ដោយសារ​កាំភ្លើង​ខ្លួនឯង ធ្លាយ​ខួរ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​ស្លាប់​ក្នុង​ថ្លុកឈាម​​យ៉ាង​អាណោច​អាធ័ម​​ដោយសារ​គ្រាប់កាំភ្លើង​របស់​ខ្លួនឯង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​កុលសម្ព័ន្ធ​ជនជាតិ​កា​វែ​ត ស្ថិត​នៅ​ភូមិ​គិរី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​សៀម​ប៉ា​ង​ដែល​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខ​ត យ៉ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​កា​វែ​ត រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​អតីត​ទាហាន ។

ជុំវិញ​ហេតុការណ៍​ខាងលើ​មិន​ត្រូវ​បាន​បង្ហើប​ព័ត៌មាន​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ឡើយ ដោយ​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​របស់​សមត្ថកិច្ច​ ដោយ​សារ​មាន​មេ​កុលសម្ព័ន្ធ​និយាយ​ជា​ភាសា​ជនជាតិ​កា​វែ​តទៅ​គ្រួសារ​ជន​រង​គ្រោះ ក្រោយមក​មិន​ត្រូវ​បាន​បង្ហាញ​ហេតុការណ៍​ជាក់លាក់​ឡើយ ។

លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​លើ​ខ្ទម​របស់​ខ្លួន​ក្នុងភូមិ​កុលសម្ព័ន្ធ​ជនជាតិ​កា​វែ​ត​មួយ​ឆ្ងាយ​ពី​ស្រុក ខណៈ​រូប​គាត់​យក​កាំភ្លើង​ម៉ាក​អាកា​៤៧​មក​មើល​កាណុង​ក្រែង​មាន​អ្វី​ស្ទះ គ្រានោះ​បាន​ទាក់​នឹង​កៃ​ផ្ទុះ​ត្រូវ​ចំ​ថ្ងាស​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង ។ លោក​បន្ត​ថា កាំភ្លើង​នោះ​មាន​គ្រាប់​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​បង់ ហើយ​ទាក់ទិន​នឹង​អាវុធ​នោះ​ដែរ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា ជន​រង​គ្រោះ​បាន​មកពីណា​នៅឡើយ​ទេ តែ​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​អាវុធ​នោះ​ទំនងជា​របស់​ជន​រង​គ្រោះ​បន្សល់​ទុក​ក្រោយ​ឈប់​ពី​ទាហាន គាត់​នៅ​តែ​រក្សា​ទុក​ដោយ​មិន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

លោក វ៉ា សុ​ផា​ន់ បន្ត​ថា ក្រោយ​ការ​ចុះ​ពិនិត្យ​ផ្ទាល់ ដោយ​ជំនាញ​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ផ្ទុះអាវុធ​ខ្លួនឯង​ពិតមែន ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ បន្ទាប់​មក​ជំនាញ​បាន​ប្រគល់​សព​ជូន​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ ៕