ហេតុអ្វីដីខ្មែរ​មាន​អក្សរបរទេស​នៅពីលើ​​ទៅ​វិញ?

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រឿង​​ប្រើ​អក្សរ​បរទេស​លើ​អក្សរ​ខ្មែរ តែង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្លុក​កាស៊ីណូ​ជាយ​ដែន ក្រុង​ប៉ោយ
​ប៉ែ​ត តែ​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​និង​ទម្លាក់​ប៉ាយ​ចុះ​ផង​ដែរ ក្រោយ​ពី​មានការ​រិះគន់​ពី​អ្នកស្រុក តាម​រយៈ​សំ​ណេ​រ​របស់​អ្នក​យក​ព័ត៌មាន នា​ពេល​កន្លង​មក ។

ពេល​នេះ​កើត​មាន​ទៀត​ហើយ នៅ​ប្លុក​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ប៉ាយ​ក្រុម​ហ៊ុន​មួយ​គេ​សរសេរ​អក្សរ​ថៃ ពីលើ​អក្សរ​ខ្មែរ ។ តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី? អ្នកដំណើរ​ឆ្លងកាត់​ចំណុច​ខាងលើ បាន​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​ជា​បន្តបន្ទាប់​ដោយ​រិះគន់​ថា មិន​គួរ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តោយ​ឲ្យ​គេ​យក​អក្សរ​បរទេស​មក​ដាក់​លើ​អក្សរ​ខ្មែរ​យើង​ឡើយ ​។ ពួក​គាត់​លើក​ឡើង​ថា ទីតាំង​ខាងលើ​ជា​ទឹកដី​ខ្មែរ មិនមែន​ជា​ទឹកដី​ថៃ​ទេ ។ អ្នក​ឃើញ​ផ្លា​ក​យីហោ​នេះ បាន​ទទូច​សុំ​ឲ្យ​មានការ​កែ​លម្អ​ឡើង​វិញ ។

ឆ្លើយ​នឹង​សំណួរ​របស់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា សន្តិសុខ​ម្នាក់​និយាយ​ថា​វា​ជា​រឿង​របស់​ក្រុមហ៊ុន ហើយ​ថែម​ទាំង​និយាយ​ក្នុង​លក្ខណៈ​មិន​ច្បាស់លាស់​ថា ប្រហែលជា​គេ​ធ្វើ​តាម​កុងត្រា​របស់​គេ ចំណែក​គាត់​មិនដឹង​ទេ ។

ជុំវិញ​ករណី​ខាងលើ លោក ទៀ ចាង ប្រធាន​សន្តិសុខ​កាស៊ីណូ​ផ្កាយ​៥ មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។ យ៉ាងណា​ក៏​ដោយ​សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ពិនិត្យ​មើល​ករណី​នេះ ដោយ​មិន​ទុក​ឲ្យ​មហាជន​រិះគន់​បែប​នេះ​ឡើយ ៕