អាមេរិក នៅតែ​ចង់ឃើញ​បក្សនយោបាយ​វិល​ត្រលប់​ទៅរក​«​វប្បធម៌​សន្ទនា​»​ឡើងវិញ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-20-2016, 11:27 am         527

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក នៅតែ​ចង់ឃើញ​បក្សនយោបាយ​វិល​ត្រលប់​ទៅរក​«​វប្បធម៌​សន្ទនា​»​ឡើងវិញ​លោក Tom Malinowski​បើទោះបីជា​វប្បធម៌​សន្ទនា​ដែល​បង្កើតឡើង​ដោយ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ហាក់ដូចជា​មិនសូវមាន​ចលនា​ក៏ដោយ អាមេរិក នៅតែ​អំពាវនាវ និង​ចង់​ឲ្យ​ភាគី​ទាំងពីរ វិល​ទៅរក​ការជជែក​គ្នា​ឡើងវិញ​ដើម្បី​ផលប្រយោជន៍​កម្ពុជា​។ តែ​ដើម្បី​ឲ្យ​យន្តការ​នេះ វិល​ត្រលប់​មកវិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ ត្រូវមាន​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​។

​ឧបការី​ក្រសួងការបរទេស​អាមេរិក​លោក Tom Malinowski នៅ​ថ្ងៃទី​១៩ ខែកក្កដា​ម្សិលមិញ បាន​ថ្លែងថា «​វា​គឺជា​រឿង​ដ៏​សំខាន់​ណាស់​សម្រាប់​ការវិល​ត្រលប់​ទៅរក​វប្បធម៌​សន្ទនា​។ វប្បធម៌​សន្ទនា ពិតជា​សំខាន់​ណាស់​សម្រាប់​កម្ពុជា និង​ជា​រឿង​ដែល​ល្អ​សម្រាប់​ការវិល​ត្រលប់​ទៅ​ការសន្ទនា​ឡើងវិញ​»​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​រវាង​លោក​ឧបការី និង​អ្នកកាសែត​ដែល​ស្ថិតនៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបការី Tom Malinowski មកកាន់​កម្ពុជា​ផងដែរ​។

​លោក Tom Malinowski បាន​សង្កត់ធ្ងន់ថា ភាគី​ទាំងពីរ មានការ​ទទួលខុសត្រូវ និង​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ដើម្បី​សម្របសម្រួល​គ្នា​ក្នុងការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក​។ លោក បន្ថែមថា ប្រទេស​នឹងមិន​អាច​ត្រលប់​ទៅរក​វប្បធម៌​សន្ទនា​ដូចដើម​បានឡើយ ប្រសិនបើ​ការ​ចោទ​ឬ​ដាក់​កំហុស និង​ការដាក់ទណ្ឌកម្ម​គ្នា នៅតែ​បន្ត​កើតឡើង​បែបនេះ​។

​នាឱកាស​នោះដែរ លោក​ឧបការី ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ដែរ​ថា អាមេរិក មិន​គាំទ្រ ឬ​ប្រឆាំង រាល់​ចលនានយោបាយ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ចេញពី​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ឡើយ​។ តែ​អ្វីដែល​អាមេរិក​គាំទ្រ មិន​ត្រឹមតែ​នៅ​កម្ពុជា តែ​គ្រប់​ទីកន្លែង​របស់​ពិភពលោក​នោះ​គឺ ដំណើរការ​មួយ​ដែល​ផ្តល់ឱកាស​ស្មើគ្នា ឲ្យ​គ្រប់គ្នា​ក្នុងការ​បញ្ចេញមតិ បង្កបង្កើន​ផលប្រយោជន៍ និង​ការប្រកួតប្រជែង​នយោបាយ​។ លោក​ចាត់ទុក​កត្តា​ទាំងនេះ ថា​ជា​កត្តា​សំខាន់​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​ជាមួយគ្នានេះ លោក ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ការចាប់ខ្លួន និង​ការកាត់ទោស សមាជិក​បក្សប្រឆាំង សម​ជិ​ក​សភា ក៏ដូចជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការរៀប​ចំការ​បោះឆ្នោត​ផងដែរ ។ លោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដោះលែង និង​ទម្លាប់​ការ​ចោទ​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​សេរីភាព​នៅ​កម្ពុជា ដែល​រួមបញ្ចូល​ទាំង​សកម្មជន​អាដហុក​ជាដើម​។

​ឧបការី​រូបនោះ ក៏​ចង់ឃើញ កម្ពុជា រក្សា​ដំណើរការ​ទៅមុខ​នៃ​ឯករាជ្យ និង​អ​ព្យា​ក្រិ​ត្យ​នៅតាម​ស្ថាប័ន​សំខាន់​ផងដែរ​។ ជាពិសេស​នោះ លោក បញ្ជាក់​ផងដែរ​ថា យោធា​កម្ពុជា ក៏​គួរតែ​រក្សា​អ​ព្យា​ក្រឹត្យ​លើ​កិច្ចការ​នយោបាយ​។ លោក ថា អាមេរិក ពិត​មាន​ទំនាក់ទំនង​សំខាន់ និង​អ​ព្យា​ក្រឹត្យ​ជាមួយនឹង​យោធា​កម្ពុជា​លើ​បញ្ហា​សន្តិសុខ​ជាដើម​។ តែ​លោក ក៏​ព្រួយបារម្ភ​ចំពោះ​ស្ថាប័ន​យោធា​ក្នុងករណី​ប្រសិនបើ​ស្ថាប័ន​នេះ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នយោបាយ ដែល​វា នឹង​ផ្តល់​ផល​លំបាក​សម្រាប់​អាមេរិក​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​កា​របរ​ទេស​របស់ខ្លួន​ជាមួយនឹង​កងកម្លាំង​ក​ម្ពុ​ជា​ដើម្បី​រក្សា​ផលប្រយោជន៍​អ​ព្យា​ក្រឹត្យ​នោះ​។

​បន្ថែម​ពីនេះ លោក ក៏បាន​លើក​ពី​ការជជែក​ពី​បញ្ហា​នៃ​ការសម្លាប់​លោក​បណ្ឌិត​កែម ឡី ដោយ លោក អះ​អា​ងា​ថា អាមេរិក ចង់​ឲ្យ​មានការ​កា​រសើប​អង្កេត​មួយ​ដែល​អាច​ទុកចិត្តបាន​។ ហើយ​លោក ថា អាមេរិក ពិតជា​ស្វាគមន៍​ចំពោះ​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល និង​ការទទូច​ឲ្យ​មានកា​រសើប​អង្កេត​លើ​ករណីនេះ​ដើម្បី​ស្វែងរក​អ្នក​នៅ​ពី​ក្រោយខ្នង​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា លោក Tom Malinowski គឺជា​ឧបការី​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ​។ លោក បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៨​ដល់ទី​១៩ ខែកក្កដា ក្នុង​គោលបំណង​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​៕