឿងនេះ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចង់​ឲ្យ​ពិភពលោក​មើលឃើញថា ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ គួរ​ឲ្យ​ជឿជាក់​នោះ វា​គឺជា​អ្វីដែល​ប្រទេស​ចិន​មិនអាច​ផ្ដល​ឲ្យ​នោះទេ​៕

48857F08-4E3F-44E3-8D06-F689C2EA0D54_w610_r1_s DE52F7DF-D45E-488C-8A7E-B10CE84948C1_w610_r0_s