ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

មានយប់មួយលួចចេញផ្ទះដោយមិនបានឲ្យអ្នកផ្ទះដឹងថាខ្លួនទៅណានោះដែលកាលនោះ យុវជនម្នាក់មានវ័យ២៥ឆ្នាំ បានទៅដេកចាំមេខ្យល់នៅក្នុងវត្តមួយឈ្មោះប៉ាលិល័យ ដើម្បីរង់ចាំទៅប្រទេសថៃ រកប្រាក់កម្រៃជួយគ្រួសារ ដោយហេតុតែបានមើលឃើញថាគ្រួសារមួយបន្ទុកច្រើន ក្នុងនោះបងប្អូនច្រើននាក់ មានម្ដាយម្នាក់ហើយមានជំងឺអ្នកមានជាប់ខ្លួនទៀត។

នេះជាសម្ដីដ៏ស្រទន់ហាក់មានមន្តស្នេហ៍ទាក់ទាញឲ្យគេអាណិតជាមួយខ្សែជីវិតដូចចកអណ្ដែតតាមទឹក មិននឹងស្មានថាខ្លួនមានដល់ថ្ងៃនេះរបស់លោក ផាន់សុភ័ក្រ្ត។ បច្ចុប្បន្នមានអាយុ៣២ឆ្នាំ មេចុងភៅនៅអាហារដ្ឋានយីហោ “ផ្ទះភេសជ្ជៈ“  មានអតិថិជនជាច្រើននាក់បានទៅញុំាអាហារជារៀងរាល់ល្ងាចក្បែរស្ពានហង្ស បានរៀបរាប់ប្រាប់ពីខ្សែជីវិតតស៊ូជូរចត់ដល់អ្នកយកព័ត៌មានខេឃ្យូប (Kqube.net) ។

ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

កើតក្នុងត្រកូលអ្នកក្រីក្រមានមុខរបកសិកម្ម ក្នុងមួយឆ្នាំៗរកប្រាក់ចំណូលបានតិច ស្ទើរតែមិនអាចរត់រួចក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ដោយលោកឪពុកបានស្លាប់ រីឯអ្នកម្ដាយមានជម្ងឺជាប់ខ្លួន ជួនឈឺ ជួនជា ដែលជាជម្ងឺលើសឈាម ក្នុងមួយខែធ្វើទុក្ខពីទៅបីដង។ ក្នុងនាមជាកូនប្រុសច្បងនៅក្នុងគ្រួសារបានសម្រេចថាចាកចេញពីគ្រួសារ ទៅធ្វើការដើម្បីរកប្រាក់ផ្ញើរជូនម្ដាយក្នុងការចាត់ចែងលើការចំណាយផ្សេងៗ។

ហេតុតែការងារសំណង់ បានផ្ដល់ប្រាក់តិចតួចពេកដែលស្ទើរតែមិនអាចសល់លើការចំណាយផ្សេងក្នុងការស្នាក់នៅផងនោះកូនច្បងនៅក្នុងគ្រួសារកសិកររូបនេះបានសម្រេចចិត្តឈប់ការ ហើយបណ្ដែតវាសនាផ្សងព្រេងនៅលើទឹកដីប្រទេសថៃ។ ដោយគុណទឹកដោះម្ដាយរបស់ខ្លួនថ្លៃបាននាំឲ្យលោកមិនបានជួបតម្រួតថៃ ឬត្រូវបានគេវាយនៅតាមផ្លូវឬនៅពេលស្នាក់នៅនោះទេ កំឡុងពេលធ្វើការជាកម្មករសំណង់។

លោកបានបន្តថា ក្រោយពីបានធ្វើការសំណងនៅឈុនបូរីនៃទឹកដីថៃបាន៣វិ (១ខែកន្លះ) លោកក៏បានសម្រេចចិត្តចេញដំណើរទៅផាត់ទីយ៉ាបន្តទៀត ខ្សែជីវិតប្រៀបបាននឹងចកអណ្ដែតទឹក មិនគោលដៅច្បាស់លាស់នោះទេ។

តែជាភព្វសំណាងបានសាងពីបុព្វេនិងគុណម្ដាយថ្លៃ មានថ្ងៃមួយនោះបន្ទាប់បានមកដល់ផាតទីយ៉ា លោកបានអង្គុយជ្រោកក្រោយដើមឈើមួយដើម មានតែខោអាវបីកំផ្លេ ជាប់ប្រាក់និងខ្លួនប៉ុន្មានជាមិនដល់២០បាតផងនោះ ក៏មានបងប្រុសចិត្តធម៌ម្នាក់បានឃើញលោកនិងបានដើរមកសួររូបលោកថា”ប្អូនមកពីណា ហើយមានបំណងទៅដែរ មានទាំងបង្វេចនៅជាប់និងខ្លួន ហើយក្រោយដើមឈើនេះ”។

លោកបានឆ្លើយតបទៅវិញដោយរៀបរាប់ប្រាប់ពីដំណើរដើមទងរបស់ខ្លួនទៅបុរសចិត្តធម៌នោះតែគាត់មិនបានដឹងលោកជាខ្មែរនោះទេ តែលោកបានដឹងថាគាត់ជាជនជាតិខ្មែរ។ ក្រោយពីបានដឹងរឿងរាវអស់ហើយនោះ បុរសមា្នក់នោះក៏បានសួរបន្តទៀតថា៖ ប្អូនចេះធ្វើខ្លះដែរ? ហើយកន្លែងបងខ្វះកូនកាំបិតម្នាក់ តើប្អូនអាចធ្វើបានទេ?

