អាបេ ​ប្រាប់​លោក ហ៊ុន សែន ថា​ សាលក្រម​សមុទ្រ​ចិន​​ស្ថាពរ​ហើយ​

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជា លើជម្លោះសមុទ្រចិនខាងត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិន គួរតែត្រូវបានគោរព។ ការអត្ថាធិប្បាយបែបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសចិន សន្យាផ្ដល់ជំនួយជាងកន្លះពាន់លានដុល្លារដល់កម្ពុជា ដែលបានបដិសេធម្ដងហើយម្ដងទៀតមិនចូលរួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀតនៅក្នុងការប្រឆាំងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងជម្លោះដែនសមុទ្រនេះ។ កាលពីសប្ដាហ៍មុន តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) ក្នុងទីក្រុងឡាអេ បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដ៏ធំទូលាយរបស់ប្រទេសចិនលើទឹកដីក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងៗក៏អះអាងសិទ្ធិកាន់កាប់ដែនសមុទ្រនេះដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាងថា បញ្ហានេះគួរតែត្រូវបានដោះស្រាយរវាងប្រទេសចិន និងបណ្ដារដ្ឋនីមួយៗ មិនមែនអាស៊ានទាំងមូលនោះទេ។ ការអត្ថាធិប្បាយរបស់លោក អាបេ គឺជាលើកទី២ហើយក្នុងរយៈពេលមិនដល់១ខែផងដែលប្រទេសជប៉ុនមិនសូវនិយាយស្តី បានរិះគន់កម្ពុជាខ្លាំងៗ ហើយឆ្លុះបញ្ចាំងពីហានិភ័យគោលនយោបាយការបរទេសក្នុងការកាន់ជើងប្រទេសចិន លើបញ្ហាមួយដែលបានធ្វើឱ្យបែកបាក់សាមគ្គីរវាងប្រទេសមហាអំណាចធំបំផុតពីររបស់អាស៊ី និងជាម្ចាស់ជំនួយសប្បុរសធម៌សម្រាប់កម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសជប៉ុន កាលពីថ្ងៃអាទិត្យឱ្យដឹងថា លោក អាេប និងលោក ហ៊ុន សែន បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១១ ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅមុននេះក្នុងថ្ងៃដដែល។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ”លោកនាយករដ្ឋមន្ត្រី អាេប បានមានប្រសាសន៍ថា ‘នីតិរដ្ឋ’ គួរតែជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពរបស់តំបន់ទាំងមូល ក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ” ដែលទំនងជាសំដៅដល់ការអះអាងម្ដងហើយម្ដងទៀតរបស់លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិនថា ជម្លោះនេះមិនប៉ះពាល់ដល់ប្រទេសជប៉ុន។ វាបន្តថា “សម្រាប់ជប៉ុន សមុទ្រចិនខាងត្បូងមានសារៈសំខាន់ស្លាប់រស់ជាច្រករបៀងដឹកជញ្ជូន។ សេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តកម្មនេះបានចូលជាស្ថាពរ និងចងភ្ជាប់កាតព្វកិច្ចសម្រាប់ភាគីទាំងពីរ គួរតែជាមូលដ្ឋានសម្រាប់ការចរចា”។ យោងតាមសេចក្ដីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក អាបេ ថា លោកសង្ឃឹមថា ប្រទេសចិន និងអាស៊ាន មានការរីកចម្រើននៅក្នុងការដោះស្រាយជម្លោះនេះ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជា បានបដិសេធមិនធ្វើការបំភ្លឺទេទាក់ទិនការអត្ថាធិប្បាយរបស់លោក អាបេ ដោយលើកឡើងពីកំណត់ហេតុមួយចុះថ្ងៃទី៩ ខែកក្កដាដែលចែងថា ការប្រជែងគ្នាអះអាងសិទ្ធិកាន់កាប់ទឹកដីគួរតែត្រូវបានដោះស្រាយទ្វេភាគី។ […]

The post អាបេ ​ប្រាប់​លោក ហ៊ុន សែន ថា​ សាលក្រម​សមុទ្រ​ចិន​​ស្ថាពរ​ហើយ​ appeared first on The Cambodia Daily.