សង្ឃឹមថាធ្លាក់ក្នុងល្បិច មាន​អី!

​រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​​៤​នាក់ ​ត្រូវ​កម្លាំង​ប៉ូលិស​​ប៉ុស្តិ៍​​ត្រពាំង​ក្រសាំង​ចាប់​​ខ្លួន កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ ​កក្កដា ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​ទម្លាក់យោង​ល្បួង​​ដោះ​​គ្រឿងអលង្កា​រ​ពី​កម្មការិនី​​ម្នាក់ ពេល​នាង​​​ដើរទៅ​ធ្វើការត្រង់​ចំ​ណុ​ច​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​មាន​គ្នា​៤​នាក់​ ក្នុង​នោះ​ មាន​ប្រុស​-​ស្រី ហើយ​ប៉ូលិស​ឃាត់ខ្លួនម្នាក់​ឈ្មោះជុំ ប្រុស ហៅខ្មៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​និង​មានស្រុក​កំណើតនៅ​ក្នុងភូមិ​ត្រពាំង​កូវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​ ​និង​​ដកហូត​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកហុងដា​ឌ្រី​មសេ​១២៥ ស៑េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខភ្នំពេញ 1AY-4461 ។ ដោយឡែក​ កម្មការិនី​រង​គ្រោះឈ្មោះផាត់ វ​ណ្ណី  អាយុ​២១​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង មានស្រុក​កំណើត​​នៅខេត្តព្រៃវែង ។ បាត់បង់​​ក្រវិល​មាស​១​ជី, លុយ​ខ្មែរ៧ម៉ឺន​រៀល, ទូរស័ព្ទ​​ចុច​ពិល​១​គ្រឿង និង​នំ​បុ័ង​សាច់​១​​កំណាត់​ ដែល​នាង​ទិញ​សម្រាប់​ហូប ​ក៏​​ជន​នោះ​យក​ដែរ ។

​នៅ​មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​​​ដើរ​ចេញពីផ្ទះ​ជួល ឆ្ពោះទៅ​ធ្វើ​រោងចក្រ​កាត់ដេរ​ សា​ប្រ៑ី​ណា ។ លុះ​ដល់​ត្រង់​ចំណុច​ទីតាំង​​ក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ស្រាប់តែជនសង្ស័យ​ខាងលើ​ដើរទៅ​សួរ​នាង​ថា ​មាន​រើស​បាន​កាបូប​លុយ​១​ដែរ​ទេ មាន​គេ​ជ្រុះ​​បាត់ ហើយ​នៅ​ក្នុង​កាបូប​នោះ រាប់​ពាន់​ដុល្លារ​ឯណោះ​ ។ ខណៈនោះ​ នាង​​ឆ្លើយថា​ ​អត់​ដឹង​ទេ ​។ បន្តិច​ក្រោយមក​ ក៏​មាន​នារី​២​នាក់ និង​បុរស​ម្នាក់​ទៀតទៅ​ដល់ ​និង​បាន​ហា​ម​​មិនឱ្យ​និយាយ​ប្រាប់​គេ​ ​ព្រម​ទាំង​​អះអាង​ថា ពួក​គេ​ជា​អ្នក​រើស​បាន​ចាំតែ​​ចែក​លុយ​ទេ ។

ប្រភព​ដដែល​​បន្ត​ថា ជន​ទាំងនោះ​​បាន​ប្រាប់​​ថា ត្រូវ​ចែ​ក​គ្នា​បាន​១៥០០​ដុល្លារ​​ម្នាក់ ហើយ​ពេល​នោះ មិន​ទាន់​បាន​ចែក​លុយ​គ្នា​​ផង ក្រុម​ជន​ដ​ង្ស័​យ​ទាំងនោះ​ បាន​លួងលោម​ឱ្យ​​ដោះ​យក​ក្រវិល​មាស​ និង​លូក​ហោប៉ៅ​នាង​យក​លុយ​៧ម៉ឺន​រៀល ទូរស័ព្ទ​១​មួយ​គ្រឿង និង​នំ​បុ័ង​សាច់​១​កំណាត់ ​ដែល​នាង​ទិញ​សម្រាប់​ហូប​ក៏​ជន​នោះ​យក​ដែរ ​។

​​​ភ្លាម​ៗ​នោះ​ នាង​ហាក់​មាន​អារ​ម្ម​ណ៍​ថា ​ត្រូវ​ចាញ់បោក​ហើយ​ ក៏​បាន​ទាមទារ​យក​របស់​មក​វិញ​ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ឡើយ និង​​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​នាង​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឱ្យ​​មានការ​រ​ផ្អើល​ដល់​ប៉ូលិស ​និង​ប្រជាពលរដ្ឋ នាំ​គ្នា​ដេញ​តាម រហូត​ដល់ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ទើប​ចាប់​បាន​​ ។