ស្របពេលដែលខ្លួនកំពុងដែរចង់រកកន្លែងស្នាក់នៅ រួមផ្សំនិងធ្លាប់ធ្វើម្ហូបញុំាំជុំគ្នាជាមួយនិងប្អូននៅឯងស្រុកផងនោះ លោកក៏បានឆ្លើយថា“ ខ្ញុំអាចធ្វើបានបង” ។ បន្ទាប់មកបុរសម្នាក់នោះក៏បាននាំរូបលោកទៅដើម្បីធ្វើការងារជាកូនកាំបិតនៅក្នុងហាងជាមួយលោក ដែលហាងនោះនៅផាតទីយ៉ា។

ការតស៊ូកំឡុងពេលធ្វើជាកូនកាំបិត

ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

កំឡុងពេលនៃការស្នាក់នៅនឹងធ្វើជាកូនកាំបិតនៅក្នុងហាងមួយនៅទឹកដី ផាត់ទីយ៉ា លោកបានខិតខំរៀនធ្វើការយ៉ាងសកម្មភាព ប៉ុន្តែពេលនោះលោកមិនទាន់ទទួលបានប្រាក់ខែនៅឡើយទេ។ ដោយត្រឹមតែទទួលបានកន្លែងស្នាក់នៅ និងហូបចុកតែប៉ុណ្ណោះ ទោះបីជាយ៉ាងនេះក្ដី ក៏មិនបានគិត ឬ អន់ចិត្តពីរឿងនោះដែរ សំខាន់បានប៉ុណ្ណឹងគ្រប់គ្រាន់ហើយសម្រាប់លោក។

ក្រោយពីបានកាន់កូនកាំបិតអស់ពេលជាង៦ខែមក បានធ្វើឲ្យលោកហាត់ពត់ លុតដំខ្លួនយ៉ាងខ្លាំង ជាកត្តាមួយជំរុញឲ្យលោកខិតខំព្យាយាមក្នុងការបំពេញការងារមួយនេះ។ ប៉ុន្តែខណៈពេលនោះលោកក៏មិននឹកស្មានថាខ្លួននឹងចាប់យកអាជីពជាចុងភៅដែរ។

កូនកាំបិតរូបសង្ហាម្នាក់នេះបន្ថែមថា មានថ្ងៃមួយមេចុងភៅដែលតែងតែធ្វើម្ហូបមិននៅ លោកឃ្លានបាយយ៉ាងខ្លាំងពេក ហើយមិនហ៊ានពឹងមេចុងភៅឲ្យម្ហូបឲ្យញ៉ាំ លោកក៏ដាច់ចិត្តឆាបានញុំាដោយខ្លួនឯង។ បន្ទាប់ឆាបាយនិងញុំារួចលាស់ លោកបានទុកបាយឆាដែលសល់ ចោលនៅលើតុក្នុងផ្ទះបាយ រួចក៏ដើរចេញទៅ។

កត្តាជំរុញឲ្យភាពជោគជ័យ

ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

និយាយផងលួចញញឹមផងនោះអតីតកូនកាំបិតរូបនេះបន្តថា  លុះមេចុងភៅត្រឡប់មកវិញ ពួកគាត់បានឃើញបាយឆានោះ រួចក៏នាំគ្នាភ្លក់ម្នាក់ពីបីមាត។ ពេលនោះមេចុងភៅក៏បានហៅរូបលោកមកជួប រួចសួរថា នរណាគេឆាបាយនេះ? ភ្លាមៗនោះលោកព្រួយអារម្មណ៍យ៉ាងខ្លាំង ព្រោះខ្លាចមានខុសអ្វីមួយ ទោះបីជាមានអារម្មណ៍បែបនេះក្តី លោកបាន ឆ្លើយថា ផុ៎ម ( ខ្ញុំ)!។ បានឮដូច្នេះ មេចុងភៅតបវិញដោយសរសើរថា “អារយ ជីងៗ“ (ឆ្ងាញ់ពិតៗ) ដោយសញ្ញាឲ្យមេដៃផងដែរ។

ការសរសើរនេះបានធ្វើឲ្យលោករំភើបយ៉ាងខ្លាំង ហើយធ្វើលោកបានខិតខំព្យាយាមបន្ថែមទៀត ដោយលើសពីការព្យាយាមកន្លងមក ដោយបានគិតថាខ្លួនជោគជ័យមួយជំហានប៉ុន្តែលោកមិនទាន់ហានធ្វើដោយខ្លួនឯងនៅឡើយទេ ដូច្នេះលោកក៏លួចរៀន និងព្យាយាមសង្កេតបន្តទៀត។

