អ្នក​រស់នៅ​ជាក់ស្តែង​អត់​បាន​ អ្នក​វាស់​បែរជា​បាន

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ចំណុច​អូរ​អំបិល ក្នុងភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​និ យាយ​ថា ការ​វាស់ដី​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥០​គ្រួសារ តាម​គោល​ការ​កាត់​អនុប្រយោគ​ដី​ព្រៃ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ នៅ​ដំណាក់កាល​ទី​១ មាន​មន្ត្រី​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​បន្លំ​ឈ្មោះ​យក​ដី តែ​សម្រាប់​ពលរដ្ឋ​រស់នៅ​ផ្ទាល់​ក្នុង​តំបន់​នោះ បែរជា​អត់​បាន​ដី​ទៅ​វិញ ។

ពលរដ្ឋ​បាន​និយាយ​ថា កន្លង​មក​លោក​អភិបាលខេត្ត​ឧត្តរមានជ័យ ស ថា​វី បាន​ទៅ​ប្រកាស​ថា នឹង​កាត់​ឆ្វៀល​ដី​នៅ​ចំណុច​អូរ​អំបិល ចែក​ជូន​ដល់​ពួក​គាត់​ចំនួន​៣៥០​គ្រួសារ ហើយ​ក្នុង​ការ​ប្រកាស​នោះ លោក​អភិបាល​នឹង​ស្នើ​សុំ​កាត់​អនុប្រយោគ​ទៅ​សម្តេច​តេ​ជោ​ចំនួន​១​ពាន់​ហិ​កតា ។ តែ​ក្រោយមក​គណៈកម្មការ​ចុះ​ធ្វើការ​វាស់វែង​ឱ្យ​ពួក​គាត់​ដោយ​ស្របច្បាប់​ដើម្បី​បាន​កាន់កាប់ និង​ស្នាក់​នៅ​ជាក់ស្តែង ជា​ដំណាក់កាល​ទី​១ ។ ហើយ​ពួក​គាត់​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​វាស់វែង​ដំណាក់កាល​ទី​១ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្កាន់ដៃ​ដី​លំនៅ​ដ្ឋា​ន តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​មិន​ទទួល​បាន​បង្កាន់ដៃ នៅ​ពេល​ពួក​គាត់​ទៅ​សួរ​គណៈកម្មការ​បាន​ប្រាប់​ថា ដី​របស់​ពួក​គាត់​ជា​ដី​មាន​ទំនាស់ ត្រូវ​រង់ចាំ​ការ​ដោះស្រាយ បែរជា​អ្នក​មក​ពី​ចម្ងាយ​មិន​ដែល​ឃើញ​សោះ គេ​បាន​បង្កាន់ដៃ​លើ​ដី​ពួក​គាត់​ទៅ​វិញ ។

ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ ពលរដ្ឋ​ដែល​រស់នៅ​ខាងកើត​ផ្លូវ​ក្នុង​ព្រៃ​ស្អា​ក់ ដែល​ត្រូវ​ក្រុម​មន្ត្រី​បរិស្ថាន​ដេញ​ពួក​គាត់​ចេញ​ឱ្យទៅ​រស់នៅ​ចំណុច​អូរ​អំបិល​នោះ​ដែរ តាម​សេចក្តី​ប្រកាស​របស់​លោក​អភិបាលខេត្ត​នឹង​បែងចែក​ដីធ្លី​ជូន​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​មិន​ទាន់​បាន​ទៀត ។ បើ​គិត​ពី​ពលរដ្ឋ​គឺ​ជាង​១០០​គ្រួសារ​ដែល​ពុំ​ទាន់​បាន​ទទួល​ដីធ្លី​ពី​គណៈកម្មការ ដោយ​សព្វថ្ងៃ​ពួក​គាត់​បាន​ដើរ​សុំ​គេ​ធ្វើ​ខ្ទម និង​សង់ផ្ទះ​នៅ​លើ​ដី​ចំណី​ផ្លូវ​ស្នាក់​នៅ​បណ្តោះអាសន្ន និង​ដើរ​សុំ​ដី​គេ​គ្រាន់​បាន​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ ៕