GDP ប្រទេស​ចិន​មាន​ស្ថិរភាព​ក្នុង​អត្រា​6,7% នៅ​ត្រីមាស​ទី​2

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​កំណើន​៦,៧%​ពី​មួយ​ឆ្នាំទៅ​ឆ្នាំ ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ទី​២ ជាមួយនឹង​ការ​ខិតខំ​កាន់តែ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​នា​ខែមិថុនា ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​បាន​ព្រមាន​ពី​វិបត្តិ​នានា​ក្នុង​ឆមាស​ទី​២​ឆ្នាំ​នេះ ខណៈ​ដែល​ការ​វិនិយោគឯកជន​ធ្លាក់​ចុះ ។

អត្រាកំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​២​នេះ បាន​ធ្លាក់​ចុះ​ពី​ត្រីមាស​ទី​១ ។ នេះ​បើ​យើង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) ចេញផ្សាយ ។

យោង​តាម​សារព័ត៌មាន Bloomberg បានឱ្យ​ដឹងផង​ដែរ​ថា វា​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​រំពឹង​ទុក​ចំពោះ​ទីផ្សារ​៦,៦% ។ វិស័យ​សេវាកម្ម​បាន​កើន​៧,៥%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ឆមាស​ទី​១ ស្មើនឹង​៥៤,១% នៃ​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល ដែល​កើន​១,៨%​ពី​មួយ​ឆ្នាំ​មុន ។ ឧស្សាហកម្ម​ទី​១ បាន​កើន​បន្ថែម​៣,១% និង​ឧស្សាហកម្ម​ទី​២ ក៏​បាន​កើនឡើង​៦,១%​ផង​ដែរ ។ ទិន្នផល​ឧស្សាហកម្ម​បាន​កើន​៦,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បើ​គិត​ត្រឹម​ខែមិថុនា ហើយ​តួលេខ​នេះ​បាន​កើន​៦%​ពី​ខែឧសភា​ទៀត​ផង ។ ការ​លក់រាយ​បាន​កើនឡើង​១០,៦% ខ្ពស់​ជាង​កំណើន​ខែឧសភា ដែល​មាន​ត្រឹម​១០% ប៉ុណ្ណោះ ។

យ៉ាងណាមិញ ចំពោះ​ការ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ដល់​៩% ក្នុង​អំឡុង​ខែមករា រហូត​ដល់​ខែមិថុនា ។

លោក Sheng Laiyun អ្នកនាំពាក្យ​មក​ពី NBS បាន​លើក​ឡើង​ថា ៖ « ក្នុង​ចំណោម​វិស័យសេដ្ឋកិច្ច​៣​សំខាន់​ៗ (​ការ​នាំ​ចេញ ការ​វិនិយោគ និង​ការ​ប្រើប្រាស់​) ក្នុង​នោះ​ការ​ប្រើប្រាស់​បាន​រួមចំណែក​៧៣,៤%​នៃ​កំណើនសេដ្ឋកិច្ច​ទាំងអស់ ដែល​ច្រើន​ជាង ១៣,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន » ។ លោក Laiyun បន្ថែម​ថា តម្រូវ​ការ​ក្នុងស្រុក​នៅ​តែ​ជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​រក្សា​បាន​នូវ​ស្ថិរភាព ។

ប៉ុន្តែ​លោក Laiyun បាន​ក្រើនរំលឹក​ពី​សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ផង​ដែរ ខណៈ​សេដ្ឋកិច្ច​ក្នុងស្រុក​នឹង​មានការ​ប្រែប្រួល​នៅ​ពេល​ណាមួយ ហើយ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ក៏​ហាក់ដូចជា​យឺត​ជាង​ការ​រំពឹង​ទុក ។

លោកស្រី Julia Wang សេដ្ឋវិទូ​មក​ពី​ក្រុមហ៊ុន HSBC បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគឯកជន​បាន​និង​កំពុង​គំរាមកំហែង​ដល់​ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆមាស​ទី​២​នេះ ។ លោកស្រី Wang ថ្លែង​ថា ៖ « អ្វី​ដែល​យើង​កំពុង​ខ្វាយខ្វល់​នា​ពេល​សព្វ​ថ្ងៃនេះ គឺ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​វិនិយោគឯកជន​នៅ​តែ​បន្ត​កើតឡើង និង​ផល​ប៉ះពាល់​របស់​វា​ក្នុង​មួយ​រយៈពេល​ទៀត » ។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ក៏​បានឱ្យ​ដឹង​ថា ការ​វិនិយោគឯកជន​មិន​បាន​កើន​ដូច​កាលពី​ចុងឆ្នាំ​២០១៥​ទេ ដែល​នៅ​ពេល​នោះ​វា​កើនឡើង​១០% ។ ការ​វិនិយោគ​សរុប​មាន​ចំនួន​ជាង​៦០% ហើយ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​វិនិយោគឯកជន​នេះ​បាន​ដាក់បន្ទុក​កាន់តែ​ខ្លាំង​ទៅ​លើ​វិស័យ​សាធារណៈ​ភាគច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិនិយោគ ។
មួយវិញទៀត លោកស្រី​បាន​និយាយ​ថា​ការ​ធ្លាក់​ចុះ​នេះ បាន​ឆ្លុះ​បង្ហាញ​ពី​ភាព​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៃ​វិស័យ​ឯកជន ។

លោកស្រី Wang បន្ថែម​ថា ៖ « រដ្ឋាភិបាល​គួរតែ​ព​ន្លឿ​ន​ដើម្បី​ទប់ស្កាត់ និង​រៀបចំ​ជា​ថ្មី​នៃ​សកម្មភាព​ជំនួញ​របស់​រដ្ឋ​ទាំងឡាយ​ណា​ដែល​គ្មាន​ប្រសិទ្ធភាព ។ បើ​ទោះជា​មក​ដល់​ពេល​នេះ​ចំណុច​ខ្លះ​ត្រូវ​បាន​កែសម្រួល​ក្តី ប៉ុន្តែ​យើង​ជឿជាក់​ថា រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​រៀបចំ​រចនាសម្ព័ន្ធ​នេះ​ឱ្យ​កាន់តែ​លឿន​ថែម​ទៀត »៕