​សិក្ខាកាម​​​ ២០​នាក់​​ NOCC បណ្ដុះ​បណ្ដាល​​ស្ដី​ពី​«ស្ត្រី​ និង​កីឡា» ​ដោយ​ជោគជ័យ​

សិក្ខាកាម​​ចំនួន ២០​នាក់​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​​ក្នុង​សិក្ខាសាលា​​ថ្នាក់​ជាតិ​ស្ដី​ពី​ ​ «ស្ត្រី​ និង​កីឡា»  ដែល​រៀប​ចំ​ឡើង​ដោយ​​គណៈកម្មាការ​ជាតិ​អូឡាំពិក​កម្ពុជា ( NOCC)  ​​​​ដោយ​ជោគជ័យ​​​នៅ​ខេត្ត​សៀមរាប​​អស់​រយៈ​ពេល​ចំនួន ៤​ថ្ងៃ​បាន​បិទ​វគ្គ​បញ្ចប់​កាល​ពី​​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៦​ ​ព្រឹក​មិញ​នេះ។

 

​សិក្ខាកាម​​​ ២០​នាក់​​ NOCC បណ្ដុះ​បណ្ដាល​​ស្ដី​ពី​«ស្ត្រី​ និង​កីឡា» ​ដោយ​ជោគជ័យ​​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន

 

​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ឲ្យ​ដឹង​ក្នុង​ឱកាស​បិទ​វគ្គ​កាល​ពី​ព្រឹក​មិញ​​នេះ​ថា​ ​កម្មវិធី​នេះ​រៀប​ចំ​ឡើង​​ដោយ​ ( NOCC ) ​ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បណ្ដុះ​ស្មារតី​ស្ត្រី​​ ឲ្យ​ចូល​រួម​ចំណែក​លេង​កីឡា។ ​​​​ឆ្នាំ​នេះ​ជា​លើក​ទី ៣​ហើយ​​ ដែល NOCC ​បង្កើត​ព្រឹត្តិការណ៍​​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ឡើង ដោយ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន ២០​នាក់​មក​ពី​ភ្នំពេញ​ ១៥​នាក់។ ​​​

 

ឯកឧត្តម​​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា​ សិក្ខាកាម​ចូលរួម​បាន​យល់​ពី​ទិសដៅ និង​ចលនា​អូឡាំពិក​ពិភពលោក​អំពី​ស្ត្រី។ ​ការ​​ចូលរួម​​របស់​ពួក​គេ​​ជា​​ការ​បង្ហាញ​សកម្មភាព​កីឡា​ ​ក្នុង​ភាព​ជា​អា​ជីព​ ជា​កីឡា​​ការិនី និង​ស្ត្រី​​ភាព​ជា​​អ្នក​ដឹកនាំ។

 

​ឯក​ឧត្ដម​បញ្ជាក់​​ពី​ផល​ចំណេញ​​នៃ​ការ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ថា​ អប់រំ​ចិត្តសាស្ត្រ និង​ទ្រឹស្ដី​​អំពី​ស្ត្រី​ពី​របៀប​នៃ​ការ​ដឹកនាំ​ខ្លួនឯង និង​អ្នក​ដទៃ​ សម្រាប់​ការ​ចូល​រួម​សកម្មភាព​កីឡា ហើយ​ស្រាវ​ជ្រាវ​រក​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ។ ​សិក្ខាកាម​ទទួល​បាន​​​កាន់​តែ​ច្បាស់​ ដែល​ស្របតាម​យុទ្ធសាស្ត្រ​ផែនការ​មេ​ សម្រាប់​រៀបចំ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។ បន្ត​បន្ទាប់​ទៀត គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​​ផ្ដល់​ឱកាស​ឲ្យ​សិក្ខា​កាម​ជា​ស្ត្រី​បាន​ចូលរួម​ក្នុង​សិក្ខា​​​សាលា​លក្ខណៈ​អន្តរជាតិ។

 

ការ​រៀប​ចំ​សិក្ខាសាលា​ស្ដីពី​ស្ត្រី និង​កីឡា​​នេះ​​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន ​ដើម្បី​​ រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​ ​កិច្ច​ការ​ទាំង​នេះ​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​ និង​បុរស​ឲ្យ​បាន​ស្រុះ​ដៃ​គ្នា​ទើប​​អាច​សម្រេច​បាន​ជោគជ័យ៕​​​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា