មុន​នេះ​បន្តិច ភ្លើង​ឆេះ​សម្ភារ​ផ្ទះ​លក់​គ្រឿងទេស របួស​ស្ត្រី​ម្នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា អគ្គិភ័យ​បាន​ឆាបឆេះ​សម្ភារ​ក្នុងផ្ទះ​លក់​គ្រឿងទេស​(​ចាប់ហួយ​) បណ្តាល​ឲ្យ​ស្ត្រី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រង​របួស ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កក្កដា ២០១៦ ចំណុច​ផ្ទះ​លេខ​៣៥៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ ហេ ប៊​ន ភេទ​ប្រុស​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ផ្ទេរ​សាំង​ចាក់​ចូល​ដប​ដើម្បី​ទុក​លក់ ប៉ុន្តែ​ដោយសារ​ការ​ផ្ទេរ​សាំង​នោះ​ក្បែរ​ចង្ក្រាន បណ្តាល​ឲ្យ​ឆាបឆេះ​តុ ទូ គ្រែ​និង​សម្ភារ​មួយ​ចំនួន​និង​របួស​ស្ត្រី​ចំណាស់​ម្នាក់​តែ​ម្តង ។

យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​នេះ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​នោះ​ទេ ដោយសារ​សមត្ថកិច្ច​បាន​អន្តរាគមន៍​ទាន់​ពាល​វេលា ៕