ល្ងង់​ណាស់ ! ឈរ​ចាំ​យូរ​ពេក​ទើប​ដឹង

រាជធានី​ភ្នំពេញ ៖ ពិត​ជា​ល្ងង់​ខ្លាំង​ណាស់ ! បុរស​ម្នាក់​បាន​ឲ្យ​គេ​ខ្ចី​ម៉ូតូ​ជិះ​យក​កូនសោ​នៅផ្ទះ​ប្អូនមួយ​ភ្លែត ប៉ុន្តែ​ដោយ​ទៅ​បាត់​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​វិញ​សោះ​ទើប​ដឹង​ថា​ត្រូវ​គេ​បោក​យក​ម៉ូតូ​ទៅ​បាត់ ហើយ​ក៏​រត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ផ្សារ​ព្រែក​ព្នៅ​ផ្លា​ហ្សា ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ វិ​ន វ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​បោក​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-6265 ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​គាត់​កំពុង​អង្គុយ​ចាំ​ដឹក​ម៉ូយដូច​សព្វមួយដង​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ស្រាប់តែ​មាន​បុរស​ម្នាក់​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ស្លៀកពាក់​ស្អាតបាត​ហៅ​ម៉ូតូ​គាត់​ជិះ​ទៅ​ផ្ទះ ខណៈ​ជិះ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ជួប​មិត្តភក្តិ​របស់​បុរស​នោះ ។ពេល​នោះ​ជនសង្ស័យ​ក៏​បាន​រួម​គ្នា​ប្រើ​ល្បិច​ធ្វើ​ជា​ខ្ចី​ម៉ូតូ​ជិះ​ទៅ​យក​សោ​ផ្ទះ​ពី​ប្អូន​នៅ​ក្បែរ​នោះ​បន្តិច ដោយ​ឲ្យ​ជន​រង​គ្រោះ​ឈរ​ចាំ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ដោយ​ឈរ​ចាំ​យូរ​ពេល​មិនឃើញ​ត្រឡប់​មក​វិញ​ទើប​ដឹង​ថា​ចេញ​បោក​គេ ក៏​រត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ៕