ចិន​នឹង​ពុំ​បញ្ឈប់​ដាច់ខាត​ការ​សាងសង់​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ក្រុង​ប៉េ​កាំ​ង​អះអាង​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ថា ខ្លួន​នឹង​ពុំ​បញ្ឈប់​ដាច់ខាត​ការ​សាងសង់​នានា​លើ​បណ្តា​កោះ​តូច​ៗ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំណែក​ហ្វ៊ី​លី​ពី​ន​ប្រកាស​ថា បាន​បដិសេធ​សំណើ​ចរចា​មួយ​របស់​ចិន ដោយ​ពុំ​គិតដល់​សាលក្រម​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ CPA ក្រុង​ឡា​អេ​ស្តី​ពី​រឿង​នេះ ។

CPA តាម​រយៈពាក្យ​បណ្តឹង​របស់​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១២ កក្កដា បាន​ចេញ​ការ​សម្រេច​ពុំ​ផ្តល់​សុពលភាព​ដល់​ការ​ទាមទារ​របស់​ក្រុង​ប៉េ​កាំ​ង​យក​ផ្នែក​យ៉ាង​ធំ​នៃ​សមុទ្រ​យុទ្ធ​សាស្ត្រ​នេះ ជា​ផ្លូវ​នាវាចរណ៍​ពាណិជ្ជកម្ម​សំខាន់​នៃ​ពិភព លោក ហើយ​សម្បូរ​ដោយ​ប្រេងកាត និង​ឧស្ម័ន​ទៀត​ផង ។ ចិន​សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​សាលក្រម​នេះ ដោយ​ចាត់​ទុក​ថា ជា​ក្រដាស​ដែល​គេ​បោះចោល ហើយ​អះអាង​ថា ខ្លួន​មិន​គោរព​តាម​ដាច់ខាត ។

អាជ្ញាធរ​សមុទ្រ​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៨ កក្កដា ថា រាល់​ការ​ចូល​នឹង​ត្រូវ​ហាមឃាត់​រវាង​ថ្ងៃ​ទី​១៩ ទៅ​២១ កក្កដា ទៅ​កាន់​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ក្បែរ​ឆ្នេរសមុទ្រ​នៃ​កោះ​ហៃ​ណា​ន់ ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីនោះ ។ ម្យ៉ាងវិញទៀត បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ប្រយុទ្ធ​ចិន​បាន​ធ្វើការ​ល្បាត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ជិត​កោះ​ប៉ប្រះ​ទឹក SCARBOROUGH ដែល​ក្រុង​ម៉ានីល​មាន​ជម្លោះ​ជាមួយ​ក្រុង​ប៉េ​កាំ​ង​។ យោង​តាម​ស៊ី​ន​ហួ​ថា ការ​ល្បាត​នេះ​នឹង​ក្លាយទៅជា​ប្រចាំ ។

ក្រុង​ប៉េ​កាំ​ង​ក៏​ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា ដែរ​ថា នឹង​បន្តការងារ​សាងសង់​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដែនទឹក​មាន​ជម្លោះ ។ ដើម្បី​ធានា​ដល់​ការ​កាន់កាប់​របស់​ខ្លួន​ចិន​បាន​ពង្រីក​បណ្តា​កូន​កោះ និង​កោះ​ប៉ប្រះ​ទឹក​ទាំងឡាយ​ដោយ​បង្កើត​ជា​ព្រ​លាន​យន្តហោះ កំពង់​ផែ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឯទៀត​ៗ​សំដៅ​ពង្រឹង​សក្តានុពល​យោធា ។

លោក WU SHENGLI មេបញ្ជាការ​កងកម្លាំង​ម៉ា​រី​ន​ចិន​ថ្លែង​ទៅ​កាន់​សម​ភាគី​អា​មេ​រិ​កថា យើង​នឹង​មិន​បញ្ឈប់​ដាច់ខាត​ការ​សាងសង់​របស់​យើង​លើ​ប្រជុំ​កោះ NANSHA ជា​ផ្នែក​មួយ​នៃ​ដែនដី​ចិន ដែល​ការងារ​ទាំងនេះ គឺ​សម​ស្រប ត្រឹមត្រូវ និង​ស្របច្បាប់ ៕