គណៈកម្មការ​បុណ្យ​សព​និង​សាលាក្រុង​មិន​ទាន់​ចុះ​សម្រុង​ចំពោះ​ផ្លូវ​ដង្ហែ​សព​បណ្ឌិត​កែម ឡី

ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព​លោក បណ្ឌិត កែម ឡី និង​សាលារាជធានី​ភ្នំពេញ មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២០ កក្កដា ចំពោះ​ផ្លូវ​មួយ​ចំនួន សម្រាប់​ដង្ហែ​សព​ឆ្លង​កាត់​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​តាកែវ។

ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ក្រោយ​កិច្ច​ប្រជុំ រវាង​ក្រុម​គ្រួសារ គណៈកម្មការ​បុណ្យ​សព និង​សាលារាជធានី​ភ្នំពេញ ថា សាលាក្រុង​មិន​ព្រម​តាម​សំណើ​របស់​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព ដែល​ចង់​ដង្ហែ​សព​លោក កែម ឡី កាត់​ផ្លូវ​ព្រះមុនីវង្ស និង​បត់​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ​ទេ។

លោក កែម រិទ្ធិសិត បន្ត​ថា សម្រាប់​សាលាក្រុង​អនុញ្ញាត​ផ្លូវ​សម្រាប់​ដង្ហែ គឺ​ចុះ​ពី​ស្ពាន​ជ្រោយចង្វា ឆ្ពោះ​ទៅ​អង់តែន​ទួលគោក កាត់​តាម​ផ្សារ​មាន់​អាំង ត្រឡោកបែក ទើប​អាច​ឡើង​ទៅ​កាន់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ស្ពាន​អាកាស​៧​មករា ឆ្ពោះទៅ​រង្វង់​មូល​ចោមចៅ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍។

ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់ លោក កែម រិទ្ធិសិត ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព មិន​ព្រម​ទទួល​នូវ​ការ​រៀបចំ​របស់​សាលាក្រុង​ឡើយ ដោយ​នៅ​ទទូច​សុំ​ដង្ហែ​តាម​ផ្លូវ​ដែល​ខ្លួន​ស្នើ​សុំ​ដដែល

ចំណែក​ភាគី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ចូលរួម​ដោយ​អភិបាលរង គឺ​លោក ឃួង ស្រេង ថា នឹង​យក​សំណើ​នេះ​ទៅ​អភិបាល​រាជធានី លោក ប៉ា សុជាតិវង្ស ជា​អ្នក​សម្រេច​ចុង​ក្រោយ។

លោក កែម រិទ្ធិសិត បន្ត​ថា សម្រាប់​ការ​ដង្ហែ​នេះ​ដែរ គឺ​អាជ្ញាធរ​ក្រុង​នឹង​ជួប​រៀបចំ​សណ្ដាប់​ធ្នាប់ រួម​នឹង​រថយន្ត​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ក្រុង​សម្រាប់​ដឹក​អ្នក​ដង្ហែ ចំនួន​២​គ្រឿង។

គម្រោង​ដង្ហែ​សព​លោក កែម ឡី ទៅ​ខេត្ត​តាកែវ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ កក្កដា ចាប់​ពី​ម៉ោង​៧​ព្រឹក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។