អាណិត​ណាស់ ! ស្លាប់​ដោយសារ​រថយន្ត​ខ្លួនឯង​បើក​រាល់ថ្ងៃ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​កោះ​ថ្មី (​ក្រុមហ៊ុន យិ​ជៀ​)​ ស្ថិត​ក្នុងភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរ​ជន​រង​គ្រោះ​ឈ្មោះ ឆាន វណ្ណ​ឆាយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា ហេង ឃុំ​អូរ​ឧកញ៉ា ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​គាប​ជាប់​ខាងលើ​តួ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក​ម៉ុង​ហ្គោ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0422 ជា​រថយន្ត​ដែល​ជន​រង​គ្រោះ​បើកបរ​រាល់ថ្ងៃ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​និង​មនុស្ស​៣-៤​នាក់​ទៀត​បាន​នាំ​គ្នា​អង្គុយ​ហូប​បាយ​ជុំ​គ្នា លុះ​បាន​មួយសន្ទុះ​គេ​ឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពី​វង់​ហូប​បា​យមក​កន្លែង​រថយន្ត​របស់​ខ្លួន ហើយ​បានឮ​សូ​សំលេង​បញ្ឆេះ​ឡាន ស្រប​ពេល​នោះ​មិន​មាន​ន​ណា​ចាប់អារម្មណ៍​ឡើយ លុះ​បាត់​ជន​រង​គ្រោះ​យូរ​ពេក​ក៏​នាំ​គ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​គាប​ជាប់​នឹង​រថយន្ត​របស់​ខ្លួន​ស្លាប់​បាត់​ជីវិត​ទៅ​ហើយ  ។

ចំពោះ​ការ​ស្លាប់​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ត្រូវ​បាន​បែន​រថយន្ត​សង្កត់​ស្រប​ពេល​ដែល​ជន​រង​គ្រោះ​បើក​បែន​ចោល ហើយ​ទៅ​អើត​មើល​គ្រឿង​រថយន្ត​របស់​ខ្លួន​អាច​ខុស​លក្ខណៈ​បច្ចេកទេស ទើប​បណ្តាល​ឲ្យ​បែន​សង្កត់​ស្លាប់​តែ​ម្តង ៕