​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ចាត់ទុក​ការចរចា​នយោបាយ​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​

ក្នុងពេលដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែមាន​ភាព​តានតឹង​នៅឡើយ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ផ្តើម​ការចរចា​នយោបាយ​ជាថ្មី​នោះ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) នៅតែ​ទទូច​ឲ្យ​គណបក្សកាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មករក​តុ​ចរចា ឬ​វប្បធម៌​សន្ទនា​ឡើងវិញ​ដើម្បី​ភាពរុងរឿង​របស់​កម្ពុ​ជា​។​

​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា កាលណា​ប្រទេស​កម្ពុជា​រីកចម្រើន ក៏​ព្រោះតែ​មានការ​សន្ទនា​រវាង​ចលនានយោបាយ​។ ជាក់ស្តែង​២៥​ឆ្នាំមុន មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​កើតឡើង គឺ​ដោយសារតែ​ចលនានយោបាយ​ទាំង​៤​បាន​ជជែក​គ្នា ដោយមាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​។ លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) បាន​រំលឹកថា ប្រទេស​កម្ពុ​ជាមាន​វិបត្តិ​នយោបាយ​ផងដែរ​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ តែ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ចព្រមព្រៀង​ថ្ងៃទី​២២​ខែកក្កដា​២០១៤ និង​វប្បធម៌​សន្ទនា​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ ឧបការី​ក្រសួងការបរទេស​អាមេរិក​លោក ថម ម៉ាលី​ណូ​ស្គី (Tom Malinowski) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ម្សិលមិញ​បាន​ថ្លែង​ដែរ​ថា វា​គឺជា​រឿង​ដ៏​សំខាន់​ណាស់​សម្រាប់​ការវិលត្រឡប់​ទៅរក​វប្បធម៌​សន្ទនា​រវាង​គណបក្សកាន់អំណាច និង​គណបក្សជំទាស់​។ ទន្ទឹមនឹងនេះ​លោក ថម ម៉ាលី​ណូ​ស្គី (Tom Malinowski) ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ការ​ចោទ​លើ​មន្ត្រី​គណបក្សជំទាស់ អ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំង​ធានា​ដល់​សេរីភាព​នៅ​កម្ពុជា ពិសេស​ការអនុវត្ត​ល​ទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទន្ទឹងរង់ចាំ​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ស្របតាម​វប្បធម៌​សន្ទនា តែ​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​គ្មាន​ចេតនា​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​អហិង្សា និង​ស្របច្បាប់​ទាំងឡាយ​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​ខាងតែបាន​៕

Jean-Claude-Poimboeuf