អង្គុយ​ជ្រក​ភ្លៀង​មុខ​ក្រុមហ៊ុន​យូរ​ពេក សន្តិសុខ​ទៅ​សួរ​ទើប​ដឹង​ថា​ស្លាប់

អង្គុយ​ជ្រក​ភ្លៀង​មុខ​ក្រុមហ៊ុន​យូរ​ពេក សន្តិសុខ​ទៅ​សួរ​ទើប​ដឹង​ថា​ស្លាប់



ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អង្គុយ​នៅ​លើ​កៅអី​មុខ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ស្ថិត​នៅ​ទល់មុខ​ផ្សារ​ឈូក ក្នុងភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ កក្កដា បន្ទាប់​ពី​បុរស​រូប​នេះ​ចូល​ទៅ​អង្គុយ​នៅ​លើ​កៅអី​មុខ​ក្រុមហ៊ុន​នោះ​ដើម្បី​ជ្រក​ភ្លៀង ។

តាម​ការ​អះអាង​ពី​ស្ត្រី​អ្នកលក់​ទូរស័ព្ទ​ថា បុរស​រូប​នោះ​បាន​ចូល​មក​ជ្រក​ភ្លៀង​ដោយ​អង្គុយ​លើ​កៅអី​មុខ​ក្រុមហ៊ុនទូរស័ព្ទ​រហូត​ដល់​ភ្លៀង​រាំង នៅ​មិន​ព្រម​ក្រោក​ទៅ​ណា​ទៀត ។ ដោយសារ​តែ​ឃើញ​បុរស​រូប​នោះ​អង្គុយ​យូរ​ពេក សន្តិសុខ​ក្រុមហ៊ុន​ក៏​ចេញ​មក​សួរនាំ​ទើប​ដឹង​ថា បុរស​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​បុរស​រូប​នោះ​ទេ ទោះបី​នគរបាល​គ្រប់​ប៉ុស្តិ៍​បាន​ផ្សព្វផ្សាយ​ស្វែងរក​ក្រុម​គ្រួសារ​ក៏​ដោយ​។ លុះដល់​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ដដែល ទើប​ឃើញ​សាច់ញាតិ​មក​ទទួល​សព​ពី​អធិការ​នគរបាល​ស្រុក​ឈូក​យក​ទៅ​ធ្វើបុណ្យ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក សិលា សំ​រិ​ទ្ធ​វិបុល អធិការ​នគរបាល​ស្រុក​ឈូក ថា បុរស​រង​គ្រោះ​ឈ្មោះ ចាន់ ឯម អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ខ្នាចរមាស ឃុំ​នារាយណ៍ ស្រុក​ឈូក ។ លោក​បញ្ជាក់​ថា បុរស​នេះ​មិនមែន​ជា​មនុស្ស​វិកលចរិត​អ្វី​នោះ​ទេ គឺ​ស្លាប់​ដោយសារ​ខ្យល់គរ​៕