​ចាក់​​សម្លាប់​​មនុស្ស តែបែរ​​​​និយាយ​​ថា ​​សម្លាប់​​ខ្មោច​​​ទេ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ កក្កដា ២០១៦ នេះ ស្ថិត​​ត្រង់​ចំណុច​​ភូមិ​អង្គ​ក្តី ឃុំ​ទួល​កំ​ពិស ស្រុក​ប​​សេដ្ឋ មាន​ករណី​មនុស្សឃាត ​លើ​បុរស​​ចំណាស់​ម្នាក់​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​ក​ន្លែង ខណៈ​​កំពុង​សម្រាន្ត​លក់​​​ ក្នុង​ពិធី​បុណ្យសព​ចៅ​របស់​​ជន​​រង​​គ្រោះ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ​ព្រាប ហួ​ន អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវ​ឃាតករ​​ចាក់​សម្លាប់​៤​កន្ត្រៃ​កាត់​​អំបោះ (​ចំ​ក្រោម​ឆ្អឹងជំនីរ​២​កន្លែង និង​ក​.២​កន្លែង​) ។ ដោយឡែក ជន​សង្ស័យជា​​ឃាត​​ករ​​ត្រូវ​​គេ​ស្គាល់​​អត្តសញ្ញាណ​ ឈ្មោះ​សែ ស៊ី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​កម្លាំង​​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​​បាន ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​កើតហេតុនោះ​ ជន​រង​គ្រោះ​កំពុង​សម្រាន្ត​ក្នុង​ពិធី​បុណ្យសព​របស់​​ចៅ ពេល​នោះ​ក៏​ត្រូវ​ជនសង្ស័យ​លប​​មក​ចាក់​សម្លាប់​​តែ​ម្តង ។ បន្ទាប់​មក ក្នុង​ពេល​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​កំពុង​បំបៅ​ដោះ​​កូន​​ឃើញ ក៏​ត្រូវ​ជនសង្ស័យ​ដើរមក​គំរាម​ថា កុំ​ស្រែក​ ប្រយ័ត្ន​សម្លាប់​ចោល​មួយទៀត ហើយ​ជន​នោះ​ក៏​រត់គេច​ខ្លួន​បាត់ ទើបត្រូវ​ស្ត្រី​នោះ​ស្រែក​ផ្អើល​ឆោឡោ​ទាំង​កណ្តាល​អធ្រាត្រ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​​​ស្រាវជ្រាវ​លើ​ករណី​​នេះ រហូត​ក្តាប់​បាន​មុខសញ្ញា ​ក៏​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​​នោះ ។ ដោយ​ត្រូវ​ជន​សង្ស័យឆ្លើយ​​សារភាព​ថា «គេ​ចាក់​សម្លាប់​ខ្មោច​​ទេ» ។ ទោះបីជា​យ៉ាងណា គេ​សន្និដ្ឋាន ករណី​នេះ អាច​ជា​រឿងគំនុំ ព្រោះ​កន្លង​មក​ ជនរងគ្រោះ​​ត្រូវ​​ចោទ​​ថា ចេះ​អំពើ​អាប​​ធ្មប់ ។