​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ដើរ​ស្របតាម​ឆន្ទៈ​ពលរដ្ឋ និង​មានការ​គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​

គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ដើរ​ស្របតាម​ឆន្ទៈ​ពលរដ្ឋ និង​មានការ​គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែមាន​ភាព​តានតឹង​នៅឡើយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មិនទាន់​អាច​ផ្តើម​ការចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា​នៅឡើយ​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើដំណើរ​តាមផ្លូវ​ត្រឹមត្រូវ​ហើយ​។ ដូច្នេះ​លោក​សូម​ឲ្យ​សកម្មជន​-​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បន្ដដំណើរ​នេះ​ត​ទៅមុខទៀត​រហូតដល់​គោលដៅ​របស់​យើង គឺ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា សូម​ប្រែក្លាយ​ការឈឺ​ផ្សា​នេះ​ឲ្យ​ទៅជា​ការផ្សះផ្សា​ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។​

នៅ​ថ្ងៃទី​២០​ខែកក្កដា​នេះ ក្រុម​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ពី​ការវិវត្តន៍​នយោបាយ​ដូចជា​៖ ទី​១-​លោក​ប្រធានស្ដីទី កឹម សុខា បាន​ជួប និង​បន្ដ​ជួប​ជាមួយ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ទី​២-​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ បំពេញ​តួនាទី​ជាធម្មតា ទី​៣-​ឆន្ទៈ​អ្នកទោស​មនសិការ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅតែ​ក្លាហាន មុតមាំ ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀមលក្ខណៈ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ខែកញ្ញា ទី​៥-​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ និង​មានការ​គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីការទូត​របស់​អា​មេ​រិ​ក បារាំង និង​សហភាព​អឺរ៉ុប នៅក្នុង​សប្តាហ៍​នេះ​នៅតែ​បន្ត​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តើម​ចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា​ឡើងវិញ​។ មន្ត្រីការទូត​ទាំង​នោះបាន​សង្កត់ធ្ងន់ថា ការចរចា​នយោបាយ គឺជា​ជម្រើស​មួយ​ល្អ​បំផុត​នៅ​ចំពោះមុខ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ហើយ​ថា​លទ្ធផល​ល្អ​ដែល​ទទួលបាន​ពី​ការចរចា គឺ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ទាំងមូល​៕

12509838_1260558317294798_2315530436422275933_n​    ​