ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល​ប្រមូល​ថវិកា​ជួយ​ដល់​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ប្រមូល​បាន​ថវិកា​ពី​ការ​រៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី និង​ប្រាក់​ពី​វិភាគ​ទាន​នានា ចំនួន​ជាង ៦​ពាន់​ដុល្លារ​អាមេរិក។

សមាជិក​គណៈកម្មការ​ពិធី​បុណ្យ​សព លោក វ៉ាន់ ចំរើន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ថា ថវិកា​ទាំង​នោះ ប្រមូល​បាន​ពី​រៀបចំ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​កក្កដា។ លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ម៉ាសាឈូសេត បាន​រៀបចំ​ប្រារព្ធ​បុណ្យ​សព​ចំនួន ២​ថ្ងៃ នៅ​វត្ត​ផ្សេង​ពី​គ្នា ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កាល​ពី​ចុង​សប្ដាហ៍​មុន៖ «យើង​ខ្ញុំ​ធ្វើ​បុណ្យ​មួយ​នៅ​វត្ត​ពន្លឺពុទ្ធចក្រ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​កក្កដា។ យើង​សរុប​បាន​ទឹក​លុយ ៦.២០១​ដុល្លារ ក្នុង​នោះ ៥.៦១៨​ដុល្លារ​បាន​ពី​ពលរដ្ឋ ហើយ​ប្រាក់ ៤០៦​ដុល្លារ ពី​ក្រុមហ៊ុន Unwrap  ចំណែក​ប្រាក់ ១៧៧ ដុល្លារ​ផ្សេង​ទៀត​បាន​មកពី​យាយ​ចាស់ៗ គាត់​បាន​ប្រមូល​គ្នា​បន្តិចៗ​ក្នុង​ម្នាក់ៗ។ សរុប​ទឹក​ប្រាក់ ៦.២០១​ដុល្លារ​នេះ គឺ​ប្រាក់​បន្ថែម​ទៅ​នឹង​ការ​ធ្វើ​បុណ្យ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ជាង ២​ម៉ឺន​ដុល្លារ...»

​ចំណែក​សមាជិក​គណៈកម្មការ​បុណ្យ លោក អ៊ុន តូនី មក​ពី​ក្រុង​វូស្ទ័រ (Worcester) រដ្ឋ​ម៉ាសាឈូសេត​នេះ​ដែរ មាន​ប្រសាសន៍​ថា ពលរដ្ឋ​សហគមន៍​ខ្មែរ​ពី​ក្រុង​វូស្ទ័រ (Worcester) ក្រុង​លីន (Lynn) ប្រូវីដិន (Providence) ជាដើម ប្រមាណ​ជាង ៧០០​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា ក៏​បាន​រៀបចំ​ពិធី​បុណ្យ ៧​ថ្ងៃ ជូន​សព​លោក​បណ្ឌិត កែម  ឡី និង​រៃអង្គាស​ថវិកា​បាន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​សព។

​ដោយ​ឡែក សហគមន៍​ខ្មែរ​រស់​នៅ​ក្នុង​ក្រុង​ហ្វ្រែស ស្ណូ (Fresno)  រដ្ឋ​កាលីហ្វ័រញ៉ា (California)  ក៏​បាន​រៀបចំ​ពិធី​បុណ្យ​សព ៧​ថ្ងៃ របស់​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពុទ្ធសាសនរង្សី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា។

សមាជិក​ម្នាក់​នៃ​គណៈកម្មការ​បុណ្យ លោក នូ សុភ័ក្ត្រា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​មក​ចូល​រួម​ពិធីបុណ្យ បាន​សំដែង​ក្ដី​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​វីរជន​ស្នេហា​ជាតិ​ម្នាក់ ដែល​ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​លះបង់​ជីវិត​ដើម្បី​ប្រទេស​ជាតិ។ លោក​បន្ត​ថា ទឹកប្រាក់​ដែល​ប្រមូល​បាន​ក្នុង​ពិធីបុណ្យ​បាន​ចំនួន ៣.៨៨០​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ក្រុម​គ្រួសារ​សព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។