វាសនា​ផ្សារ​2.500​រៀល អាច​នឹង​បាត់​រូបរាង​នៅ​ពេល​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​កំណើន​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ម្នាក់​ៗ​បាន​កើនឡើង ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ផលិតផល​មានការ​ផ្លាស់​ប្តូរ​ពី​ផលិតផល​តម្លៃ​ទាប ងាក​ទៅ​ប្រើ​ផលិតផល​ដែល​មានគុណ​ភាព និង​មានឈ្មោះ​ល្បី​លើ​ទីផ្សារ (Brand) ។ ការ​ប្រែប្រួល​ឥរិយាបថ​របស់​អ្នក​ប្រើស​ប្រាស់​ស្រប​ពេល​នឹង​បរិបទ​សេដ្ឋកិច្ច​រីក​លូតលាស់​បែប​នេះ កំពុង​ធ្វើ​ឱ្យ​ពាណិជ្ជករ ឬ​អាជីវករ​ក្នុងស្រុក​ដែល​លក់​ផលិតផល​ពុំ​សូវ​មានគុណ​ភាព អាច​ប្រឈម​នឹង​ធ្លាក់​ចុះ ឬ​ឈាន​ដល់​បិទទ្វារ ក៏​ថា​បាន ។

ជាក់ស្តែង ផ្សារ​២.៥០០​រៀល​កាលពី​ឆ្នាំ​២០១៥ មាន​អាជីវករ​ជា​ច្រើន​បាន​បើកហាង​បែប​នេះ លក់​សម្ភារ​មាន​តម្លៃ​ទាប​តាម​គ្នា ជា​ពិសេស​នៅ​ក្រុងភ្នំពេញ ដូច​ជា នៅ​តាម​ផ្លូវ​មុនី​រ៉េ​ត និង​ផ្លូវ​កម្ពុជា​ក្រោម និង​បណ្ដា​វិ​ថី​ផ្សេង​ទៀត រហូត​ល្បី​ដល់​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ការ​ពេញ​និយម​ផ្សារ​បែប​នេះ​យ៉ាង​ខ្លាំង ។ គ្រានោះ​ប្រជាពលរដ្ឋ ជា​ពិសេស សិស្ស​-​និស្សិត​ចូល​មក​ទិញ​ផលិតផល ទុក​ប្រើប្រាស់​ជំនួស​ផលិតផល​ដែល​ខូច ឬ​ទិញ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​បន្ថែម ប៉ុន្តែ​ការ​ដំណើរការ​លក់​ស្ទើរ​មិន​បាន​ពេញ​១​ឆ្នាំ​ផង ពេល​នេះ​ផ្សារ​២៥០០​រៀល​មួយ​ចំនួន​បាន​បិទទ្វារ និង​មាន​ចំនួន​តិចតួច​បំផុត​ដែល​កំពុង​បន្ត​អាជីវកម្ម​របស់​ខ្លួន​រហូត​មក​ដល់​សព្វថ្ងៃ ។

ការ​បាត់​ខ្លួន​ផ្សារ​២.៥០០​រៀល​ជា​បណ្ដើរ​ៗ អាច​មក​ពី​ប្រជាពលរដ្ឋ ឬ​អតិថិជន​ឈប់​គាំទ្រ ក្រោយ​ពី​បាន​សាកល្បង​ប្រើប្រាស់​នូវ​ផលិតផល​រួច ដោយ​ពួក​គាត់​បាន​យល់​ច្បាស់​ពី​គុណភាព​នៃ​ផលិតផល ឬ​អាច​អតិថិជន​មាន​និន្នាការ​ងាក​ទៅ​ប្រើប្រាស់​ផលិតផល​ប្រេ​ន (Brand) មាន​តម្លៃ​ថ្លៃ និង​មាន​ម៉ាក​ល្បី​ៗ​នៅ​តាម​ផ្សារ​ទំនើប​ជំនួស​វិញ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​ពួក​គេ​បាន​កើនឡើង ។

នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ តាម​ការ​សង្កេត បើ​ទោះបី​ផ្សារ​២.៥០០​រៀល​ដែល​នៅ​សេសសល់ បាន​និង​កំពុង​ដំណើរការ​ជា​ធម្មតា​ក្តី ប៉ុន្តែ​ហាក់ដូច​មិនសូវ​ជា​ចាប់អារម្មណ៍​ដូច​ឆ្នាំ​កន្លង​មក​ឡើយ ហើយ​ចំនួន​អតិថិជន​ដែល​ចូល​ទិញ ក៏​ពុំ​សូវ​ពពាក់ពពូន​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​នឹង​ជួប​បញ្ហា​ប្រឈម​នៅ​គ្រា​បន្ទាប់ ឬ​អាច​រហូត​បាត់​រូបរាង​នា​ពេល​ខាង​មុខ។

បើ​តាម​អ្នកស្រី សុ​វ​ឌ្ឍ​នា ម្ចាស់​ហាង​លក់​ផលិតផល​២.៤០០​រៀល យីហោ​៦០​សេន មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត បាន​ឲ្យ​ដឹង​ថា ក្នុងឆ្នាំនេះ ការ​លក់​ផលិតផល​ហាក់ដូចជា​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុន ហើយ​ការ​ប្រែប្រួល​នេះ មិន​ច្បាស់​ថា​មក​ពី​អ្វី​ឡើយ ។

អ្នកស្រី​បន្ត​ថា តាម​ការ​សង្កេត​កន្លង​មក ការ​បើកហាង​លក់​ផលិតផល​២.៤០០​រៀល និង​២.៥០០​រៀល​នៅ​ក្រុងភ្នំពេញ​មាន​ចំនួន​ច្រើន តែ​ក្រោយមក ហាង​មួយ​ចំនួន​ក៏​បាន​បិទទ្វារ​ទៅ​វិញ ព្រោះ​ការ​លក់ដូរ​មិនសូវ​មានដំណើរ​ការ​ល្អ ៕