ពលរដ្ឋ​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បាត់ដំបង លុបបំបាត់​កុងត្រូលជជុះ​តាមផ្លូវ​ពី​ស្រុក​សំឡូត ទៅ​ស្រុក​បាណន់

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំ​ឡូង និង​ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​តាម​ដងផ្លូវ​ពី​ស្រុក​សំឡូត ទៅ​ស្រុក​បាណន់ សព្វថ្ងៃនេះ​មាន​កុងត្រូលជជុះ​ប្រមាណ​១២​កន្លែង ហើយ​ភាគច្រើន​ជា​កុងត្រូលជជុះ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សម្រាប់​ជំរិត​យកលុយ​ពី​ពួកគាត់​ដែល​ដឹកអុស​ដឹក​ធ្យូង​លក់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​នគរបាល​និង​កងរាជអាវុធហត្ថ​មាន​បង្កើត​កុងត្រូលជជុះ​តិចតួច មិន​ចោទ​ជា​បញ្ហា​សម្រាប់​ពួកគាត់​ឡើយ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​វិញ បង្កើត​កុងត្រូលជជុះ​សង្កត់ក​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការយោគយល់​នោះទេ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ពី​ស្រុក​សំឡូត ដល់​ព្រំប្រទល់​ស្រុក​បាណន់​ជាបន្ទាន់ ដើម្បី​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រដ្ឋាភិបាល​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បាន​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​សម្រាប់​ជំរិត​យកលុយ​ពី​អ្នក​ដឹកអុស​ដឹក​ធ្យូង និង​ដឹកឈើ​សម្រាប់ធ្វើ​ផ្ទះ ឬ​សាងសង់​សំណង់​ផ្សេងៗ​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ស្រុក ឬ​អាជ្ញាធរខេត្ត​ទប់ស្កាត់​នោះឡើយ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ល្ពៅ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ស្ថាប័ន​ដទៃទៀត បានដាក់​កុងត្រូលជជុះ​តាមផ្លូវ​វាល​ចម្បែង​យ៉ាង​គគ្រឹកគគ្រេង​ជំរិត​យកលុយ​ពី​អ្នក​ដឹកអុស​ដឹក​ធ្យូង ដឹក​បង្គោលគ្រាក់ ហើយ​សូម្បីតែ​ពលរដ្ឋ​ដឹកឈើ​ទៅធ្វើ​ផ្ទះ​ស្នាក់នៅ​ក៏ត្រូវ​គេ​ជំរិត​យកលុយ​ដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​ខាងលើនេះ​បាន​ឲ្យ​ដឹងថា តាមផ្លូវ​ពី​ស្រុក​សំឡូត ទៅដល់​ព្រំប្រទល់​ស្រុក​បាណន់ មាន​កុងត្រូលជជុះ​ប្រមាណ​១២​កន្លែង ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​កសិក​ផល​ក៏ត្រូវ​សមត្ថកិច្ច​តាម​កុងត្រូលជជុះ​ទាំងនោះ តម្រូវ​ឲ្យ​បង់លុយ​សម្រេច​តែ​អំពើ​ចិត្ត​ដែរ​។ សម្រាប់​រថយន្ត​ដឹកអុស​ដឹក​ធ្យូង ឬ​ដឹកឈើ​បង្គោលគ្រាក់ ត្រូវគេ​កំណត់​ឲ្យ​បង់​ចាប់ពី​៥០០០​រៀល​រហូត​១៥​ទៅ​២៥​ម៉ឺន​រៀល មិនអាច​តវ៉ា​បានឡើយ ហើយ​បើ​អ្នកដឹកឈើ​តាម​រថយន្ត​ធំៗ​ត្រូវ​បង់​២០០​ទៅ​៣០០​ដុល្លារ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ករណី​សមត្ថកិច្ច​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកអុស​ដឹក​ធ្យូង និង​ដឹកឈើ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​គឺជា​អំពើ​ខុសច្បាប់ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ប្រចាំ​កុងត្រូលជជុះ​តាមផ្លូវ​ពី​ស្រុក​សំឡូត ទៅ​ព្រំប្រទល់​ស្រុក​បាណន់ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ខាងតែបាន ហើយ​បើ​ម្ចាស់​រថយន្ត​ណា​មិន​បង់លុយ​ឲ្យ​ពួកគេ​ទេ គឺ​ពួកគេ​នឹង​ឃាត់​រថយន្ត​មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​ឡើយ​៕

៨-1លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង 19da8258-c41e-4dc3-98e7-40498584a065