ព្រៃឈើ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់ កំពុង​រង​ការបំផ្លាញ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ នៃ​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ហេតុនេះហើយ​ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ខាងលើ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​រាលដាល​តទៅទៀត​។ បើ​មិន​ដូច្នេះ​ទេ​ឈ្មួញ​ឈើ​ដែលជា​មន្ត្រី​ប្រដាប់អាវុធ និង​ជា​អ្នកមាន​លុយ អ្នកមានអំណាច អាច​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​កាន់តែ​ខ្លាំងក្លា​ជាមិនខាន​។

ប្រភពព័ត៌មាន​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ កំពុង​ទទួលរង​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ពុំមាន​លទ្ធភាព​ក្នុងការ​បង្ក្រាប​បទល្មើស​នៅឡើយ​ទេ​។ លើស​នេះ​ទៅទៀត​មន្ត្រី​បរិស្ថាន​មួយចំនួន ជាពិសេស​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ត្រូវគេ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ ហេតុនេះហើយ​ទើប​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ និង​តំបន់​អភិរក្ស​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។

ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ការដែល​ឈ្មួញ​អាចដឹកនាំ​កម្លាំង​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ និង​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួនទៀត ហេតុនេះហើយ​ទើប​ការបង្ក្រាប​បទល្មើស​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ធំៗ​មិនអាច​ប្រមូល​កម្លាំង​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​បានឡើយ​៕

១-5លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន vayo3PH vayo3PH - Copy