អាវុធហត្ថ​២​ខណ្ឌ​ចេញ​ប្រតិបត្តិការ​ផ្អើល​ផ្ទះសំណាក់ EM

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​និង​អាវុធហត្ថ​ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ បាន​​ចេញ​ប្រតិបត្តិការ​ផ្អើល​ផ្ទះសំណាក់​យីហោ E.M ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​ពី​បទ​ជួញដូរ​សារធាតុ​ញៀន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៤១​កញ្ចប់ និង​វត្ថុ​តាង​ជា​ច្រើន​ទៀត ។

ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ សុខ ចាន់​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ហុ​ន ស្រី​ពិន ភេទ​ស្រី អាយុ ២៦​ឆ្នាំ ស្នាក់​នៅ​និង​បម្រើ​ការ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ម្តុំ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ ។ ទាំង​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បន្ទប់​លេខ​២២២ ក្នុងផ្ទះ​សំណាក់​យីហោ E.M ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ឆ្លងកាត់​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​នា​ពេល​កន្លង​មក ទើប​ថ្ងៃនេះ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​មក​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​នេះ​តែ​ម្តង ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​របស់​លោក​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​(​ម៉ា​ទឹកកក​)​ទាំង​កញ្ចប់​តូច​និង​កញ្ចប់​ធំ​សរុប​ចំនួន​៤១​កញ្ចប់​(​ធំ​៤​កញ្ចប់​) ជញ្ជីង​ថ្លឹង​១​គ្រឿង រួម​ទាំង​ឧ​បករ​កណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​ថ្នាំ​ញៀន​ទាំង​៤១​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដែល​ដកហូត​បាន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