ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ត្រាប់​វាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP កូរ៉េ​ខាងជើង​ថ្លែង​នា​ថ្ងៃ​ទី​២០ កក្កដា ថា ការ​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​របស់​ខ្លួន​ជា​ការ​ធ្វើ​ត្រាប់​វាយប្រហារ​បង្ការ​ប្រឆាំង​បណ្តា​កំពង់​ផែ និង​ព្រ​លាន​យន្ត ហោះ​កូរ៉េ​ខាងត្បូង ។

ទូរទស្សន៍​កណ្តាល​កូរ៉េ​ខាងជើង KCTV ធ្វើការ​ប្រកាស​បែប​នេះ​មួយ​ថ្ងៃក្រោយ​ពី​កងទ័ព​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​៣​គ្រាប់ ក្នុង​នោះ​មាន​មី​ស៊ី​ល​រយៈ​ខ្លី SCUD ២​គ្រាប់ និង​មី​ស៊ី​ល​រយៈ​មធ្យម​ធុន RODONG មួយ​គ្រាប់ ។

ការ​បាញ់​មី​ស៊ី​ល​លើក​ចុង​ក្រោយ​នេះ​របស់​កូរ៉េ​ខាងជើង​អាច​ជា​ការ​បង្ហាញ​កម្លាំង​ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក THAAD លើ​ដែនដី​កូរ៉េ​ខាងត្បូង ដែល​សំដៅ​ការពារ​ចំពោះ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​កាន់តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាងជើង ។

ក្រុង​ព្យុ​ង​យ៉ាង​តវ៉ា​ប្រឆាំង​ការ​សម្រេចចិត្ត​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD ដោយ​អះអាង​ថា ការ​ដាក់​ពង្រាយ​នេះ​គឺ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​លុកលុយ​ប្រឆាំង​ប្រទេស​ខ្លួន ហើយ​​ក្រុង​ព្យុ​ង​យ៉ាង​គំរាម​ធ្វើ​សកម្មភាព​យោធា​នានា​ប្រឆាំង​ការ​សម្រេចចិត្ត​នេះ ។ កូរ៉េ​ខាងជើង​មួយ​ថ្ងៃក្រោយ​ការ​ប្រកាស​ពី​ការ​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD នៅ​កូរ៉េ​ខាងត្បូង​ក៏​បាន​បាញ់​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS មួយ​គ្រាប់​ដែរ ៕