ដល់ថ្ងៃមួយមានមេចុងភៅម្នាក់បានឈប់ ហើយការកុម្ម៉ង់ម្ហូបនិងទំនិញដាក់ចូលហាងច្រើន ដែលធ្វើឲ្យស្ទះការងារពេលនោះមេកាំបិតក៏ឲ្យលោកមកជំនួស  ខណៈពេលជំនួសនោះ មេកាំបិតក៏បានមកភ្លុកម្ហូបលោកធ្វើ ហើយប្រាប់ថារស់ជាតិអាចទទួលបាន និងឲ្យរក្សារសជាតិផ្សំគ្រឿងឲ្យស្មើដៃ។

លាឈប់មកធ្វើការនៅស្រុកខ្មែរ

ចាប់ពីពេលនោះមកលោកក៏បានក្លាយជាចុងភៅផងនិងកូនកាំបិតផងនៅពេលជាមួយ ហើយបានខិតខំយ៉ាងខ្លាំង ព្រោះថាពេលខ្លួនមកស្រុកគេ គ្មានគោលដៅសម្រាប់ខ្លួន មិនមានអ្វីទេជាប់និងខ្លួន ការរៀនសូត្រក៏បានត្រឹមតែថ្នាក់បាក់ឌុបប៉ុណ្ណោះ ដូច្នេះត្រូវតែខិតខំប្រឹងប្រែងចាប់យកជំនាញនេះដើម្បីទុកទៅថ្ងៃមុខ។

បន្ទាប់បានធ្វើជាចុងភៅផងនិងកូនកាំបិតផងអស់ជាង២ឆ្នាំ ចុងភៅរូបសង្ហាដដែលនេះបន្តឲ្យដឹងថា ដោយសារតែនឹងស្រុកពេកក៏សុំថៅកែហាងលាឈប់ ដើម្បីមកស្រុកខ្មែរវិញ។ ដោយការអាណិតស្រឡាញ់ថៅកែហាងក៏បានទាក់ទងឲ្យលោកមកធ្វើការនៅហាងមួយនៅខេត្តសៀមរាបដែលម្ចាស់ហាងនោះជាមិត្តភក្តិរបស់ខ្លួន។ ហើយលោកក៏បានបម្រើការងារនៅហាងនោះបន្តទៀតអស់រយៈពេលជាង១ឆ្នាំនៅចាប់ពីចុងឆ្នាំ២០១៣។

មុខម្ហូបដែលលោកចេះ

ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

បើងាកមកនិយាយពីមុខម្ហូបដែលកូនកាំបិតរូបនេះ តស៊ូរហូតបានក្លាយជាមេកាំបិតមុនត្រឡប់មកស្រុកខ្មែរ លោកបានឲ្យដឹងថា លោកបានចេះធ្វើម្ហូបជាង៣០មុខ ដែលមុខម្ហូបទាំងនោះ លោកបានទទួលការកោតសរសើរពីសំណាក់អតិថិជន  ដែលភាគច្រើនជាបាយឆាគ្រឿងសមុទ្រ បាយឆាយ៉ាងចូវ បាយឆាសាច់គោ និងមុខម្ហូបគ្រឿងក្លែមជាច្រើនមុខ។

គម្រោងថ្ងៃអនាគត

ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ

ទោះបីជាយ៉ាងនេះក្តី លោកប្រាប់ឲ្យដឹងទៀតថា បើសិនជាមានឱកាសល្អ លោកនឹងត្រឡប់ទៅរៀនបន្តនៅប្រទេសថៃវិញ ដើម្បីយកវិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផ្នែកធ្វើម្ហូបនេះ ពីព្រោះថៅកែដែលជាបុរសចិត្តធម៌ម្នាក់នោះនៅតែចង់ឲ្យលោកត្រឡប់ទៅវិញផងដែរ។ ម្យ៉ាងទៀតថៅកែចង់ឲ្យលោករៀនបន្តនៅស្រុកថៃ ដើម្បីឲ្យមានវិញ្ញាបនបត្រ  សម្រាប់ការដាក់ពាក្យធ្វើការនៅតាមសណ្ឋាគារនានានៅក្នុងស្រុកខ្មែរឲ្យមានភាពងាយស្រួល។

សម្រាប់គម្រោងទៅថ្ងៃអនាគត លោកបានឲ្យដឹងដែរថា នៅពេលដែលលោកមានគ្រួសារទៅ លោកចង់បើកជាហាងមួយដើម្បីផ្តល់សេវាកម្មផ្នែកម្ហូបអាហារមានរសជាតិបែបជនជាតិថៃ៕

ប្រភព៖ kqube

  • ពី​កម្មករ​​រត់​ទៅ​ថៃ​បាន​កែ​ខៃ​ជីវិត​ខ្លួន​ក្លាយ​​ជា​មេ​ចុងភៅ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: