ជន​ស៊ី​វិល​ជិត​60​នាក់​ស្លាប់ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នៅ​ស៊ី​រី

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ជន​ស៊ី​វិល​ជិត​៦០​នាក់​ក្នុង​នោះ​មាន​កុមារ​ផង បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​សារ​​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក នៅ​ជិត​ភូមិ​មួយ​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អិុស្លា​ម​ក្នុង​ខេត្ត​អា​ឡែ​ប ។

នៅ​ក្រុង​អា​ឡែ​ប​ទីប្រជុំ​នៃ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ក្រុម​ឧទ្ទាម​អិុស្លា​ម​និយម​ខ្លាំង​មួយ​ប្រកាស​ពី​ការ​ចាប់ផ្តើម​ការ​ប្រយុទ្ធ​សំដៅ​បំបែក​ការ​ឡោម​ព័ទ្ធ​ទាំងស្រុង​របស់​កងទ័ព​រដ្ឋាភិបាល​បណ្តា​សង្កាត់​នៃ​ក្រុង​នេះ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម ។

ត្រូវ​ឡោម​ព័ទ្ធ​ជិត​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នា​ថ្ងៃ​ទី​១៩ កក្កដា នៅ​រង​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា ។ នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ពី​ក្រុង​អា​ឡែ​ប កង​យន្តហោះ​របស់​ក្រុមចម្រុះ​នា​ព្រឹក​ព្រលឹម​បាន​វាយប្រហារ​ត្រូវ​ប្រជាជន​ដែល​ខំ​រត់គេច​ខ្លួន​មក​កាន់​ភូមិ AL TOUKBAR គេច​ពី​ការ​ប្រយុទ្ធ​គ្នា។ ភូមិ​នេះ​ស្ថិត​នៅ​ជិត​ទីតាំង MINBEJ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍ ម៉ា​ន នាយក OSDH គូសបញ្ជាក់​ថា ជន​ស៊ី​វិល​យ៉ាងតិច​៥៦​នាក់ ក្នុង​នោះ​មាន​កុមារ​១១​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​មនុស្ស​ច្រើន​​សិប​នាក់​ទៀត​រង​របួស ។ លោក​វាយតម្លៃ​ថា នេះ​ពិតជា​ការ​វាយប្រហារ​ច្រឡំ​ធំ​មួយ ៕