ចាប់​ផ្តើម​​​ធ្វើចេតិយ​​តម្កល់សព​លោ​ក​​បណ្ឌិត ​កែម ឡី នៅស្រុក​កំណើត​

ខេត្តតាកែវ ៖ បន្ទាប់​ពី​​​ពិធី​​បុណ្យ​គម្រប់​​៧​​ថ្ងៃ​​រួច​មក ​នៅ​ឯ​​គេហដ្ឋាន​របស់​លោ​ក​ប​ណ្ទិ​ត កែម ឡី ​ស្ថិត​​​​ក្នុង​ភូមិ​អង្គ​តា​កុប ​ឃុំ​​លាយ​បូរ​ស្រុក​ត្រាំកក់​វិញ កាលពី​ព្រឹក​​ថ្ងែ​ទី​២០ កក្កដា ២០១៦ នេះ​ បាន​រៀបចំ​​​ធ្វើ​ចេតិយ​​តម្កល់​សព​​លោ​កប​ណ្ឌិត ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រូ​ហោរ៉ា​ចិន​​សែ​ ជា​អ្នក​គុណ​គូ​រ​មើល​​ពី​ទីតាំង​តម្កល់​សាកសព រួមទាំង​​មាន​ការ​ចូល​រួម​ពី​​បងប្អូន​សាច់ញាត្តិផងដែរ​ ។

លោក​​ភោ​ក សំបូរ ជា​បងជីដូនមួយ​របស់​លោ​កប​ណ្ឌិត​កែម ឡី ​ក៏​បាន​ឱ្យ​​ដឹងដែរ​ថា ​​ពេល​នេះ​​ក្នុង​បរិវេណ​ផ្ទះ​​យើង ​បាន​រៀបចំ​ល្អ​ស្អាត​​ទាំង​បុណ្យ​៧​ថ្ងែ​ក៏​​ធ្វើ​រួច​ហើយ​ ។ នៅ​ថ្ងែ​នេះ​ យើង​​រៀបចំ​​ធ្វើ​ចេ​តី​យ​​សម្រាប់​តម្កល់​សព​​លោ​កប​ណ្ទិ​ត ​ដែល​ជា​ការ​កំណត់​​ធ្វើ​ឱ្យ​​រួច​រាល់​​​នៅ​ថ្ងែ​ទី​២៣ កក្កដា ២០១៦ ព្រោះ​​សព​នឹង​ត្រូវ​​ដង្ហែ​មក​នៅ​ថ្ងែ​ទី២៤ កក្កដា ដើម្បី​យក​​មកតម្កល់ ។

​តែ​ពេលវេលា​នោះ ​យើង​មិន​ទាន់​កំណត់​បាន​ទេ គឺ​អាស្រ័យ​ទៅ​លើ​គ​ណៈ​​ក​ម្មា​ធិ​ការ​រៀបចំ​បុណ្យសព ។ ​ចំណែក​លោក ​គ្រាន់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅផ្ទះតែ​​ប៉ុណ្ណោះ​ ។ លោក​ភោ​ក សំបូរ​ បាន​បន្ត​ទៀត​ថា ​ការ​សាងសង់​ចេ​តី​យ​​​​នេះ​ មាន​ប្លង់​ត្រឹមត្រូវ​ តែ​ប្លង់​នោះ​នៅ​គេ​ជា​អ្នក​កាន់ ចំពោះ​ចេ​តី​យ​តម្កល់សព ​ធ្វើ​នៅ​ពី​ខាងត្បូង​ ឈៀង​ខាងកើត​​ផ្ទះ ​និយាយ​​ទៅ​ក្បាល​សព ​បែរ​​មក​ចំ​មាត់​ច្រកចូល​ផ្ទះ​នេះ ​ជា​ហុងស៊ុយ​ ដែល​ហោរ៉ា​​ពិនិត្យ​មើល​ ​ហើយ​ត្រពាំង​ទឹក​នៅ​ពី​ខាងត្បូង​ចេតិយ​នោះ គឺ​ហោឱ្យ​លុប​ចោល​។

លោក​​សង្ឃឹមថា​ នៅ​ពេល​ដែល​ដង្ហែ​សព​​លោ​កប​ណ្ឌិតកែម ឡី ម​ក​ដល់ ​នឹង​មាន​មនុស្ស​យ៉ាងច្រើន​​ចូលរួម​ ព្រោះ​នៅ​ទី​តម្កល់​សព​នៅ​ឯ​វត្ត​ចាស់​ ១០​ថ្ងៃ​មក​ហើយ ​នៅ​តែ​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​ មក​គោរព​វិ​ញ្ញាណក្ខន្ធ​ ​នេះ​​សបញ្ជាក់​ឱ្យ​​ឃើញ​ថា ​លោ​កបណ្ឌិត​​មាន​​ការ​ស្រលាញ់​គាត់​ច្រើន​​ណាស់ ។