ជនអន្តោប្រវេសន៍​ជាង​3.000​នាក់​ជួយ​សង្គ្រោះ​ក្នុង​ដែនទឹក​លី​ប៊ី

កង​ឆ្មាំ​ឆ្នេរសមុទ្រ​អុ​ី​តា​លី​រាយការណ៍​ថា ជនអន្តោប្រវេសន៍​ប្រមាណ​ជា​៣.២០០​នាក់ ដែល​ជិះ​ណែនណាន់តាន់តាប់ ក្នុង​នាវា​ទាំងឡាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី រួច​សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក ។

នាវា​៣​គ្រឿង​របស់​កង​ម៉ា​រី​ន​អុ​ី​តា​លី ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ជាង​១.០០០​នាក់ ។ បណ្តា​នាវា​របស់​អង់គ្លេស និង​អេ​ស្ប៉ា​ញ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​អឺរ៉ុប​ហៅ SOPHIA ក៏​បាន​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ​ដែរ រួម​ទាំង​បណ្តា​នាវា​របស់​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF និង​របស់ OFFSHORE AID STATION ព្រមទាំង​នាវា​មួយ​គ្រឿង​របស់​អង់គ្លេស និង​នាវា​សណ្តោង​ឯកជន​មួយ​គ្រឿង ។

គិត​មក​ដល់​ថ្ងៃ​ទី​១៨ កក្កដា ជនអន្តោប្រវេសន៍​៧៩.៨៦១​នាក់ បាន​មក​ដល់​អីុ​តា​លី​តាម​សមុទ្រ​តាំងពី​ដើមឆ្នាំ​នេះ​មក ទល់​នឹង​៨៣.១១៩​នាក់ ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​ដែរ​នៃ​ឆ្នាំទៅ​មិ​ញ ។

ចំណែក​ជនអន្តោប្រវេសន៍​ដែល​មក​ដល់​ប្រទេស​ក្រិ​កតាម​ឆ្នេរសមុទ្រ​តួ​ក​គី​មានការ​ថយ​ចុះ​៩៥% ដោយសារ​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​រវាង​ក្រុង​អង់កា​រ៉ា និង​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការ​សំរុកចូល​នៃ​ពួក​អន្តោប្រវេសន៍ ៕