ពេទ្យ​ថា​ឆ្លងទន្លេ​ខែសីហា បែរជា​សម្រាលកូន​តាម​ផ្លូវ

ពេទ្យ​ថា​ឆ្លងទន្លេ​ខែសីហា បែរជា​សម្រាលកូន​តាម​ផ្លូវ



ខេត្ត​រតនគីរី ៖ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​លើ​ចិញ្ចើម​ផ្លូវ ខណៈឈឺពោះ​ហើយ​បាន​ជិះម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ទៅ​មិនទាន់​ក៏​សម្រាលកូន​តែម្ដង នា​ថ្ងៃ​ទី​១៨ កក្កដា វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ទាក់ទិន​ក្នុង​រឿង​នេះ ត្រូវ​បាន​ស្ត្រី​ដែល​សម្រាលកូន​លើ​ចិញ្ចើមផ្លូវ​បាន​និយាយ​ថា គាត់​មានឈ្មោះ ឈុំ សំអាត អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​សាច់​គោ​អាំង នៅ​ទល់មុខ​សាខា​ពន្ធដា​ខេត្តរតនគិរី ។ ចំណែក​ប្តី​ឈ្មោះ លី ចំរើន អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​ទៀត​ថា គាត់​សម្រាលកូន​នេះ​ជា​កូន​ទី​៣ និង​ជា​កូនប្រុស​។ គាត់​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ឈឺពោះ​យ៉ាង​ខ្លាំង ហើយ​ប្តី​គាត់​អត់​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​ធ្វើ​កម្មករ​សំណង់ បាន​ពឹង​ប្អូនប្រុស​ឱ្យ​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ ឡើង​ជិះ​ម៉ូតូ​បាន​ប្រមាណ​តែ​៣ ទៅ​៤​ម៉ែត្រ គាត់​បាន​ឈឺពោះ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ប្រាប់​ប្អូនប្រុស​អោយ​ឈប់​ម៉ូតូ ។ គ្រាន់តែ​ទំ​លាក់ខ្លួន​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ ស្រាប់តែ​សម្រាលកូន​តែ​ម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​មក​ជួយ ដែល​ខ្លះ​យក​កន្ទេល​មក​ជួយ​បិទ​បាំង ។

ចំណែក​បុរស​ជា​ប្តី​បានដឹង រត់​ចេញពី​កន្លែងធ្វើការ មក​ជួយ​ប្រពន្ធ​ពេល​កំពុង​សម្រាលកូន​លើ​ចិញ្ចើម​ផ្លូវ​ដែល​គ្មាន​ឆ្មប និង​មន្ត្រី​ពេទ្យ​នោះ​ទេ ។ ខណៈ​អាសន្ន​បែប​នេះ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​មក​ដល់​ចំ​ពេល​សម្រាលកូន​ល្មម ក៏​ជួយ​សម្រាល​រួចរាល់ ក៏​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

លោក​វេជ្ជបណ្ឌិត ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ខាងលើ​ផុត​ពី​គ្រោះថ្នាក់​ហើយ ដោយ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​មើលថែ​រក្សា​ដោយ​មិន​គិត​កំរៃ​សេវា​អ្វី​នោះ​ទេ​។ លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ស្ត្រី​រូប​នោះ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្រោម​ការ​មើលថែ​ពី​គ្រូពេទ្យ ។ ស្ត្រី​ខាងលើ​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន ហើយ​ជា​កូនប្រុស​មាន​ទម្ងន់​២,៥​គីឡូក្រាម ។

សូម​បញ្ជាក់​ថា នៅ​កន្លែង​កើតហេតុ មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ុណ្ណោះ ។ ស្ត្រី​ខាងលើ​បាន​ត្អូញត្អែរ​ថា គាត់​មាន​ជីវភាព​ក្រីក្រ ប្តី​ធ្វើការ​កម្មករ​សំណង់ ខណៈ​ដែល​សម្រាលកូន​លើក​ទី​៣​នេះ គាត់​មាន​ប្រាក់​តែ​ជាង​១០​ម៉ឺន​រៀល​ទេ គាត់​ខ្វះ​ទាំង​លុយ​ទិញ​សម្ភារ​ដូច​ជា ទឹកដោះគោ ម្ហូបអាហារ​សម្រាប់​ហូប​ខ្លួនឯង​ក៏​គ្មាន​ដែរ ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា កាលពី​ពរ​ពោះ​បាន​៤​ខែ គាត់​បាន​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ និង​សម្ភព គិរី​រតនៈ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​អូរ​កន្សែង សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ម្តង​រួម​មក​ហើយ ពេទ្យ​បាន​ប្រាប់​ថា សុខភាព​ល្អ​ទាំង​ម្តាយ​និង​កូន ។ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ គាត់​បាន​ទៅ​ឲ្យ​មន្ទីរពេទ្យ​ខាងលើ​នេះ ពិនិត្យ​ម្តងទៀត ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​ជា​កូនប្រុស ហើយនឹង​សម្រាល​នៅ​ថ្ងៃ​២៦ សីហា ។ ស្ត្រី​រូប​នេះ​និយាយ​ថា ពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​នេះ​បាន​មើល​ខុស ទើប​គាត់​មានការ​ធ្វេសប្រហែស ទើប​បណ្តាល​ឱ្យ​សម្រាលកូន​នៅ​តាម​ផ្លូវ ខណៈ​ឈឺពោះ​ភ្លាម​ៗ ។

គួ​រំលឹក​ថា កាលពី​ថ្ងៃ​៦ កក្កដា កន្លង​ទៅ ស្ត្រី​ជនជាតិ​ទំ​ពូន​ម្នាក់ បាន​ឈឺពោះ​ឆ្លងទន្លេ​ពាក់កណ្ដាល​ផ្លូវ ក្នុងស្រុក​អូរ​ជុំ ខណៈ​ប្ដី​ឌុ​ប​តាម​ម៉ូតូ​មក​កាន់​មន្ទីរ​ពរ​ទ្យ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដឹង​ត​ៗ​គ្នា​ភ្លាម អ្នកដំណើរ​ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ដែរ ដូច​ជួយ​ឈឺឆ្អាល ។ នៅ​ពេល​នោះ​លោក​វេជ្ជបណ្ឌិត ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទទួល​ព័ត៌មាន​ភ្លាម បាន​បញ្ជា​ឲ្យ​បុគ្គលិក​ពេទ្យ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ដល់​កន្លែង​ម្តាយ​និង​កូន បាន​ទាន់​ពេលវេលា ពោល​គឺ​ម្តាយ​និង​កូន ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ដឹក​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​សុវត្ថិភាព និង​សម្រាក​ព្យាបាល បន្ទាប់​ពី​សម្រាលកូន​ហើយ​នោះ ។

ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឆ្លងទន្លេ​លើក​មុន​នោះ គឺ​កូន​ដំបូង និង​ជា​ទារិកា​ដែល​ម្តាយ​ឈ្មោះ ភា ផ​ន អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន និង​ប្តី​ឈ្មោះ ណាត ឈិ​ន អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អ៊ុ​ន ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ៕