AIRASIA បញ្ជារទិញយន្តហោះ A321neo ចំនួន ១០០ គ្រឿង

សមត្ថភាពខ្លាំងជាងមុន ប្រសិទ្ធភាពត្រូវបានបង្កើន ដើម្បីឆ្លើយតបចំពោះការរីកលូតលាស់ឥតឈប់ឈរ

FARNBOROUGH៖ AirAsia បានចុះហត្ថលេខាលើការបញ្ជារទិញ ជាក់លាក់មួយនូវយន្តហោះដឹកអ្នកដំណើរ A321neo ចំនួន ១០០ គ្រឿង។ កិច្ចសន្យានេះត្រូវបានប្រកាសនៅ Farnborough Airshow ក្នុងថ្ងៃនេះដោយប្រធានក្រុមនាយកប្រតិបត្តិ AirAsia លោក Tony Fernandes រួមជាមួយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Fabrice Brégier។

កិច្ចសន្យានេះតំណាងឱ្យការបញ្ជារទិញលើកទីមួយរបស់ AirAsia សម្រាប់យន្តហោះធំជាងគេក្នុងត្រកូល A320 ដែលលក់ដាច់បំផុតនេះ។ ដោយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២៣៦ នាក់ យន្តហោះ A321neo នឹងជួយបង្កើនសមត្ថភាព របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដោយផ្តល់តម្លៃប្រតិបត្តិការ ដ៏ទាបនៅក្នុងប្រភេទយន្តហោះដែលមានច្រកដើរតែមួយ។

ការប្រកាសនៅថ្ងៃនេះ បង្ហាញថាចំនួនសរុបនៃការបញ្ជារទិញគ្រួសារ A320 ដោយ AirAsia កើនឡើងដល់ ៥៧៥ គ្រឿងហើយដែលបញ្ជាក់ជាថ្មីអំពីឋានៈរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងនាមជាអតិថិជនធំជាងគេបំផុត សម្រាប់ខ្សែសង្វាក់ផលិតកម្មយន្តហោះ ដែលមានច្រកដើរតែមួយ។ គិតត្រឹមថ្ងៃនេះ មានយន្តហោះប្រភេទ A320s ចំនួន ១៧០ គ្រឿងហើយ ដែលត្រូវបានបញ្ជូនមកដល់ក្រុមហ៊ុនអាកាសចរណ៍នេះ ហើយដែលកំពុង ហោះហើរនៅក្នុងប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

លោក Tony Fernandes ដែលជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា “បច្ចុប្បន្ន ក្នុងមួយថ្ងៃ AirAsia Group ធ្វើប្រតិបត្តិការជិត ១,០០០ ជើងទៅកាន់ទិសដៅធ្វើដំណើរជាង ១២០ ទីតាំងនៅក្នុងប្រទេសចំនួន ២៤។ យើងបានបង្កើតកំណត់ត្រាកត្តាផ្ទុកដ៏រឹងមាំ ៨៥% នៅត្រីមាសទីមួយឆ្នាំ ២០១៦ ដោយមានពិន្ទុកើនឡើង ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយយើងមានទំនុកចិត្តយ៉ាងខ្ពស់ក្នុងការរក្សាសន្ទុះនេះ។ យន្តហោះ A321neo នឹងជួយយើងឱ្យឆ្លើយតបបានទាំងស្រុង ចំពោះតម្រូវការដ៏ខ្ពស់ រួមទាំងការកាត់បន្ថយតម្លៃក្នុងមួយ Available Seat Kilometre (រង្វាស់សមត្ថភាពផ្ទុកអ្នកដំណើរ) បន្ថែមទៀតសម្រាប់អតិថិជនរបស់យើង។ យើងសូមអបអរក្រុមហ៊ុន Airbus ចំពោះការផលិតយន្តហោះប្រភេទ A321neo ទំនើបចុងក្រោយគេដែលអាចឆ្លើយតប ចំពោះតម្រូវការ សម្រាប់ប្រសិទ្ធភាពប្រតិបត្តិការរបស់យើង។”

លោក Fernandes បានបន្ថែមទៀតថា “A321neo នឹងត្រូវធ្វើប្រតិបត្តិការ នៅលើផ្លូវហោះហើរ ពេញនិយមជាងគេរបស់យើង និងជាពិសេសនៅអាកាសយានដ្ឋានដែលមានបញ្ហា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ វានឹងអនុញាតឱ្យយើង ដឹកជញ្ជូនអ្នកដំណើរកាន់តែច្រើននៅក្នុងជើងតែមួយ ដែលនេះក៏ជាការ ផ្តល់អត្ថប្រយោជន៍ដល់អាកាសយានដ្ឋានដែរ។ ក្នុងចំណោមអត្ថប្រយោជន៍នានា ក៏មានរួមបញ្ចូលផងដែរនូវ ប្រសិទ្ធភាពប្រតិបត្តិការ កំណើនចំណូលពីសេវាអតិថិជន និងការជាវទំនិញរាយនៅអាកាសយានដ្ឋាន។ យើងនឹងបន្តរក្សាពេលវេលា ដែលត្រូវចំណាយត្រឹម ២៥ នាទី ជាមួយនឹងការឡើងយន្តហោះ ២ ឬ ៣ ដំណាក់កាល ដែលអាចធានាចំពោះការប្រតិបត្តិទាន់ពេលវេលារបស់យើង។

“យើងរីករាយក្រៃលែងដែលទទួលបានការបញ្ជារទិញបន្ថែមទៀតពី AirAsia” លោក Fabrice Brégier ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Airbus មានប្រសាសន៍។ “នេះជាសមិទ្ធិផលដ៏រឹងមាំមួយទៀត សម្រាប់សមាជិកគ្រួសារយន្តហោះ ដែលមានច្រកដើរតែមួយដ៏ធំជាងគេរបស់យើង ហើយដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនឈានមុខគេយ៉ាងពិតប្រាកដនៅក្នុងប្រភេទយន្តហោះ ដែលមានកៅអីអង្គុយលើសពី ២០០។ យើងរង់ចាំមើល A321neo ហោះហើរដោយពណ៌របស់ AirAsia ហើយរួមចំណែកជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ បន្តភាពជោគជ័យក្នុងនាមជា ក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបឈានមុខគេលើ ពិភពលោក។”

គ្រួសារ A320 គឺជាយន្តហោះមានច្រកដើរតែមួយ ដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោក ដោយមានការបញ្ជារទិញជិត ១២,៦០០ គ្រឿងហើយចាប់ពីបង្ហាញវត្តមានលើទីផ្សារមក និងមានជាង ៧,១០០ គ្រឿងត្រូវបានបញ្ជូនទៅដល់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយយន្តហោះប្រភេទ 320 នៅទូទាំងពិភពលោក។ គ្រួសារ A320neo បានបញ្ចូលបច្ចេកវិទ្យា ទំនើបចុងក្រោយគេដែលរួមមាន ម៉ាស៊ីនជំនាន់ថ្មី និងឧបករណ៍ចុងស្លាប Sharklet ដែលទាំងពីរនេះរួមគ្នា ជួយសន្សំប្រេងឥន្ធនៈជាង ១៥% នៅថ្ងៃទីមួយ និង ២០% នៅឆ្នាំ ២០២០ ជាមួយនឹងការច្នៃប្រឌិតផ្ទៃ ខាងក្នុងបន្ថែមទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

AIRASIA បញ្ជារទិញយន្តហោះ A321neo ចំនួន ១០០ គ្រឿង