​កម្ម​ករ​ និង​សហ​ជីព​ ចោទថា លោក​​សម រង្ស៊ី កំពុង​​វាយបំបែក​​ឆ្នាំង​បាយ​

ខេត្តស្វាយរៀង ​៖ ​ក្រុម​សហជីព និង​កម្មករ ​ដែល​បម្រើ​​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤​នៃ​ខេត្តស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​១៩​​កក្កដា ​២០១៦ ​នាំ​គ្នា​ប្រតិកម្ម​ជាមួយ​​លោក​សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលនិរទេសខ្លួន ​ឱ្យ​​សហភាព​អឺរ៉ុប (EU) បិទ​ផ្លូវ​នាំ​ចេញ​ផលិតផល​​សម្លៀក​បំពាក់​ពី​កម្ពុជា ដោយ​កម្មករ​ និង​សហជីព​មួយ​ចំនួន​​យល់​ឃើញ​ថា ​បាន​ទទួល​រង​ផល​ប៉ះពាល់ និង​រង​គ្រោះ​ជាងគេ​ គឺ​កម្មករ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ ។

ក្រុម​កម្មករ ​និង​សហជីព​បាន​លើក​ឡើង​ថា ​លោក​សម រង្ស៊ី ​ធ្វើ​ដូច្នេះ​ គឺ​កំពុង​វាយ​បំបែក​ឆ្នាំងបាយ​របស់​កម្មករ​រាប់​ម៉ឺន​នាក់ ​ដែល​មានការ​ងារ​ធ្វើ​យ៉ាង​​សុខសាន្ត​ និង​ប្រាក់ខែ​ទៀងទាត់​ប្រចាំខែ ។ ហើយ​ក្រុម​កម្មករ​ធ្វើការ​ទ​ទួ​ច​សុំ​ទៅ​សហភាព​អឺរ៉ុប​បន្ត​បញ្ជា​ទិញ​សម្លៀក​បំពាក់​ឱ្យ​​បាន​កាន់តែ​ច្រើន​ទៀត​ និង​សូមកុំ​ជឿ​នៅ​ការ​ឃោសនា​អគតិ​របស់​លោក​សម រ​ង្ស៊ី ស្នើឱ្យ​​សហភាព​អឺរ៉ុប​កុំ​លូកដៃ ក្នុង​រឿង​នាំ​ចេញ​សម្លៀក​បំពាក់​នេះ ។​

បើ​តាម​តំណាង​សហជីព​​សំឡេង​យុវជន​ខ្មែរ ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​នៅ​ក្រុង​បា​វិត ​បាន​លើក​ឡើង​ថា ការ​ដែល​លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ​(EU) បិទ​ការ​នាំ​ចេញ​សម្លៀក​​បំពាក់ ទៅ​កាន់​ទីផ្សារ​អឺរ៉ុបពី​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់កម្មករ​ខ្មែរ​ជាង​៨០​ម៉ឺន​នាក់ និង​ខេត្តស្វាយរៀង ​ប៉ះពាល់​ជិត​៥​ម៉ឺន​​នាក់​ និង​សូមកុំ​ជឿ​តាម​សម្តី​លោក​សម រង្ស៊ី​បង្កើន​​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​បន្ថែម​ទៀត ​ដើម្បី​ជីវភាព​សមរម្យ​របស់​កម្មករ​ផង​ដែរ ​។

រីឯ​លោក​អ៊ូ សា​ខឿន​ អនុប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​ និង​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​ ជា​តំណាង​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រចាំ​នៅ​ក្រុង​បា​វិត ​ក៏​បាន​ថ្លែងឱ្យ​​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​របស់​លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ស្នើ​ឱ្យ​​សហភាព​អឺរ៉ុប​​បិទ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នោះ​​ គឺ​លោក​យល់​ឃើញ​ថា​ ពិតជា​មិន​ត្រឹមត្រូវ​នោះ​ទេ វា​ធ្វើ​ឲ្យ​បាត់បង់​ការងារ​របស់​កម្មករ-​កម្ម​ការ​នី ​ដែល​កំពុងធ្វើការ​ងារ​យ៉ាង​សុខសាន្ត​ ហើយ​លោក​សម ​រង្ស៊ី ​មិន​បាន​គិត​ពី​សុខទុក្ខ​របស់​កម្មករ ​និង​សេដ្ឋកិច្ចជាតិ​នោះ​ គឺ​បំផ្លាញ​សេ​ក្តី​សុខ​កម្មករ​ និង​សង្គម​ជាតិ​ទាំងមូល​ ដែល​ធ្វើ​ឱ្យ​​កម្មករ​មិន​សប្បាយ​ចិត្ត ​និង​ពាក្យ​សម្តី​លោក​សម​ រង្ស៊ី ​។

លោក​អ៊ូ​ សា​ខឿន​ ជឿជាក់​ថា​ សហភាព​អឺរ៉ុប ​និង​មិន​ជឿ​តាម​ការ​ញុះញ៉ុង​របស់​លោក​សម រង្ស៊ី ​នោះ​ទេ ​ហើយ​កាន់តែ​បន្ថែម​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ​កើនឡើង​ទៀត​ផង​ ។